តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កាលពី​ថ្ងៃ​ចន្ទ បានទទួល​ការសន្យា​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពី​ប្រទេស​ជាង​ ៤០ ដើម្បី​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ៣​​ ថ្ងៃ​ បន្ទាប់ពី​តុលា​ការ​នេះ បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​រដ្ឋអាជ្ញា ICC លោក Karim Khan បាន​ជំរុញ​ឱ្យ​ប្រទេស​នានា​ស្វែងរក​ភាព​អត់ធ្មត់​ក្នុង​ការផ្តល់​យុត្តិធម៌ នៅក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ពិភាក្សា​អំពី​ការជំរុញ​ការគាំទ្រ​ដល់​ការស៊ើបអង្កេត​របស់ ICC ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

ICC​ បានចេញ​ដីកាចាប់ខ្លួន​លោក ពូ​ទីន និង​ស្នងការ​ទទួលបន្ទុក​សិទ្ធិ​កុមារ លោក​ស្រី​ Maria Lvova-Belova​។​

​ពួកគេ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៃ​ការ​និរទេស​កុមារ​អ៊ុយ​ក្រែ​ន​ដោយ​ខុសច្បាប់ ក្រោយពី​ការ​លុក​លុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន នៅក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២២​។​

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អង់​គ្លេ​ស លោក Dominic Raab បាន​ប្រាប់​កិច្ចប្រជុំ​នោះ​ថា​៖ «​និយាយ​អំពី​ការចោទប្រកាន់​លោក​ប្រធានាធិបតី​ពូ​ទីន​កាលពី​ថ្ងៃ​សុក្រ វា​មាន​សារៈ​សំខាន់​ណាស់​...​ដើម្បី​បង្ហាញ​ការគាំទ្រ​ជាក់ស្តែង​របស់​យើង​ចំពោះ ​ICC»​។​

​លោក​បាន​បន្ថែមថា​៖ «​យើង​បាន​រៃអង្គាសប្រាក់​បាន​ជាង​ ៤​ លាន​ផោន និង​ការគាំទ្រ​មិនមែន​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេក​ទេស​ជាច្រើន​ទៀត​»​។​

​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បាន​បន្ថែម​នៅក្នុង​សារ​វីដេអូ​ថា​៖ «​ពិភពលោក​ត្រូវតែ​យល់ ថា គ្មាន​នរណាម្នាក់​នៅ​ពី​ខាងលើ​យុត្តិធម៌​ទេ​»​។​

​ទីក្រុង​ម៉ូស្គូ បាន​ឆ្លើយតប​កាលពី​ថ្ងៃ​ចន្ទ ដោយ​ប្រកាសថា ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ផ្ទាល់ខ្លួន​ទៅលើ​លោក និង​ចៅក្រម ICC ជាច្រើនរូប ដោយ​ចាត់ទុក​ដីកា​នេះ​ថា ​«​ខុសច្បាប់​»​។​

​រដ្ឋអាជ្ញា​ជាន់ខ្ពស់ ICC លោក Khan បាន​ប្រាប់​សន្និសីទ​ទីក្រុង​ឡុង​ដ៍​ថា ការ​ស៊ើប អង្កេត​របស់​តុលាការ​លើ​ការ​​ប្រព្រឹត្ត​លើ​កុមារ​អ៊ុយ​ក្រែ​ន គឺជា​រឿង​នយោបាយ ឯករាជ្យ និង​ចំណុច​មួយ​ក្នុងចំណោម​ចំណុច​សំខាន់ៗ​នៃ​កា​រិ​យា​ល័យ​របស់ខ្ញុំ​»​។​

​លោក Khan បាន​និយាយ ថា​៖ យើង​ត្រូវតែមាន​ភាព​អត់ធ្មត់​រួមគ្នា ដើម្បី​ផ្តល់​យុ​ត្តិ​ធម៌ ដោយ​ហៅ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ថា ជា «​ពេលវេលា​នៃ​ការ​ភ្ញាក់ខ្លួន​ឡើងវិញ​ចំពោះ​ប្រព័ន្ធ​ ICC​។​

​លោក ក៏បាន​ច្រានចោល​អំណះអំណាង​ដែលថា កុមារ​​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់​ដែល ត្រូវបាន​បញ្ជូនទៅ​ប្រទេស​​រុស្ស៊ី​គឺជា​ការជម្លៀស «​មនុស្ស​ធម៌​»​។​

​លោក Khan បាន​និយាយ ថា ភ័ស្តុតាង​អាច​ប្រាប់​ពី​រឿង​ផ្សេង ដោយ​អង្វរ​ទីក្រុង​ម៉ូស្គូ​ឱ្យ «​ធ្វើ​មាតុភូមិនិវត្តន៍​កុមារ​»​។​

​លោក​បាន​បន្ថែមថា​៖ «​អនុ​ញ្ញាត​ឱ្យ​ពួកគេ​រៀន​ភាសា​របស់​ពួកគេ​នៅក្នុង​សាលា​របស់​ពួកគេ ជំនួស​ឱ្យ​ការ​នៅក្នុង​បរិយាកាស​ដែល​មិន​ធ្លាប់​ស្គាល់​ជាមួយនឹង​ការទទួល​​យក​ជា​អចិ​ន្រៃ្ត​យ៍​ដោយ​មនុស្ស​ផ្សេង​នោះ​»​។​

​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​លោក Raab និង​សម​ភាគី​ហូ​ឡង់ លោកស្រី Dilan Yesilgoz Zegerius ធ្វើឡើង បន្ទាប់ពី​ការអំពាវនាវ​ម្តង​ហើយ​ម្តងទៀត​របស់ ​ICC ឱ្យ​គាំទ្រ​បន្ថែមទៀត​សម្រាប់​ការ​ស៊ើប​​អង្កេត​របស់ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។​

​ទីក្រុង​ឡុង​ដ៍ បានប្រកាស​រួចហើយ​នូវ​មូលនិធិ​បន្ថែម​ជិត ៤០០ ០០០​ផោន (៤៨៨ ០០០​ដុល្លារ​) ដើម្បី​ជួយ​ចំ​ណាយ​សម្រាប់​ជំនួយ​ផ្លូវចិត្ត​សម្រាប់​សាក្សី និង​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម ឬ​ជួល​អ្នកជំនាញ​អង់គ្លេស​បន្ថែម​ដើម្បី​ពង្រឹង ​ICC​។​

​ក្នុង​ឆ្នាំ​ ២០២២ សហ​ម្ចាស់ ផ្ទះ​ប្រទេស​ហូ​ឡង់ បាន​បញ្ជូន​ក្រុម​ស៊ើបអង្កេត​កោសល្យ​វិច័យ ចំនួន​ ២ នៅក្រោម​បដា​របស់ ICC ដើម្បី​ប្រមូល​ភ័ស្តុ​តាង​ដើម្បី​ប្រើប្រាស់​ក្នុងការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​ប្រទេស​​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ការចាប់​ផ្តើម​ការ​លុកលុយ​របស់​រុស្ស៊ី​។​

​លោក​ Raab អតីត​មេធាវី​ដែលជា​ទីប្រឹក្សា​ច្បាប់​របស់​រដ្ឋាភិបាល​បានធ្វើការ​លើ​ការ​កាត់ទោស​ឧក្រិដ្ឋ​កម្មស​ង្គ្រា​ម​ប្រឆាំងនឹង​លោក Slobodan Milosevic របស់​ប្រទេស​ស៊ែ​ប៊ី និង​លោក Charles Taylor នៃ​ប្រទេស​លី​បេ​រី​យ៉ា បាន​និយាយថា អ្នក​នៅក្នុង​ស​ន្និ​សីទ ចែករំលែក​នូវ​ជំនឿ​ដែលថា លោក​ប្រធានាធិបតី​ពូ​ទីន និង​ថ្នាក់ដឹកនាំ (​រុស្ស៊ី​) ទាំងមូល ត្រូវតែ​ទទួលខុសត្រូវ​។​

​លោក​បាន​បន្ថែមថា​៖ «​វា ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​យើង​បង្រួបបង្រួម​នៅ​ពីក្រោយ ICC ហើយ​ថា យើង​គាំទ្រ​ការិយាល័យ​របស់​រដ្ឋ​អាជ្ញា​នូវ​អ្វីដែល​ខ្លួន​ត្រូវការ មិន​ថា ធនធាន ឬ​ជំនាញ​បច្ចេក​ទេស ដើម្បី​បន្ត​ការស៊ើបអង្កេត​ទាំងអស់​របស់ ICC»​។​

​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​អ៊ុយ​ក្រែ​ន លោក Denys Maliuska និង​អគ្គ​រដ្ឋអាជ្ញា Andriy Kostin ក៏បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ផងដែរ​។​ ICC​ មាន​បុគ្គលិក​ជាង ៩០០ នាក់​ដែលមាន​ថវិកា ១៦៩ លាន​អឺរ៉ូ​សម្រាប់​ឆ្នាំ​ ២០២៣ តិចជាង​សំណើ​របស់​តុលា​ការសុំ​ថវិកា ចំនួន​ ១៧៥ ​លាន​អឺរ៉ូ​សម្រាប់​ឆ្នាំនេះ​។​

​រដ្ឋ​ជា​សមាជិក​ចំនួន ១២៣ របស់ខ្លួន​ចែករំលែក​ការទទួល​ខុសត្រូវ​ចំពោះ ការធានា ហិរញ្ញ​វត្ថុ​របស់​តុលាការ​។ តុលាការ​នេះ ក៏​ទទួលបាន​វិភាគទាន​ដោយ​ស្ម័គ្រចិត្ត​ពី​អង្គការ​អន្តរជាតិ បុគ្គល និង​សាជីវកម្ម​ផងដែរ​។

​លោក Khan បាន​ប្រាប់​វិទ្យុ BBC មុនពេល​សន្និសីទ​ថា ICC ​មិនអាច​ធ្វើ​អ្វី​គ្រប់យ៉ាង​ក្នុង ពេល​តែមួយ និង​មិនមាន​ធន​ធាន​គ្មាន​ដែន​កំណត់​ដើម្បី​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​អ៊ុយ​ក្រែ​ន​៕