ក្រុម​ឃ្លាំ​មើល​ការ​ប្រកួត​ប្រជែង​​របស់​រដ្ឋាភិបាល​អ៊ីតាលី​កាល​ពី​ថ្ងៃ​អង្គារ​ ​បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​លើ​វេទិកា​​បណ្ដាញ​សង្គម​តិកតុក​ ​(TikTok) ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​​ចិន​​ចំពោះ​ការ​មិន​លុប​ចេញ​នូវ​​មាតិកា​ ដែល​អាជ្ញាធរ​អ៊ីតាលី​ចាត់​ទុក​ថា​ «​​គ្រោះ​ថ្នាក់​»។

​ការ​ស៊ើប​អង្កេត​នេះ​​ ធ្វើ​ឡើង​ស្រប​ពេល​​ដែល​កម្មវិធី​ចែក​រំលែក​វីដេអូ​ចិន​មួយ​នេះ​ ​រង​នូវ​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រឹត​បន្តឹង​ដែល​កំពុង​កើន​ឡើង​នៅ​​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​។​​ ​វា​ក៏​កើត​ឡើង​ផង​ដែរ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ហូឡង់​ ចេញ​ការ​​ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​​មិន​ឱ្យ​ដំឡើង​កម្មវិធី​​ទូរស័ព្ទ​ដែល​​​ «អាច​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ»​​ លើ​​​​ឧបករណ៍​បម្រើ​ការ​របស់​ខ្លួន​​។

​អាជ្ញាធរ​​ឃ្លាំ​មើល​អ៊ីតាលី​​ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​​ថា តិកតុក​​ បាន​បំពាន​គោលការណ៍​ណែ​នាំ​របស់​ខ្លួន​​តាម​រយៈ​ការ​មិន​ដក​ចេញ​នូវ​​​មាតិកា​ទាក់​ទង​នឹង​ការ​ធ្វើ​អត្តឃាត​ ការ​ធ្វើ​បាប​ខ្លួន​ឯង​ និង​អាហារ​រូប​ត្ថម្ភ​មិន​ល្អ​ជា​ដើម​។

​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​អ៊ីតាលី មាន​ការ​​ពាក់​ព័ន្ធ​ជាមួយ​​អង្គភាពតិកតុក​​នៅប្រទេស​​​អៀរឡង់​ ​ដែល​គ្រប់​គ្រង​លើ​សេវាកម្ម​ទំនាក់​ទំនង​​អ្នក​ប្រើ​ប្រាស់​​អឺរ៉ុប​របស់​ខ្លួន​។​ ​អាជ្ញាធរបាន​បន្ថែម​ថា ប៉ូលិស​​ក៏​​បាន​​ទៅ​​មើល​​ទីស្នាក់ការ​​កណ្តាល​​របស់​​​ក្រុមហ៊ុន​នៅ​​អ៊ីតាលី​​ កាល​​ពី​​ថ្ងៃ​​អង្គារ​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​នាំ​ពាក្យ​​ទីកតុក​អ៊ីតាលី​​ បាន​បដិសេធ​ពី​ការ​ធ្វើ​ខុស​ ​ដោយ​និយាយ​ថា ​​ក្រុមហ៊ុន​​​មិន​«​អនុ ញ្ញាត​ឱ្យ​មាន​មាតិកា​​បង្ហាញ ​ឬ​ផ្សព្វ​ផ្សាយ​សកម្មភាព​​គ្រោះ​ថ្នាក់​ ការ​ធ្វើ​អត្ត​ឃាត​ការ​ធ្វើ​បាប​ខ្លួន​ឯង​ ឬ​អាកប្បកិរិយា​បរិភោគ​មិន​ល្អ​​នោះ​ទេ​»​។​

​អ្នក​នាំ​ពាក្យ​ដដែល​​​បាន​បន្ថែម​ថា​​ តិកតុក​​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ជាង​ ៤០ ០០០​ នាក់​ ដែល​​​ធ្វើ​ការ​ដើម្បី«​​រក្សា​សហគមន៍​របស់​យើង​ឱ្យ​មាន​សុវត្ថិភាព​ ហើយ​យើង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ ដើម្បី​ការពារ​ក្មេង​ជំទង់​ជា​ពិសេស​»​ ហើយ​ថា ក្រុម​ហ៊ុន​នឹង​សហការ​ជាមួយ​អាជ្ញាធរ​អ៊ីតាលី​ក្នុងការ​ស៊ើប​អង្កេត​។ ​

គួរ​បញ្ជាក់​ជា​ថ្មី​ថា​ កម្មវិធី​តិកតុក​ បាន​និង​កំពុង​រង​សម្ពាធ​រឹត​បន្តឹង​​ជា​បន្ត​បន្ទាប់​ពី​បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច​ធំ​ៗជា​ច្រើន​ ​ដូច​ជា​​ចក្រភព​អង់គ្លេស ​បែលហ្ស៊ិក​ អូស្រ្តាលី​​ កាណាដា​ និង​​សហរដ្ឋ​អាមេរិកជា​ដើម​​ ដែល​ចេញ​ចំណាត់​​ការ​ស្រដៀង​គ្នា​នឹង​​​រដ្ឋាភិបាល​ហូឡង់​។

​ក្នុង​ចំណាត់​ការ​​​​របស់​​ហូឡង់​រដ្ឋាភិបាល​បាន​ហាម​កុំ​ឱ្យ​បុគ្គល​រដ្ឋ​ធ្វើ​ការ​​​តម្លើង​កម្មវិធី​ទូរស័ព្ទ​​​របស់​ប្រទេស​នានា​ ដែល​មាន​កម្មវិធី​អ៊ីនធឺណិតអាច​ «​​វាយ​លុក​ប្រឆាំង​នឹង​ប្រទេស​ហូឡង់​ ​និង​/​ឬ​ផល​ប្រយោជន៍​របស់​​ហូឡង់​»​ ដោយ​លើក​ឡើង​ពី​ការ​ភ័យ​ខ្លាចសន្តិសុខ​​តាម​អ៊ីន​ធឺណិត​។​

ទោះ​បី​ជា​ហូឡង់​មិន​បាន​សំដៅ​លើ​កម្មវិធី​​ទីកតុក​ចំ​ៗ​ក៏​ដោយ​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​​នឹង​ប៉ះ​ពាល់​ដល់​​​កម្មវិធី​ ដែល​ជា​ក​ម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ចិន​ByteDance​មួយ​នេះ​។​​បន្ថែម​ពី​នេះ​​​​​ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​AIVD ​របស់​ហូឡង់​ បាន​​រាប់បញ្ជូល​​ប្រទេស​​ចិន ​រួម​ជាមួយ​រុស្ស៊ី ​កូរ៉េខាងជើង ​និងអ៊ីរ៉ង់​​ ទៅ​ក្នុង​បញ្ជី​ប្រទេស​ដែលមាន​​កម្មវិធី​ទូរស័ព្ទ​«​មាន​ហានិភ័យចារកម្ម​​ខ្ពស់​»​។​

ជា​ទូទៅ​ ​ការ​រឹត​បន្តឹង​​ពី​សំណាក់​​​រដ្ឋាភិបាល​លោក​ខាង​លិច​ ​​មាន​ជាប់​ទាក់​ទង​នឹង​កង្វល់អំពី​លទ្ធភាព​​ដែល​ថា​ ​រដ្ឋា ភិបាល​ចិន​​​អាច​​ចូល​ប្រើ​ប្រាស់​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​កម្ម​វិធី​តិកតុក​ រួម​ទាំង​ទី​តាំង​ និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ និង​សម្ងាត់​ផ្សេង​ៗ​ទៀត បន្ថែម​ពី​លើ​ការ​ប្រើ​ប្រាស់​ជា​ឧបករណ៍​ឃោស​នា​របស់​ក្រុង​ប៉េកាំង​​។ ​បណ្ដា​រដ្ឋាភិបាល​ទាំង​នោះ​ ជា​ពិសេស​អាមេរិក​ បាន​ទទូច​ថា​ វា​​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន​។

យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​ចិន​បាន​​​​ចោទ​ប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​«​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​»​ និង​ចេញ​​ចំណាត់​ការ​ដើម្បី​បង្រ្កាប​តិកតុក​តែ​ប៉ុណ្ណោះ​។​​

​ការ​កើន​ឡើង​សម្ពាធ​លើ​កម្ម​វិធី​ទីក​តុក​នា​ពេល​នេះ​ កើត​ឡើង​​​​ស្រប​ពេល​ដែល​នាយក​ប្រតិបត្តិ​​របស់​ក្រុម​ហ៊ុន​តិកតុក​ លោក​ Shou Zi Chew ​កំពុង​ត្រៀម​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមាជិក​សភា​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​។

លោក​ Chew ​​រំពឹង​ថា​ នឹង​​លើក​ឡើង​​នៅ​មុខ​​​សភា​​​អំពី​ការ​អនុវត្ត​ឯក​ជន​ភាព​ និង​សុវត្ថិភាព​ទិន្នន័យ​របស់​តិកតុក​​​​ក៏​ដូច​ជា​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ចិន​ ដែល​ខ្លួន​រង​ការ​ចោទ​ប្រកាន់​។ ​​ក្នុង​សក្ខី​កម្ម​ដែល​បង្ហោះ​ដោយ​​គណៈកម្មាធិការ​សភា​​នៅ​ថ្ងៃ​អង្គារ​ លោក​ Chew បាន​ថ្លែង​អះ​អាង​ថា​៖ «តិកតុក​​មិន​ដែល​ចែក​រំលែក​ ឬ​ទទួល​បាន​សំណើ​ដើម្បី​ចែក​រំលែក​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​អាមេរិក​ជាមួយ

​រដ្ឋា​ភិបាល​ចិន​នោះ​​ទេ​។តិកតុក​​ក៏​នឹង​មិន​​ធ្វើ​តាម​​ដែរ​ ប្រសិន​បើ​គេ​ធ្លាប់​ទទួល​បាន​សំណើ​បែប​នេះ»។ ​​លោក​Chew ​បាន​បន្ថែម​ថា​ ក្រុមហ៊ុន​មេ​របស់​តិកទុក​ គឺ​ក្រុម​ហ៊ុន​​ ByteDance ​មិន​មែន​ជា​កម្មសិទ្ធិ ​ឬ​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ចិន​ ឬ​អង្គភាព​រដ្ឋ​ណា​មួយ​ឡើយ​៕