
ផែនទីនៃប្រទេសអាហ្វហ្គានីស្ថាន និងតំបន់ជុំវិញដែលកំណត់ទីតាំងរញ្ជួយដី កាលពីថ្ងៃទី ២១ ខែមីនា។ AFP
រញ្ជួយដីដ៏ខ្លាំងក្លាមួយមានរយៈពេលយ៉ាងតិច ៣០ វិនាទី ត្រូវបានវាយប្រហារទូទាំង ប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងផ្នែកខ្លះនៃប្រទេសឥណ្ឌាកាលពីយប់ថ្ងៃអង្គារ ដោយការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានដាក់កម្រិត ៦,៥ រ៉ិចទ័រ។
Khatera មានអាយុ ៥០ ឆ្នាំ ជាអ្នករស់នៅទីក្រុងកាប៊ុលបានប្រាប់សារព័ត៌មាន AFP បន្ទាប់ពីប្រញាប់ប្រញាល់ចេញពីផ្ទះល្វែងជាន់ទី៥របស់អ្នកស្រីថា៖«វាគឺជារញ្ជួយដ៏គួរឱ្យភ័យខ្លាច។ ខ្ញុំមិនធ្លាប់មានអារម្មណ៍ញ័របែបនេះពីមុនមកទេក្នុងជីវិតរបស់ខ្ញុំ»។
USGS បាននិយាយថា រញ្ជួយដីនេះ មានចំណុចកណ្តាលនៅជិតស្រុក Jurm នៅភាគឦសានប្រទេសអាហ្វហ្គានីស្ថាន និងមានជម្រៅ ១៨៧ គីឡូម៉ែត្រ។
តំបន់នេះ ត្រូវបានវាយប្រហារជាញឹកញាប់ដោយការរញ្ជួយដី ជាពិសេសនៅតំបន់ជួរភ្នំ Hindu Kush ដែលស្ថិតនៅជិតចំណុចប្រសព្វនៃបន្ទះផែនដីអឺរ៉ុបអាស៊ី និងឥណ្ឌា។
Shafiullah Rahimi អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិអាហ្វហ្គានីស្ថាន បានប្រាប់សារព័ត៌មាន AFP ថា មនុស្ស ២ នាក់ ក្នុងនោះមានកុមារម្នាក់ បានស្លាប់នៅក្នុងខេត្ត Laghman។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Zabihullah Mujahid បាននិយាយថា មណ្ឌលសុខភាពនៅទូទាំងប្រទេសត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕