
លោករដ្ឋមន្ត្រីការបរទេស Hossein Amir Abdoulahian ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី ១៩ មីនា។ AFP
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកឡើងថា «រដ្ឋាភិបាលអ៊ីរ៉ង់បានស្នើទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនូវទីតាំងចំនួន ៣ កន្លែងសម្រាប់រៀបចំកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីការបរទេសមួយ»។ នេះបើយោងតាមសារចុងក្រោយបង្អស់ដែលលោកបានលើកឡើងជាមួយរដ្ឋាភិបាលទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីតចាប់តាំងពីប្រទេសទាំង ២ បានយល់ព្រមស្ដារទំនាក់ទំនងគ្នាឡើងវិញ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian នៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៣ បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ (Tehran) ឱ្យ ដឹងថា ប្រទេសអ៊ីរ៉ង់ បានយល់ព្រមចំពោះជំនួបប្រជុំមួយនេះប៉ុន្តែរដ្ឋមន្ត្រីរូបនេះ មិនបានប្រាប់ឱ្យបានដឹងអំពីទីតាំងទាំង ៣ ឬថាតើកិច្ចប្រជុំនេះអាចនឹងប្រព្រឹត្តទៅនៅពេលណានោះទេ។
ដោយឡែកជំនួយការរបស់ប្រធានាធិបតីអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានលើកឡើងថា នៅក្នុងលិខិតសម្ដែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងកាលពីថ្ងៃទី ១០ ខែមីនា ស្តេចអារ៉ាប៊ី សាអ៊ូឌីតព្រះអង្គម្ចាស់ Salman bin Abdulaziz បានអញ្ជើញលោករ៉ៃស៊ី ឱ្យធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ។ គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀងនោះធ្វើឡើងដើម្បីស្តារទំនាក់ទំនងឡើងវិញក្នុងរយៈពេល ២ ខែ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំង ២ ត្រូវបានកាត់ផ្ដាច់អស់ ជាច្រើនឆ្នាំមកនេះ។
លោក Mohammad Jamshidi អនុប្រធានការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ បានបង្ហោះសារនៅលើបណ្ដាញ Twitter ដោយមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ថា «លោកប្រធានាធិបតី រ៉ៃស៊ី បានស្វាគមន៍ចំពោះការអញ្ជើញមួយនេះ»។ យ៉ាងណាមិញ ការិយាល័យទំនាក់ទំនងរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត មិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើ សុំការអត្ថាធិប្បាយបន្ថែមទេ។ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏មិនទាន់បានរាយការណ៍អំពីលិខិតអញ្ជើញនោះដែរ។
កិច្ចព្រមព្រៀងរវាងប្រទេសមហាអំណាចមូស្លីមនិកាយស៊ុននី និងនិកាយស៊ីអ៊ីតដែលមានការសម្របសម្រួលដោយ ប្រទេសចិនត្រូវបានប្រកាសជាសាធារណៈបន្ទាប់ពីកិច្ចចរចាបិទទ្វារត្រូវបានប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉េកាំងអស់រយៈពេល ៤ ថ្ងៃ រវាងមន្ត្រីសន្តិសុខកំពូលមកពីមហាអំណាចមជ្ឈិមបូព៌ាទាំង ២ ប្រទេសដែលជាគូប្រជែងនឹងគ្នា។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានបញ្ជាក់បន្ថែមផងដែរថា ទីក្រុងតេអេរ៉ង់ បាន ត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំបើកស្ថានទូតឡើងវិញ។គួររំឭកថា អារ៉ាប៊ីសាអ៊ូឌីតបានកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់កាលពីឆ្នាំ ២០១៦ ដោយសារតែស្ថានទូតរបស់ខ្លួននៅទីក្រុងតេអេរ៉ង់ ត្រូវបានឈ្លានពានអំឡុងពេលមានជម្លោះរវាងប្រទេសទាំង ២ ជុំវិញការប្រហារជីវិតបព្វជិតមូស្លីមនិកាយស៊ីអ៊ីតម្នាក់នៅទីក្រុងរីយ៉ាដ។
រដ្ឋមន្ត្រីរូបនេះដដែល បានរំលេចថាអ៊ីរ៉ង់ក៏សង្ឃឹមផងដែរថា ដំណើរឆ្ពោះទៅមុខប្រកបដោយភាពវិជ្ជមានក្នុងការភ្ជាប់ទំនាក់ទំនងការទូតនេះក៏នឹងអាចកើតមានឡើងជាមួយប្រទេសបារ៉ែនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក៏ជាប្រទេសដែលបានកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ផ្អែកតាមការសម្រេចរបស់រដ្ឋាភិបាលទីក្រុងរីយ៉ាដកាលពីឆ្នាំ ២០១៦។
ប្រទេសបារ៉ែនដែលជាប្រទេសដឹកនាំដោយរបបរាជាធិបតេយ្យ ត្រូវបានគ្រប់គ្រងដោយក្រុមមូស្លីមនិកាយស៊ុននីដែលមានប្រជាជនភាគច្រើនជានិកាយស៊ីអ៊ីត។ ប្រទេសនេះធ្លាប់បានចោទប្រកាន់អ៊ីរ៉ង់ម្តងហើយម្តងទៀតថាអ៊ីរ៉ង់បានបង្កភាពចលាចលនៅក្នុងរដ្ឋរបស់ខ្លួនប៉ុន្តែទីក្រុងតេអេរ៉ង់តែងតែបដិសេធចំពោះការចោទប្រកាន់មួយនេះទាំងស្រុង។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងបាន សម្រេចកាលពី ២ ខែមុន ក្នុងការអញ្ជើញគណៈប្រតិភូបច្ចេកទេសរបស់អ៊ីរ៉ង់និងបារ៉ែនបំពេញទស្សនកិច្ចនៅស្ថានទូតនៃប្រទេសទាំង ២ ទៅវិញទៅមក។ យើងសង្ឃឹមថា ឧបសគ្គមួយចំនួនរវាងអ៊ីរ៉ង់ និងបារ៉ែននឹង ត្រូវបានលុបចោលហើយយើងនឹងចាត់វិធានការជាមូលដ្ឋានដើម្បីបើកស្ថានទូតឡើងវិញ»។
ប៉ុន្តែការិយាល័យទំនាក់ទំនងរដ្ឋាភិបាលរបស់ប្រទេសបារ៉ែនមិនបានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ក្រុមអ្នកសារព័ត៌មាន Reuters នោះទេ។ យ៉ាងណាក៏ដោយ ប្រទេសបារ៉ែន ក៏ដូចជាបណ្ដារដ្ឋផ្សេងៗទៀតដែលស្ថិតនៅតាមឈូងសមុទ្រអារ៉ាប់បានសម្ដែងការស្វាគមន៍គាំទ្រ ចំពោះកិច្ចព្រមព្រៀងស្ដារទំនាក់ទំនងឡើងវិញរវាងទីក្រុងរីយ៉ាដ និងទីក្រុងតេអេរ៉ង់៕