អាជ្ញាធរ​អេក្វាទ័រ ​និង​ប៉េរូ​ កាលពីថ្ងៃ​អាទិត្យ​ម៉ោងនៅ​ប្រទេស​ទាំង ២​ បាន​ធ្វើការ​រួបរួម​គ្នា​ដើម្បី​វាយ​តម្លៃ​រាល់ការ​ខូចខាត​ក្រោយការ​រញ្ជួយ​ដីកម្រិត​ ៦,៨ រុិចទ័រ​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ១៥ ​នាក់ ​និង​រាប់​រយនាក់​ផ្សេងទៀត​រងរបួស​។​

គ្រោះ​រញ្ជួយ​ដីក​ម្រិត ៦,៨ រុិចទ័​រវាយ​ប្រហារ​តាម​បណ្តា​ខេត្ត​នៃ​ឆ្នេរ​សមុទ្រ ​Guayas និងក្នុង​ទីក្រុង​មួយ​ចំនួន​ទៀត​នៅ​ព្រំដែន​ភាគខាងជើង​ប្រទេស​ប៉េរូ​នៅពា​ក់កណ្តាល​អាធ្រត្រ​ ថ្ងៃសៅរ៏​បណ្តាល​ឱ្យ​មនុស្ស​ ១៥ នាក់ ​បាន​បាត់​បង់​​ជីវិត​ និង​មនុស្ស​ជាមួយ​ ៤៤០ ​នាក់ទៀត​ បាន​រងរបួស​។

យោងតាម​លេខាធិការដ្ឋាន​គ្រប់គ្រង​ហានិភ័យ​បាន​ឱ្យ​ដឹងថា​ ក្រុម​អ្នក​ជួយសង្គ្រោះ​រាប់រយ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់កោះ​ Puna​ ដែលជា​ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយដី​ ដើម្បីថ្លឹង​ថ្លែង​ការ​ខូចខាត​ និង​ផ្តល់​ជំនួយ​មនុស្ស​ធម៍​សម្រាប់​ប្រជាជន​ដែល​រងគ្រោះ។ ​ក្នុងនោះ​ ក្រុមហ៊ុន​ប្រេង​នៅ​ជាយ​សមុទ្រ​ត្រូវ​បាន​ផ្អាក​ដំណើរការ​ផ្ទះ​ចំនួន ​៤៨ ខ្នង​ ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ មណ្ឌល​សុខភាព ​គ្រឹះស្ថាន​អប់រំ ​និង​ផ្ទះ ​១៨០ ​ខ្នង​ទៀត ​ទទួល​រងផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។​

លោក​ប្រធានា​ធិបតី​អេក្វា​ទ័រ​ ​Guillermo lasso ​បាន​បង្ហោះសារ​ធ្វីធើរ​មួយ​កាល​ពីថ្ងៃ​អាទិត្យ​ដោយ​លើកឡើងថា៖«យើង នឹង​បន្តធ្វើការ​ជួយសង្គ្រោះ​នា​ចុង​សប្តាហ៏នេះ​ ហើយ​យើង​ស្នើសុំ​គ្រប់​ក្រសួង​ទាំងអស់ ​រួមទាំង​ក្រសួង​ធនធាន​ហិរញ្ញវត្ថុ​ ចូល​រួម​ជា​បន្ទាន់​ក្នុង​គ្រា​អាសន្ននេះ​។ ​រួមជា​មួយគ្នាដែរ ​សម្តេច​ប៉ាប ​ហ្រ្វង់ស៊ីស​ ប្រទេស​ស៊ីលី​ និង​គុយបា ​ក៏​បាន​ ផ្ញើ សារ​រំលែក​ទុក្ខ​ទៅ​ដល់​គ្រួសារ​ទាំង​អសស់​ ដែល​បាន​បាត់បង់​សមាជិក​នៅក្នុង​គ្រោះ​រញ្ជួយដី​។​

គួរបញ្ជាក់​ឱ្យ​ ដឹងផង​ដែរថា ​ប្រទេស​ប៉េរូ​ និង​អេក្វាទ័រ​ ស្ថិតនៅ​ត្រង់​ផ្នែក​មួយ​នៃ ​Pacific Ring of Fire ដែលជា​តំបន់ដ៏​ធំ​ដែល​ព័ទ្ធជុំវិញ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​៕