
លោកមេធាវី Nawaf Al-Yassin។ Twitter
តុលាការធម្មនុញ្ញរបស់ប្រទេសកូវ៉ែត បានសម្រេចថា ការបោះឆ្នោតសភាកាលពីខែកញ្ញាឆ្នាំមុនដែលគណបក្សប្រឆាំងទទួលបានអាសនៈច្រើនជាងនោះត្រូវបានចាត់ទុកជាមោឃៈ។ មិនត្រឹមតែប៉ុណ្ណោះ តុលាការនេះ ក៏បានប្រកាសសម្រេចឱ្យសភាដែលត្រូវបានបង្កើតឡើងកាលពីអាណត្តិមុនអាចត្រឡប់មកកាន់អំណាចឡើងវិញផងដែរ។
ការសម្រេចរបស់តុលាការកូវ៉ែតកាលពីថ្ងៃអាទិត្យ បានធ្វើឡើងចំពេលដែលជម្លោះកើតឡើងសាជាថ្មីរវាងសភានិងរដ្ឋាភិបាលជាប់ឆ្នោត។ ការសម្រេចនេះក៏បានធ្វើឡើងបន្ទាប់ពីបានតែងតាំងនាយករដ្ឋមន្រ្តីសាជាថ្មីម្ដងទៀតកាលពីដើមខែមីនានេះដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីបានរំសាយខ្លួនកាលពីខែមករាដើមឆ្នាំដោយសារតែត្រូវប្រឈមមុខជាមួយសភាកូវ៉ែត។
កាលពីខែកញ្ញា ឆ្នាំ ២០២២ ព្រះអង្គម្ចាស់នៃប្រទេសកូវ៉ែត បានធ្វើការរំលាយសភាអាណត្តិមុនចោល និងបានរៀបចំឱ្យមានការបោះឆ្នោតមុនកាលកំណត់ ក្នុងគោលបំណងដើម្បីបញ្ចប់ជម្លោះនយោបាយក្នុងផ្ទៃក្នុងដែលអូសបន្លាយពេលយ៉ាងយូរ និងដែលបានរារាំងដល់កំណែទម្រង់សារពើពន្ធប្រចាំឆ្នាំទៀតផង។
ជាលទ្ធផល គណបក្សប្រឆាំងទទួលបានកៅអីចំនួន២៨ក្នុងចំណោម៥០អាសនៈដែលចំនួននេះបានផ្តល់ឱ្យពួកគេនូវសំឡេងភាគច្រើននៅក្នុងសភា។ ការបោះឆ្នោតនេះ ក៏បានបង្ហាញពីជ័យជម្នះ របស់បណ្ដាឥស្សរជននយោបាយមកពីគណបក្សប្រឆាំងដែលភាគច្រើនតែងតែព្យាយាមស្ថិតនៅក្រៅឆាកនយោបាយអស់ជាច្រើនឆ្នាំកន្លងមកនេះព្រោះពួកគេបានចោទប្រកាន់ថា ពួកគេតែងទទួលបានការធ្វើទុក្ខបុកម្មេញពីសំណាក់អាជ្ញាធរកាន់អំណាច។
យ៉ាងណាក៏ដោយចៅក្រមម្នាក់ឈ្មោះថា លោក Mohammad bin Naji បានលើកឡើងកាលពីថ្ងៃអាទិត្យថា៖«តុលាការបានប្រកាសរំលាយសភាជាមោឃៈហើយបានលុបចោលលទ្ធផលបោះឆ្នោតមុនកាលកំណត់ដែលបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២២»។លោកបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងអង្គប្រជុំតុលាការថា«សិទ្ធិអំណាចរបស់សភាកាលពីអាណត្តិមុននឹងត្រូវបានផ្ដល់ជូនឡើងវិញគិតត្រឹមថ្ងៃនៃសេចក្ដីសម្រេចរបស់តុលាការនេះ»។
មេធាវីកូវ៉ែតម្នាក់ទៀតឈ្មោះថា Nawaf Al-Yassin បានថ្លែងថា«សេចក្តីសម្រេចនេះធ្វើឡើងទៅតាមបណ្តឹងឧទ្ធរណ៍ដែលពាក់ព័ន្ធនឹងការបោះឆ្នោតជាច្រើន»។លោកបានប្រាប់ទៅកាន់ទីភ្នាក់ងារ ព័ត៌មានAFP ថា«បណ្តឹងឧទ្ធរណ៍ទាំងអស់នោះ ភាគច្រើនលើកឡើងអំពីអសុពលភាពនៃដំណើរការបោះឆ្នោតនិងក្រឹត្យដែលបានដាក់ចេញអនុញ្ញាតឱ្យរៀបចំការបោះឆ្នោតរួមទាំងក្រឹត្យដែលបានដាក់ចេញដើម្បីរំលាយរដ្ឋសភាអាណត្តិមុន»។
ប្រទេសកូវ៉ែតដែលជាប្រទេសផលិតនិងនាំចេញប្រេងនៅក្នុងប្លុកអង្គការអូប៉ិក (OPEC)មួយនេះ ក៏ធ្លាប់មានប្រវត្តិរំលាយគណបក្សនយោបាយផងដែរប៉ុន្តែប្រទេសនេះហាក់បានផ្តល់ឱ្យស្ថាប័ននីតិប្បញ្ញត្តិរបស់ខ្លួនមានឥទ្ធិពលជាងស្ថាប័នដទៃទៀត បើធៀបទៅនឹងប្រទេសរាជាធិបតេយ្យផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រ។
គួរដឹងដែរថា ជម្លោះនយោបាយនៅក្នុងប្រទេសកូវ៉ែតបានកើតមានឡើងជាញឹកញាប់និងបាននាំឱ្យមានការរុះរើគណៈរដ្ឋមន្ត្រីនិងការរំលាយសភាដូច្នេះវាគឺជាឧបសគ្គមួយរារាំងដល់ការវិនិយោគនិងកំណែទម្រង់ផ្សេងៗ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើប្រាក់ចំណូលជាតិដែលបានមកពីការលក់ប្រេង។
សមាជិកសភា ១ រូបមកពីសភាដែលត្រូវបានរំលាយលោកAbdullah Al-Turaiji បានសម្ដែងការយល់ស្របចំពោះចំណាត់ការនេះ ដោយលោកយល់ឃើញថា នេះជាការកែកំហុសរបស់រដ្ឋាភិបាលក្នុងការប្រាស្រ័យទាក់ទងជាមួយសភា។យ៉ាងណាក៏ដោយ គេមិនភ្លេចនោះទេថាស្ថិរភាពនយោបាយនៅប្រទេសកូវ៉ែត គឺត្រូវពឹងផ្អែកទាំងស្រុងទៅលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសភា។
គួរកត់សម្គាល់ថា ខណៈដែលការដឹកនាំរបស់ប្រទេសកូវ៉ែតបានឆ្លើយតបទៅនឹងការទាមទាររបស់គណបក្សប្រឆាំងមួយចំនួនក្ដីដូចជាការលើកលែងទោសដល់អ្នកទោសនយោបាយប្រឆាំងប៉ុន្តែសំណើកំណែទម្រង់សំខាន់ៗដូចជាច្បាប់បំណុលសាធារណៈនៅតែបន្តប្រឈមមុខនឹងការជាប់គាំងអនុម័តមិនចេញនៅឡើយ៕