
លោកស្រីប្រធានាធិបតីតៃវ៉ាន់ សៃ អុីងវិន។ AFP
ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ បានថ្កោលទោសដំណើរទស្សនកិច្ចរបស់សមាជិកសភាអង់គ្លេសទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថា ពួកគេនៅតែទទូចចង់ទៅតៃវ៉ាន់ ទោះបីជាទីក្រុងប៉េកាំងប្រឆាំងដាច់អហង្ការយ៉ាងណាក៏ដោយ។
ការថ្កោលទោសនេះ ធ្វើឡើងមុនសមាជិកសភាអង់គ្លេសចំនួន ៦រូបពីក្រុមសភាគ្រប់ភាគីទទួលបន្ទុកកិច្ចការអង់ គ្លេស-តៃវ៉ាន់ (APPGs) ធ្វើទស្សនកិច្ចទៅទីក្រុងតៃប៉ិនៅថ្ងៃចន្ទនេះ ដោយនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវិន។
សេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ បានលើកឡើងថា សមាជិកសភាអង់គ្លេសបានទទូចចង់ធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិន ដែលនេះ គឺជាការជ្រៀតជ្រែកទាំងស្រុងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសញ្ញាខុសធ្ងន់ធ្ងរទៅកាន់កងកម្លាំងផ្តាច់ខ្លួន ដើម្បីឯករាជ្យរបស់តៃវ៉ាន់។
ស្ថានទូតថ្លែងបន្តយ៉ាងដូច្នេះថា៖ «យើងចង់ប្រាប់អ្នកនយោបាយអង់គ្លេសដែលពាក់ព័ន្ធថា ទង្វើណាមួយដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន នឹងត្រូវប្រឈមមុខជាមួយចិនយ៉ាងខ្លាំងក្លា»។ យ៉ាងណាមិញ ស្ថានទូតមិន បានបញ្ជាក់លម្អិតថាការប្រឈមមុខនោះជាអ្វីនោះទេ។
គួររំឭកថា ចិនតែងតែថ្កោលទោសចំពោះការធ្វើដំណើរទស្សនកិច្ចរបស់មន្រ្តីលោកខាងលិច ទៅកាន់កោះតៃវ៉ាន់ ដោយហេតុថាវាជាសញ្ញាគាំទ្រឯករាជ្យភាពរបស់កោះស្វ័យគ្រប់គ្រងមួយនេះ។
ចិនទទូចចាត់ទុកថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ដើម្បីសង្កត់លើការទាមទារនេះ។ យ៉ាងណាមិញ រដ្ឋាភិបាលតៃវ៉ាន់ច្រានចោលការទាមទារ ដោយសម្អាងថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចអនាគតរបស់ពួកគេ៕