
លោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់អូចា ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ AFP
ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ ព្រះមហាក្សត្រថៃបានធ្វើការរំលាយសភា ដើម្បីជាការបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ជាតិនៅដើមខែឧសភា ខាងមុខនេះ។
គេសង្កេតឃើញថា គណបក្សដែលមាននិន្នាការអភិរក្សនិយមថ្មីរបស់នាយករដ្ឋមន្ត្រីលោក ប្រាយុធ ចាន់-អូចា (Prayuth Chan-ocha)ត្រូវប្រកួតប្រជែងជាមួយគណបក្សភឿថៃ (Pheu Thai) ដែលដឹកនាំដោយលោកស្រី ផែ ថងថាន (Petongtarn) ដែលត្រូវជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលនិរទេសខ្លួននៅក្រៅប្រទេស។
អស់ជាច្រើនខែកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ប្រាយុធ ដែលជាមេដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ ប្រឆាំងនឹងរដ្ឋាភិបាលដែលគាំទ្រដោយលោកថាក់ស៊ីនបានធ្វើការស្ទង់មតិសាធារណៈជនជាបន្តបន្ទាប់ ដើម្បីធ្វើការប៉ាន់ស្មានពីកម្លាំងគាំទ្ររបស់មហាជន។ គួរដឹងដែរថា កាលបរិច្ឆេទនៃការបោះឆ្នោតមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នោះទេ ប៉ុន្តែយ៉ាងណាគឺត្រូវតែធ្វើឡើងនៅចន្លោះក្នុងរយៈពេល ៦០ថ្ងៃ ក្រោយការរំលាយសភា។
ចំពោះលោក ប្រាយុធ និងគណបក្សថៃរួបរួមជាតិ (United Thai Nation) របស់លោកតែងតែសង្ឃឹមថាពលរដ្ឋថៃអភិរក្សនិយមជាច្រើននឹងនៅតែមានការស្អប់ខ្ពើមទៅលើលោកថាក់ស៊ីនដែលនេះជាកត្តាមួយដែលអាចជួយឱ្យលោកអាចបន្តឈ្នះឆ្នោតក្នុងអាណត្តិខាងមុខ។
គួរកត់សម្គាល់ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ព្រះរាជាណាចក្រថៃ ត្រូវបានសរសេរតាក់តែងឡើងដោយក្រុមយោធា ដូច្នេះវាពិតជាពិបាកសម្រាប់ក្រុមប្រឆាំងក្នុងការបង្កើតរដ្ឋាភិបាលថ្មី នៅពេលដែលពួកគេឈ្នះឆ្នោត។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ គេឃើញមានការឃោសនាបោះឆ្នោតបណ្ដើរៗហើយដោយនៅតាមដងផ្លូវនៅទីក្រុងបាងកកកំពុងត្រូវបានគណបក្សជាច្រើនធ្វើការបិទផ្ទាំងរូបភាពគណបក្សរបស់ពួកគេរៀងៗខ្លួន និងបិទសារផ្សេងៗដែលជាការសន្យាគ្រប់បែបយ៉ាងទៅកាន់ម្ចាស់ឆ្នោត។
ទោះជាយ៉ាងនេះក្តី ការបោះឆ្នោតលើកនេះត្រូវបានគេចោទជាសំណួរថា តើគណបក្សភឿថៃ អាចនឹងយកឈ្នះដោយទទួលបានសំឡេង គាំទ្រភាគច្រើនគ្រប់គ្រាន់ដើម្បីឡើងកាន់អំណាចម្តងទៀតបានឬក៏យ៉ាងណា។ បើយើងក្រឡេកទៅមើលទិន្នន័យនៃការស្ទង់មតិវិញបានបង្ហាញថាគណបក្សភឿថៃ គឺជាគណបក្សដែលមានប្រជាប្រិយភាពខ្លាំងជាងគេនិងអាចជាប់ឆ្នោតម្ដងទៀត ដូចដែលធ្លាប់បានកើតឡើងនៅរាល់ការបោះឆ្នោតក្នុងរយៈពេល ២២ឆ្នាំកន្លងមកនេះ។
កត្តាសំខាន់នៃប្រជាប្រិយភាពរបស់គណបក្សនេះគឺពឹងផ្អែកលើភាពស្មោះត្រង់យ៉ាងមុតមាំចំពោះលោកថាក់ស៊ីន ជាពិសេសប្រជាជនថៃដែលរស់នៅភាគខាងជើង និងភាគឦសានប្រទេសថៃ។
អ្នកខ្លះគិតថា គណបក្សភឿថៃ អាចនឹងយកឈ្នះអាសនៈភាគច្រើននៅក្នុងសភាជាន់ទាបប៉ុន្តែប្រហែលជាមិនទាន់គ្រប់គ្រាន់នោះទេ ដោយសារតែពលរដ្ឋថៃមួយភាគធំនៅតែបន្តមានការមិនពេញចិត្តជាមួយលោក ថាក់ស៊ីន និងសម្ព័ន្ធមិត្តរបស់លោកដែលជាក្រុមស្មោះស្ម័គ្រជាមួយព្រះមហាក្សត្រ និងពួកយោធា។
ជាប្រវត្តិសាស្ត្រ សេចក្តីសម្រេចរបស់តុលាការ ឬក៏រដ្ឋប្រហារដោយពួកយោធាបានផ្ដួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយលោកថាក់ស៊ីន ចំនួន៣លើកមកហើយ ក្នុងនោះក៏មានរដ្ឋាភិបាលមួយដែលដឹកនាំដោយប្អូនស្រីរបស់លោក គឺអ្នកស្រី យីងឡាក់ (Yingluck)ពោលគឺ អ្នកស្រីមិនបានដឹកនាំរហូតដល់ចប់អាណត្តិរបស់ខ្លួន បានស្រួលបួលនោះទេ។ រីឯលោកប្រាយុធ វិញ លោកបានឡើងកាន់អំណាចចាប់តាំងពីបានដឹកនាំរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលរបស់អ្នកស្រី យីងឡាក់ កាលពី៩ឆ្នាំមុន បានជោគជ័យ។
សូមរំឭកដែរថា លោកថាក់ស៊ីនបាននិរទេសខ្លួនតាំងពីលោកត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ដើម្បីគេចចេញពីការចោទប្រកាន់ពីបទចោទផ្សេងៗ ឈានដល់ការជាប់ទោសព្រហ្មទណ្ឌទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សព្វថ្ងៃនេះ សូម្បីតែមេបញ្ជាកងទ័ពជាច្រើនដែលធ្លាប់ស្និទ្ធស្នាលជាមួយនឹងលោក ក៏ត្រូវបានហាមឃាត់មិនឱ្យចូលពាក់ព័ន្ធនឹងនយោបាយទៀតផង។
បើទោះបីជាលោកកំពុងស្ថិតក្នុងស្ថានភាពនិរទេសខ្លួននៅក្រៅប្រទេសក្ដី ប៉ុន្តែឥទ្ធិពលរបស់លោកនៅតែបន្តមាន ដោយលោកបានក្លាយជាកម្លាំងចលករពីខាងក្រៅមួយដ៏សំខាន់ដែលអាចជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតឆ្នាំនេះ។
សម្រាប់កូនស្រីរបស់លោកវិញ បានក្លាយជាសមាជិកគ្រួសារស៊ីណាវ៉ាត្រា(Shinawatra)ចុងក្រោយបង្អស់ដែលកំពុងមានឈ្មោះបោះសំឡេងនៅក្នុងគណបក្ស។
កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ លោកស្រី ផែថងថាន អាយុ ៣៦ ឆ្នាំបានលើកឡើងនៅក្នុងកម្មវិធីប្រកាសសមាសភាពបេក្ខជនរបស់គណបក្សភឿថៃថា លោកស្រីមានទំនុកចិត្តពេញទំហឹងតែម្ដង ក្នុងការយកឈ្នះការបោះឆ្នោតដោយភ្លូកទឹកភ្លូកដីនាពេលខាងមុខនេះ។
បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ក្រុមយោធាថៃបានព្យាយាមបញ្ចប់អនាគតនយោបាយរបស់គ្រួសារលោក ថាក់ស៊ីនម្តងហើយម្តងទៀត ដោយបានតាក់តែងរដ្ឋធម្មនុញ្ញដែលអាចធានាថាគណបក្សរបស់លោកនឹងមិនអាចឡើងកាន់អំណាចវិញបានដាច់ខាត។ ជាក់ស្ដែង ពួកគេបានតែងតាំងសមាជិកព្រឹទ្ធសភាចំនួន ២៥០នាក់ ដែលភាគច្រើនត្រូវបានគេដឹងថា សុទ្ធតែអ្នកដែលស្មោះស្ម័គ្រនឹងឧត្តមសេនីយ៍ ប្រាយុធនិងឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ាន់(Prawit Wongsuwan)ដែលជាបុរសខ្លាំងម្នាក់ទៀតដែលបានជួយគ្នាដឹកនាំរដ្ឋប្រហារទទួលបានជោគជ័យនៅឆ្នាំ២០១៤។
កាលពីការបោះឆ្នោតឆ្នាំ២០១៩ ដោយមានការគាំទ្រពីសមាជិកព្រឹទ្ធសភា លោកប្រាយុធបានយកឈ្នះគណបក្សភឿថៃដោយអាចរារាំងគណបក្សមួយនេះមិនឱ្យបង្កើតរដ្ឋាភិបាលបាន បើទោះបីជាគណបក្សមួយនេះបានឈ្នះឆ្នោត ទទួលបានអាសនៈច្រើនជាងក៏ដោយ។ កាលនោះ ឧត្តមសេនីយ៍ទាំង២បានរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះដើម្បីដឹកនាំប្រទេស។យ៉ាងណាក៏ដោយ ឥឡូវនេះ ពួកគេម្នាក់ៗបាននិងកំពុងដឹកនាំគណបក្សរៀងៗខ្លួន ដូច្នេះបញ្ហាប្រឈមអាចនឹងកើតមាន ពោលគឺសំឡេងឆ្នោតគាំទ្រនឹងត្រូវបានបែកជា២។
យោងតាមរដ្ឋធម្មនុញ្ញដែលតាក់តែងឡើងដោយក្រុមយោធាបានចែងថា សមាជិកព្រឹទ្ធសភានៅតែអាចបោះឆ្នោតម្ដងទៀតបាន ដើម្បីធ្វើការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី។ ដូច្នេះហើយ ឧត្តមសេនីយ៍ទាំង២នៅតែអាចបង្កើតរដ្ឋាភិបាលបាន បើទោះជាគណបក្សភឿថៃឈ្នះឆ្នោត ទទួលបានសំឡេងភាគច្រើនក៏ដោយ ពោលគឺប្រសិនបើគណបក្សភឿថៃទទួលបានសំឡេងច្រើនជាង ២០០ អាសនៈ ក្នុងចំណោម ៥០០ អាសនៈ នោះនឹងមានការលំបាកក្នុងធ្វើឱ្យឧត្តមសេនីយ៍ទាំង២អាចធ្លាក់ចេញពីតំ ណែង។
នេះគឺជាប្រព័ន្ធនយោបាយរបស់ប្រទេសថៃ ពោលគឺគ្មាននរណាម្នាក់អាចច្រានចោលចំណាត់ការបន្ថែមរបស់សភាដើម្បីប្រឆាំងនឹងគណបក្សកាន់អំណាចនេះបានឡើយ។ លើកនេះ វាមិនមែនជាការធ្វើរដ្ឋប្រហារនោះទេ ប៉ុន្តែគណបក្សប្រឆាំងអាចនឹងត្រូវបានរំលាយដោយតុលាការអភិរក្សនិយមបាន៕