
លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (ឆ្វេង) និងលោកប្រធានាធិបតី វ៉ុលឌីមៀរ ហ្សេលេនស្គី។ AFP
សារព័ត៌មាន CNA រាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងការបរទេសជប៉ុនដែលបានលើកឡើងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kyiv នៅថ្ងៃអង្គារថ្ងៃ ទី ២១ ខែមីនា។
នេះជាដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលជប៉ុនអះអាងថាធ្វើឡើងដើម្បីបង្ហាញពី «សាមគ្គីភាព និងការគាំទ្រដែលមិនផ្លាស់ប្តូរ»ទៅកាន់សមភាគីអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីជប៉ុនលោកKishida នៅប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ។ គេពឹងថាលោកនឹងត្រឡប់ទៅទីក្រុងតូក្យូវិញ ប៉ុន្តែលោកបានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដែលជាកន្លែងដែលគាត់បានជិះរថភ្លើងដើម្បីឆ្លងទៅអ៊ុយក្រែន។
ក្រសួងការបរទេសជប៉ុន បន្ថែមថា៖«គាត់(នាយករដ្ឋមន្ត្រី)នឹងបង្ហាញការគោរពចំពោះភាពក្លាហាន និងការតស៊ូរបស់ប្រជាជនអ៊ុយក្រែន»។ប្រភពដដែលបន្តថាគេរំពឹងថាលោកនាយករដ្ឋមន្ត្រីនឹងត្រឡប់ទៅប្រទេសប៉ូឡូញវិញចូលរួមកិច្ចពិភាក្សាកំពូលជាមួយប៉ូឡូញនៅថ្ងៃពុធ នឹងទៅដល់ទីក្រុងតូក្យូវិញនៅថ្ងៃព្រហស្បតិ៍។
ព័ត៌មាននៃការធ្វើដំណើរនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន រួមទាំងទូរទស្សន៍ជាតិ NHK ដែលមានអ្នកសារព័ត៌មាននៅប្រទេសប៉ូឡូញបានថតរថយន្តដឹកនាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុង Przemyslជាកន្លែងដែលមេដឹកនាំបរទេសនានាតែងតែជិះរថភ្លើងចូលអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិកលោកJoe Biden បានធ្វើដំណើរដ៏ភ្ញាក់ផ្អើលមួយដែរដើម្បីទៅជួប Zelenskyy កាលពីខែកុម្ភៈ។
សេចក្ដីរាយការណ៍មួយចំនួនបង្ហាញថា មន្ត្រីរបស់ជប៉ុនមានការព្រួយបារម្ភអំពីហានិភ័យសន្តិសុខនៃការធ្វើដំណើរលើកនេះរបស់លោកKishida។ លោកបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងបង្អស់ដែលបានទៅទស្សនាតំបន់សង្រ្គាមចាប់តាំងពីសង្គ្រាមលោកលើកទី២។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន ជួនចំពេលគ្នាដែលប្រធាននាធិតីចិន Xi Jinping ធ្វើទស្សនកិច្ចនៅទីក្រុងម៉ូស្គូដើម្បីពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
ជប៉ុនបានចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែនដោយផ្តល់ការគាំទ្រដល់ក្រុងកៀវ។ ជប៉ុនបានចាត់វិធានការដ៏កម្រក្នុងការបញ្ជូនឧបករណ៍ការពារ និងផ្តល់ជម្រកដល់អ្នកដែលភៀសខ្លួនចេញពីជម្លោះ។ទោះជាយ៉ាងណាក៏ដោយ ជំនួយផ្ដល់ឱ្យអ៊ុយក្រែនមិនមែនជាការផ្តល់ការគាំទ្រផ្នែកយោធាទេ ពីព្រោះរដ្ឋធម្មនុញ្ញក្រោយសង្រ្គាមរបស់ជប៉ុន កំណត់សមត្ថភាពយោធារបស់ខ្លួនជាយោធាស្វ័យការពារប៉ុណ្ណោះ។
លោកKishida ធ្លាប់ព្រមាននៅក្នុងសុន្ទរកថាមួយកាលពីឆ្នាំមុនថា «អ៊ុយក្រែនថ្ងៃនេះអាចជាអាស៊ីបូព៌ានៅថ្ងៃស្អែក»ដោយសំដៅលើចេតនារបស់ចិនដែលប៉ុនប៉ងយកតៃវ៉ាន់មកវិញ។
កាលពីខែធ្នូ២០២២ ប្រទេសជប៉ុន បានកែលម្អគោលនយោបាយការពារជាតិសំខាន់ៗរបស់ខ្លួនដោយបន្ថែមថវិកាជាតិដើម្បីធ្វើទំនើបកម្មយោធា។ រដ្ឋាភិបាលជប៉ុនអះអាងថា ប្រទេសចិនគឺជា "បញ្ហាប្រឈមជាយុទ្ធសាស្ត្រធំបំផុតមិនធ្លាប់មាន" ចំពោះសន្តិសុខជប៉ុន។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោកKishida ទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងអធិការបតីអាល្លឺម៉ង់ Olaf Scholz នៅទីក្រុងតូក្យូ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង New Delhi ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi៕