មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​ស្ថាប័ន​បានអនុម័ត លើ​ប្រាក់កម្ចី​ជំនួយ​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ជិត ៣​ ​ប៊ី​លាន​ដុល្លារ​សម្រាប់​ស្រីលង្កា ក្រោម​មូលនិធិ​បន្ថែម (EFF) ថ្មី ហើយ​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ថ្លែងថា កម្មវិធី​កម្ចី​នេះ នឹង​អនុញ្ញាតឱ្យ​ខ្លួន​ទទួលបាន​មូលនិធិ​សរុប​រហូតដល់ ៧ ​ប៊ី​លាន​ដុល្លារ​។​

IMF បានឱ្យដឹងថា ការសម្រេចចិត្ត​ចុងក្រោយ​នេះ​នឹង​អនុញ្ញាតឱ្យ​មានការ​ទូទាត់​ភ្លាមៗ​ប្រហែល ៣៣៣ លាន​ដុល្លារ ហើយនឹង​ជំរុញ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ដៃគូ​ផ្សេងទៀត ដែល​អាចជួយ​ឱ្យ​ប្រទេស​ស្រីលង្កា​ងើប​ចេញពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​មិន​ធ្លាប់មាន​ជាង ៧​ ទស​វត្សរ៍​មកហើយ​។​

​នាយិកា​គ្រប់គ្រង​ IMF លោកស្រី Kristalina Georgieva បាន​ថ្លែងថា​៖ «​ស្រីលង្កា បាននិងកំពុង​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​យ៉ាងខ្លាំង​ជាមួយនឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ចំពេល​មាន​អតិផរណា​ខ្ពស់ ទុនបម្រុង​ធ្លាក់ចុះ បំណុល​សាធារណៈ​មិន​ស្ថិតស្ថេរ និង​ភាព​ងាយ​រងគ្រោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កើនឡើង​» ដែល​តម្រូវឱ្យ​ប្រទេស​នេះ​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​ផ្សេងៗ​ផងដែរ​។​

​លោកស្រី​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «​ដើម្បីឱ្យ​ស្រីលង្កា​ជម្នះ​វិបត្តិ ការអនុវត្ត​ឱ្យបាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​នៃ​កម្មវិធី​ដែល​គាំទ្រ​ដោយ EFF​ បូករួម​នឹង​ភាពជា​ម្ចាស់​ដ៏​រឹងមាំ​សម្រាប់​កំណែទម្រង់​ផ្សេងៗ គឺមាន​សារៈសំខាន់​ណាស់​»​។

​លោកស្រី Georgieva បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​លើ​ការពង្រឹង​សារ​ពើ​ពន្ធ​ផ្អែកលើ​ប្រាក់ចំណូល ដែល​ប្រ​កប​ដោយ​មហិច្ឆតា​ខ្ពស់ ក៏ដូចជា​ការ​គ្រប់គ្រង​អំពើពុករលួយ​ជាដើម​។

លោកស្រី​បាន​បន្តថា​៖ «​សម្រាប់​ការ​កែសម្រួល​សារពើពន្ធ​ឱ្យ​ទទួលបាន​ជោគជ័យ កំណែទម្រង់​ស្ថាប័ន​សារពើពន្ធ​ប្រកបដោយ​និរន្តរភាព​លើ​ការគ្រប់គ្រង​ពន្ធដារ ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការចំណាយ​សាធារណៈ និង​តម្លៃ​ថាមពល គឺមាន​សារៈសំខាន់​»​។​

​ចំណែកឯ​ការិយាល័យរ​បស់​ប្រ​ធា​​នា​ធិបតី​ស្រីលង្កា លោក រ៉ានី​ល វី​ក​ក្រេ​មេ​ស៊ី​ង​ហេ​វិញ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កម្មវិធី ​IMF នឹង​ជួយ​កែលម្អ​ជំហរ​របស់​ប្រទេស​នៅក្នុង​ទីផ្សារ​មូលធន​អន្តរ​ជាតិ ដែល​ធ្វើឱ្យ​វា​មាន​ភាព​ទាក់ទាញ​សម្រាប់​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរ​។

​មុន​នោះ លោក ​វី​ក​ក្រេ​មេ​ស៊ី​ង​ហេ ផ្ទាល់​បាន​ប្រាប់​សភា​ថា មាន​សញ្ញា​ថា សេដ្ឋកិច្ច​ស្រីលង្កា កំពុងមាន​ភាព​​ប្រសើរឡើង ប៉ុន្តែ​នៅតែ​ខ្វះ​រូបិយប័ណ្ណ​បរទេស​ដើម្បី​ទិញ​ទំនិញ​នាំចូល ដែល​នេះហើយ​ជា​មូលហេតុ​ធ្វើឱ្យ​កិច្ច​ព្រម​​ព្រៀង ​IMF មាន​សារៈសំខាន់​ដែល​នឹង​បើកផ្លូវ​ឱ្យ​ម្ចាស់បំណុល​ផ្សេងៗ​ទៀត​អាច​ចាប់ផ្តើម​បញ្ចេញ​មូលនិធិ​ផងដែរ​៕