ថ្ងៃទី ២០​ ខែមីនា ​ឆ្នាំ ២០២៣ ​វិមាន​ក្រឹមឡាំង​ បាន​ឱ្យដឹងថា ​ប្រធានាធិបតី​ វ្ល៉ាឌីមៀរ​ ពូទីន នឹង​ផ្ដល់ជូន​ប្រធានា​ធិបតី​ចិន​លោក ​ស៊ី ជីនភីង ​នូវការ​បំភ្លឺ​លម្អិត​អំពីគោល​ជំហរ​របស់​ប្រទេស​រុស្ស៊ី​ ជុំវិញ​បញ្ហាជ​ម្លោះ​នៅ​អ៊ុយក្រែន​ ក្នុង​អំឡុង​ពេលទស្សន​កិច្ចផ្លូវ​រដ្ឋ​របស់​លោក ស៊ី​ ទៅ​កាន់​ប្រទេស​រុស្ស៊ី។​

ក្នុង​អំឡុងពេល​នៃ​ការហៅ​ទូរស័ព្ទ​ជជែក​ជា​មួយ​អ្នកសារ​ព័ត៌មាន ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ​លោក ឌីមីទ្រី ប៉េស្កូវ ​(Dmitry Peskov)​បាន​លើកឡើងថា​ ៖ «មេដឹកនាំ​ទាំង២​នឹង​ពិភាក្សា​អំពី​ប្រធាន​បទ​ស្ដី​អំពី​ផែនកា​រសន្តិភាព​សម្រាប់​អ៊ុយក្រែន ​ដែល​បានដាក់​ស្នើឡើង​ដោយ​ទីក្រុងប៉េកាំង​កាលពី​ខែមុន​»។

​​

លោក ប៉េស្កូវ​ បាន​បន្ថែមថា៖ «រវាង​លោក ​ពូទីន​ និង​លោក​ ស៊ី ​បើទោះ​បីជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ ប្រធាន បទ​ដែល​បានរ​កឃើញ​នៅក្នុង​ផែនការនេះ​ នឹង​មិនត្រូវ​បានចៀស​ រួចនោះ​ឡើយ​ក្នុងការ​លើក​យកមក​ពិភាក្សា​ក្នុងអំឡុង​ពេលនៃ​ការផ្លាស់​ប្តូរទស្សនៈ​គ្នាទៅវិញ​ទៅមកស្តី​ពី​បញ្ហា​នៅ​អ៊ុ​យ​ក្រែន»​។​

អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង​រូបនេះ​បាន​បន្តថា​៖​«ជា​ការ​ពិតណាស់​ ការ​បកស្រាយ​បំភ្លឺ​អំពីគោល​ជំហរ​របស់​រុស្ស៊ីនឹង​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រធានា​ធិបតីលោក ​ពូទីន ​ដើម្បី​ឱ្យ​ប្រធានាធិបតី​ ស៊ី​អាចយល់​បានអំពី​ទិដ្ឋភាព​ទូទៅ​ដោយ​ផ្ទាល់​នៃ​ស្ថានភាព​បច្ចុប្បន្ន​ពី​ភាគី​រុស្ស៊ី»។​​

យ៉ាងណាក៏ដោយ ​ផែនការ​ទាំង ​១២ ​ចំណុច​របស់​ចិន​ដែល​បាន​ស្នើឡើង​ឱ្យមាន​ការ​សន្ទនា​រវាង​ភាគីទាំង​២ មិន​មាន​ការ​ផ្ដល់​ជូន​នូវ​ដំណោះ​ស្រាយ​ណា​មួយ​ជាក់លាក់​ក្នុង​ការ​បង្ហាញផ្លូវ​ទៅ​រក​ការ​បញ្ចប់​សង្រ្គាមនោះទេ។​ គួរ​ដឹងដែរថា​ ឥឡូវនេះ ​សង្គ្រាម​រវាងរុស្សី​និង​អ៊ុយក្រែន​ បាន​អូស​បន្លាយ​ពេល​វេលា​ដល់​ខែទី​១៣ ​ហើយ។​

ចំពោះ​ភាគី​អ៊ុយក្រែន​វិញ​ ប្រទេស​នេះ​បាន​ស្វាគមន៍​ចំពោះ​ផែនការ​សន្តិភាព​របស់​ចិន​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ច្រានចោល​ទាំងស្រុង ​ដោយសា​រតែ​ចិន​បាន​បដិសេធ មិនបា​នធ្វើការ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើទឹក​ដី​អ៊ុយក្រែន​។​

លោក ស៊ី ​បាន​ធ្វើ​ដំណើរ​ទៅដល់​ទី​ក្រុងម៉ូស្គូ​នៅ​វេលាម៉ោង ​១រសៀល ​(ម៉ោង​នៅទី​ក្រុងម៉ូ​ស្គូ)​ដើម្បី​ចូល​ជួបពិ​ភាក្សា​ក្រៅផ្លូវការ​ផ្ទាល់ជា​មួយលោក ​ពូទីន​ កាល​ពី​រសៀល​ថ្ងៃចន្ទ​ បន្ទាប់​មក​ទទួល​ទាន​អា​ហារ​ពេល​ល្ងាចរួមគ្នា។ ​ដោយឡែក សម្រាប់ការ​ចរចា​ជា​ផ្លូវ​ការ​គ្រោង​នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​អង្គារ​នេះ។​

គួរ​កត់​សម្គាល់ថា ​នៅពេល​ដែលមាន​ការ​សាកសួរថា​តើចិន​អាច​ក្លាយជា​អន្តរការី​រវាងទី​ក្រុង​ម៉ូស្គូ និង​ទីក្រុងវ៉ាស៊ីន​តោន​ដែរឬទេនោះ ​លោក ​ប៉េស្គូវ​បាន​បដិសេធ​ចំពោះ​ការផ្ដល់​ចម្លើយ​ដោយ​ផ្ទាល់។​

លោក​បានមាន​ប្រសាសន៍ថា​ ៖ «នៅពេលនេះ ​យើងឃើញ​មាន​ការ​ខិតខំប្រឹងប្រែង​ជា​បន្តបន្ទាប់​ ដើម្បី​ទប់ស្កាត់​មិន ឱ្យ​ភាពតានតឹង​កាន់តែ​អាក្រក់ទៅ។ ​ទីក្រុងវ៉ាស៊ីនតោន ​ក្រសួង​ការ​បរទេស​ រួមទាំង​ក្រុម​ប្រឹក្សា​សន្តិ​សុខជាតិ​សហ​រដ្ឋអាមេរិក​ក៏​បាននិង​កំពុង​និយាយ​អំពី​បញ្ហានេះ​ដោយ​បើកចំហ និង​ជាផ្លូវការ​ផងដែរ​»។​

កន្លងមក ​ទី​ក្រុងម៉ូស្គូ​តែងតែ​បានធ្វើការ​ចោទប្រកាន់​សហ​រដ្ឋអាមេរិក ​និង​បណ្ដា​ប្រទេស​លោក​ខាង​លិ​ចថា​ បាន​ផ្ដល់​អាវុធយ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៅឱ្យ​អ៊ុយក្រែន​ក្នុង​គោល​បំណងធ្វើ​ឱ្យផែនការ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ត្រូវ​បរាជ័យ។​

យ៉ាង​ណាក៏ដោយ ​ទីក្រុងវ៉ាស៊ីនតោន ​និង​សម្ព័ន្ធមិត្ត​ដទៃទៀត​បាន​ឆ្លើយតប​ថា​ពួកគេ​កំពុង​បំពាក់​បំប៉​ន​គ្រឿង​សព្វាវុធ​ដល់​អ៊ុយក្រែន​ ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ីដែល​តែងតែ​រករឿង​ឥតឈប់ឈរ​និង​បាន​ដណ្តើម​យកទឹកដី​អ៊ុយក្រែន​យ៉ាង​គឃ្លើន​ទៀតផង។

លោក ​ប៉េស្កូវ​បាន​បញ្ជាក់​បន្ថែមថា៖ «សហរដ្ឋ​អាមេរិក​កំពុង​ប្រកាន់​ខ្ជាប់នូ​វគោលជំហរ​របស់​ខ្លួន ក្នុង​គោលបំណង​ចង់​បង្ក​ជម្លោះ​បន្ថែមទៀត ​ដោយមិន​បាន​ព្យាយាម​កាត់​បន្ថយ​ភាពតានតឹង​ឱ្យ​ប្រសើរ​ឡើង​នោះទេ ​តែបែរ​ជានាំគ្នា​ដឹកជញ្ជូន​អាវុធចូល​ទៅក្នុង​ប្រទេស​អ៊ុយក្រែន​ទៅវិញ​»៕