
លោកនាយករដ្ឋមន្ត្រី Denis Shmygal។ Twitter
សេវាសន្តិសុខនៃអ៊ុយក្រែន (SBU) បានជូនដំណឹងដល់សាធារណជនអំពីការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលមានតម្លៃជាង ១ ពាន់លាន រីវនៀ (hryvnia) (ប្រហែល ២៧ លានដុល្លារ) ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនវាយនភណ្ឌនៅ Chernigov ដែលត្រូវបានគេសង្ស័យថា ជាកម្មសិទ្ធិរបស់សហគ្រិនរុស្ស៊ី។
សេវាសន្តិសុខ បាននិយាយនៅលើ Telegram ថា៖ «ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនវាយនភណ្ឌដែលមានមូលដ្ឋាននៅ Chernigov ដែលមានទំនាក់ទំនងជាមួយអាជីវកម្មរុស្ស៊ីត្រូវបានប្រគល់ទៅឱ្យទីភ្នាក់ងារជាតិនៃអ៊ុយក្រែនសម្រាប់ការស្វែងរក តាមដាន និងការគ្រប់គ្រងទ្រព្យសម្បត្តិដែលបានមកពីអំពើពុករលួយ និងឧក្រិដ្ឋកម្មផ្សេង ទៀត [Asset Recovery and Management Agency ឬ ARMA]។ ការសម្រេចនេះ អនុវត្តចំពោះទ្រព្យ សម្បត្តិអចលនទ្រព្យទាំងអស់របស់ក្រុមហ៊ុន និងសិទ្ធិសាជីវកម្ម។ តម្លៃទូទៅនៃអចលនទ្រព្យដែលត្រូវរឹបអូសសម្រាប់ប្រយោជន៍របស់រដ្ឋលើសពី ១ប៊ីលានរីវនៀ»។
ក្រុមអ្នកស៊ើបអង្កេត បានអះអាងថា អ្នកជំនួញរុស្ស៊ីម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុនមួយក្រុមដែលផលិតឯកសណ្ឋានយោធា និងគ្រាប់រំសេវសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី គឺជាអ្នកទទួលផលចុងក្រោយនៃសហ គ្រាសនេះ។ សំណុំរឿងព្រហ្មទណ្ឌមួយ ត្រូវបានរៀបចំប្រឆាំងនឹងគាត់។
ឈ្មោះក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុន មិនត្រូវបានគេបញ្ចេញឱ្យដឹងនោះទេ។ ទោះជាយ៉ាងណាក៏ដោយគេហទំព័រ Ekonomicheskaya Pravda របស់ប្រទេសអ៊ុយក្រែន បានកំណត់អត្តសញ្ញាណពាណិជ្ជករថា ជា Anton Gromov ហើយក្រុមហ៊ុននោះ ជា Cheksil។
កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខាលើច្បាប់ស្តីពីគោលការណ៍សម្រាប់ការរឹបអូសដោយបង្ខំនូវកម្មវត្ថុនៃសិទ្ធិទ្រព្យសម្បត្តិរបស់សហព័ន្ធរុស្ស៊ី និងអ្នករស់នៅរបស់ខ្លួននៅលើទឹកដីនៃអ៊ុយក្រែន។ ច្បាប់នោះ អនុញ្ញាតឱ្យមានលទ្ធភាព ធ្វើជាតូបនីយកម្មនៃទ្រព្យសម្បតិ្តដែលអាចធ្វើទៅបានដោយផ្អែកលើភាពចាំបាច់របស់ សង្គមដោយមិនមានសំណងណាមួយឡើយ។ ការសម្រេចចិត្តលើការរឹបអូសទ្រព្យសម្បត្តិដោយបង្ខំគឺធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ហើយត្រូវបានអនុម័តដោយប្រធានាធិបតី។
នៅក្នុងខែមេសា ឆ្នាំ ២០២២ សភា Verkhovna Rada (សភាអ៊ុយក្រែន) បានអនុម័តច្បាប់មួយ ដែលសម្រួលដល់នីតិវិធីសម្រាប់ការរឹបអូសទ្រព្យសម្បត្តិរបស់ពលរដ្ឋរុស្ស៊ីដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មនៅអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រី Denis Shmygal បាននិយាយនៅពេលនោះថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីទាំង អស់ នឹងត្រូវបានធ្វើជាតូបនីយកម្មនៅអ៊ុយក្រែន៕