
លោកស្រីប្រធានាធិបតីតៃវ៉ាន់ សៃ អុីងវិន។ AFP
រដ្ឋបាលរបស់លោក ចូ បៃដិន បានលើកឡើងថា ការដែលលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ចុះចតដើម្បីធ្វើទស្សនកិច្ចក្រៅផ្លូវការនៅសហរដ្ឋអាមេរិកគឺជារឿងធម្មតានោះទេ ហើយកន្លងមកនេះលោកស្រី ក៏ធ្លាប់បានធ្វើដូច្នេះដែរ ហេតុនេះហើយ ចិនមិនគួរប្រើប្រាស់ចំណុចនេះជាលេសដើម្បីបង្កភាពតានតឹងខ្លាំងជាងមុន និងបង្កើនសកម្មភាពឈ្លានពានផ្សេងៗនៅតាមច្រកសមុទ្រតៃវ៉ាន់នោះទេ។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានគូសបញ្ជាក់ទៅកាន់សមភាគីចិនថាការធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកក្នុងអំឡុងពេលដំណើរទស្សនកិច្ចអន្តរជាតិដ៏វែងឆ្ងាយរបស់ប្រធានាធិបតីតៃវ៉ាន់បានប្រព្រឹត្តទៅជាទម្លាប់ទៅហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នេះបើ យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ១ រូប។ មន្ត្រីរូបនេះ បានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយហេតុថាបញ្ហានេះ ជារឿងដែលមានភាពរសើបខ្លាំង។
គួររំឭកដែរថា នៅក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវការនៅសហរដ្ឋអាមេរិកប៉ុន្មានឆ្នាំចុងក្រោយនេះលោកស្រី សៃ បានចូលជួបជាមួយសមាជិកសភានិងបណ្ដាជនភៀសខ្លួនតៃវ៉ាន់ហើយលោកស្រី ក៏ត្រូវបានស្វាគមន៍ដោយប្រធានវិទ្យាស្ថានអាមេរិកប្រចាំនៅតៃវ៉ាន់ដែលជាអង្គការមិនរកប្រាក់ចំណេញ។
អង្គការមួយនេះគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយធ្វើការពាក់ព័ន្ធនឹងទំនាក់ទំនងក្រៅផ្លូវការរវាងអាមេរិក និងតៃវ៉ាន់។មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះខាងលើបានបញ្ជាក់ថា៖«ការចុះចតចូលទស្សនកិច្ចក្រៅផ្លូវការរបស់លោកស្រីគ្មានអ្វីថ្មីនោះទេហើយក៏ជាការស្របតាមគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលមានជាយូរមកហើយដែរ»។
កាលពីថ្ងៃអង្គារ ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានឱ្យដឹងថា លោកស្រី សៃ គ្រោងនឹងធ្វើដំណើរឆ្លងកាត់ទីក្រុងញូវយ៉កនៅថ្ងៃទី៣០ខែមីនាមុនពេលធ្វើដំណើរទៅកាន់ប្រទេសក្វាតេម៉ាឡា(Guatemala)និងប្រទេសបេលី(Belize)។លោកស្រីត្រូវបានគេរំពឹងថានឹងចុះចតឈប់សម្រាកនៅទីក្រុងឡូសអេនជឺឡេស (Los Angeles)នៅថ្ងៃទី៥ ខែមេសានៅអំឡុងពេលដែលលោកស្រីត្រឡប់ទៅកាន់តៃវ៉ាន់វិញ។ យ៉ាងណាក៏ដោយ ការិយាល័យខាងលើនេះក៏មិនបានផ្តល់ព័ត៌មានលម្អិតអំពីការធ្វើដំណើររបស់លោកស្រី នៅពេលទៅដល់សហរដ្ឋអាមេរិកនោះទេ។
គួរដឹងដែរថា មុនពេលការធ្វើដំណើរត្រូវបានផ្អាកដោយសារជំងឺកូវីដ១៩ ពោលគឺស្ថិតនៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ លោកស្រី សៃបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកចំនួន៦ លើករួចមកហើយ។ជាប្រតិកម្មឆ្លើយតបចំពោះដំណើរទស្សនកិច្ចទាំងនោះចិន តែងតែបានប្រើប្រាស់នូវពាក្យពេចន៍ផ្សេងៗ ដើម្បីសម្ដែងការមិនពេញចិត្តទៅកាន់សហរដ្ឋអាមេរិកនិងតៃវ៉ាន់។
ដោយឡែក រដ្ឋបាលលោកបៃដិន បាននិងកំពុងព្យាយាមចៀស វាងការឆ្លើយតបណាមួយដែលអាចបង្កឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ដូចដែលបានកើតឡើងម្ដងមកហើយ បន្ទាប់ពីប្រធានសភាលោកស្រី ណានស៊ី ប៉េឡូស៊ី(Nancy Pelosi) បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីឆ្នាំមុន។
គួរគូសបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីខែសីហា ឆ្នាំ២០២២ របស់លោកស្រី ប៉េឡូស៊ីទីក្រុងប៉េកាំង បានបាញ់គ្រាប់មីស៊ីលរំលងកោះតៃវ៉ាន់ជាច្រើនគ្រាប់ និងបានដាក់ពង្រាយកងនាវាចម្បាំងឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ហើយក៏បានធ្វើសមយុទ្ធយោធានៅកៀកក្បែរនឹងកោះមួយនេះទៀតផង។កាលនោះផងដែរ ទីក្រុងប៉េកាំង ក៏បានផ្អាកកិច្ចពិភាក្សាអំពីបញ្ហាអាកាសធាតុជាមួយសហរដ្ឋអាមេរិក និងបានកាត់ផ្ដាច់ទំនាក់ទំនងយោធាជាមួយមន្ទីរបញ្ចកោណទៀតផង។
ទីក្រុងប៉េកាំងមើលឃើញទំនាក់ទំនងផ្លូវការរបស់អាមេរិកជាមួយតៃវ៉ាន់ថាជាការលើកទឹកចិត្តឱ្យតៃវ៉ាន់ ដើម្បីធ្វើឱ្យឯករាជ្យភាពរបស់កោះមួយនេះ អាចបន្តទៅមុខជាច្រើនទសវត្សទៀត។ ការធ្វើបែបនេះ គឺផ្ទុយទៅនឹងជំហររបស់មេដឹកនាំអាមេរិកកន្លងមកដែលមិនធ្លាប់បានគាំទ្រសោះឡើយ។ គួរដឹងដែរថា លោកស្រី ប៉េឡូស៊ី គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់អាមេរិកដែលបានទៅទស្សនកិច្ចនៅកោះមួយនេះរាប់ចាប់តាំងពីប្រធានសភាអាមេរិក លោក ញូវ ហ្គិងរិច(Newt Gingrich) ដែលបានទស្សកិច្ចម្ដងដែរកាលពីឆ្នាំ១៩៩៧។ក្រោមគោលនយោបាយ «ចិនតែ១» ឬ “One China Policy”សហរដ្ឋអាមេរិកបានទទួលស្គាល់ទីក្រុងប៉េកាំងថាជារដ្ឋាភិបាលរបស់ប្រទេសចិនតែ១គត់ហើយមិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នោះទេប៉ុន្តែអាមេរិកបានចាត់ទុករដ្ឋាភិបាលទីក្រុងតៃប៉ិជាដៃគូដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
យ៉ាងណាមិញ ក្រុមមន្ត្រីអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលថាចិនមានគោលបំណងបង្រួបបង្រួមតៃវ៉ាន់ជាមួយចិនដីគោកនិងថាអាចនឹងប្រើប្រាស់កម្លាំងទ័ពប្រសិនបើកាលៈទេសៈតម្រូវ។ កោះតៃវ៉ាន់ដែលមានរដ្ឋាភិបាលប្រជាធិបតេយ្យគ្រប់គ្រងដាច់ដោយឡែកមួយនេះ ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងថា វាគ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ចិនតែប៉ណ្ណោះ។បើយោងតាម សន្ធិសញ្ញាស្ដីពីទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ដែលគ្រប់គ្រងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយកោះតៃវ៉ាន់មួយនេះមិនតម្រូវឱ្យសហរដ្ឋអាមេរិកឈានជើងចូលក្នុងវិស័យយោធាតៃវ៉ាន់ដោយផ្ទាល់នោះទេប្រសិនបើចិនឈ្លានពានតៃវ៉ាន់ប៉ុន្តែគោលនយោបាយរបស់អាមេរិក ត្រូវធានាថាតៃវ៉ាន់មានធនធានគ្រប់គ្រាន់ដើម្បីការពារខ្លួននិងទប់ស្កាត់ការផ្លាស់ប្ដូរណាមួយជាឯកតោភាគីពីសំណាក់ទីក្រុង ប៉េកាំង។
ទំនាក់ទំនងរវាងអាមេរិក និងចិន បានវិវឌ្ឍន៍ទៅមុខកាន់តែស្មុគស្មាញចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ីមក។កាលពីខែមុនប្រធានាធិបតីចូ បៃដិនបានបញ្ជាឱ្យបាញ់កម្ទេចបាឡុងចារកម្មរបស់ចិននៅលើដែនអាកាសអាមេរិកបន្ទាប់ពីវាបានហោះឆ្លងកាត់ទ្វីបអាមេរិក។ប៉ុន្មានសប្តាហ៍នេះរដ្ឋបាលលោកបៃដិន បានឱ្យដឹងថាក្រុមស៊ើបការសម្ងាត់របស់អាមេរិកបានបង្ហាញថា ចិនកំពុងថ្លឹងថ្លែងលទ្ធភាពបញ្ជូនអាវុធទៅឱ្យរុស្ស៊ីសម្រាប់ធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែនប៉ុន្តែអាមេរិកមិនមានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការបង្ហាញថាតើទីក្រុងប៉េកាំងពិតជាបានសម្រេចចិត្តផ្គត់ផ្គង់គ្រឿងសព្វាវុធទៅកាន់ទីក្រុងម៉ូស្គូពិតមែន ឬក៏យ៉ាងណានោះទេ។
បន្ថែមលើនេះ រដ្ឋបាលលោក បៃដិន បានពន្យារពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដោយរដ្ឋមន្ត្រីការបរទេសលោកអង់តូនី ប្លីងកែន (Antony Blinken)បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញបញ្ហាបាឡុងចារកម្មប៉ុន្តែអាមេរិកក៏បានផ្តល់សញ្ញាថា ខ្លួននឹងរៀបចំដំណើរទស្សនកិច្ចនេះឡើងវិញនាពេលខាងមុខ។
កាលពីថ្ងៃចន្ទសេតវិមានក៏បានបញ្ជាក់បន្ថែមដែរថាក្រុមមន្ត្រីអាមេរិកកំពុងពិភាក្សាជាមួយប្រទេសចិនអំពីដំណើរទស្សនកិច្ចដែលអាចនឹងធ្វើឡើងដោយរដ្ឋលេខាធិការរតនាគារជាតិអាមេរិកលោកស្រីចេណេត យ៉េឡេន (Janet Yellen)និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ជីណា រ៉េម៉ូនដូ (Gina Raimondo)ហើយទស្សនកិច្ចនេះ នឹងផ្តោតលើបញ្ហាសេដ្ឋកិច្ចជាធំ។លោកបៃដិនក៏បានលើកឡើងដែរថាលោករំពឹងថានឹងអាចជួបពិភាក្សាជាមួយលោកស៊ី ជីនភីង តាមរយៈការហៅតាមទូរស័ព្ទក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោកចន ឃើប៊ី (John Kirby)បានមានប្រសាសន៍ថា៖ «ការបន្តទំនាក់ទំនងតាមរយៈការជជែកគ្នាដោយការហៅតាមប្រព័ន្ធទូរស័ព្ទ នៅតែជារឿងសំខាន់»។
កាលពីថ្ងៃចន្ទប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីននិងលោកស៊ី ជីនភីង បានជួបប្រជុំគ្នានៅទីក្រុងម៉ូស្គូ។វាគឺជាជំនួបទល់មុខគ្នាលើកដំបូងហើយរវាងសម្ព័ន្ធមិត្តទាំង២នេះ ចាប់តាំងពីមុនពេលដែលរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែនអស់រយៈពេលជាង១ ឆ្នាំមកហើយ។
ដោយឡែកនៅដើមខែនេះ រដ្ឋាភិបាលតៃវ៉ាន់ បានថ្លែងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចអន្តរជាតិដ៏វែងឆ្ងាយ លោកស្រី សៃ គ្រោងនឹងឈប់សម្រាកនៅទីក្រុងញូវយ៉ក និងនៅរដ្ឋ កាលីហ្វ័រនីញ៉ាខាងត្បូង(Southern California) ខណៈដែលប្រធានរដ្ឋសភាលោក ខេវិនម៉ាក់ខាហ្ស៊ី(Kevin McCarthy)មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋកាលីហ្វ័រនីញ៉ាបានលើកឡើងថាលោកនឹងជួបជាមួយលោកស្រី សៃនៅពេលលោកស្រីកំពុងស្ថិតនៅសហរដ្ឋអាមេរិកហើយលោកក៏មិនបានច្រានចោលនូវលទ្ធភាពដែលអាចថានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់ ដើម្បីបង្ហាញពីការគាំទ្រនោះទេ៕