
អ្នកតវ៉ា ចូលរួមបាតុកម្មដើម្បីប្រឆាំងនឹងការកែទម្រង់ប្រាក់សោធននិវត្តន៍របស់រដ្ឋាភិបាល។ AFP
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញភាពរឹងរូសកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក បានរួចផុតពីការបោះឆ្នោតសម្តែងការមិនទុកចិត្តលើការបង្កើនអាយុចូលនិវត្តន៍ ប៉ុន្តែបានជំរុញឱ្យមានភាពស្ងប់ស្ងាត់ខណៈដែលក្រុមអ្នកតវ៉ាខឹងសម្បាបានបន្តសម្ពាធនៅតាមដងផ្លូវ។
ដោយមិនអើពើនឹងការអំពាវនាវពីគូប្រជែង លោក ម៉ាក្រុង បាននិយាយ ថា នឹងមិនមានការរុះរើរដ្ឋាភិបាល គ្មានការបោះឆ្នោតសភាថ្មី និងគ្មានការធ្វើប្រជាមតិលើកំណែទម្រង់សោធននិវត្តន៍ដ៏ចម្រូងចម្រាសរបស់លោកទេ ទោះបីជាមានការប្រឈមមុខនឹងការតវ៉ាទូទៅ ដែលបាននាំឱ្យមនុស្សរាប់លាននាក់ ឡើងទៅតាមផ្លូវនានាក្តី។
លោកបានប្រាប់ការប្រជុំនៃក្រុមអ្នកនយោបាយថា៖ «យើងកំពុងប្រឈមនឹងពេលមួយដែលយើងត្រូវតែធ្វើឱ្យស្ងប់ស្ងាត់ផ្អែកលើហេតុផល និងស្តាប់កំហឹងរបស់ប្រជាជន»។
ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការអំពាវនាវឱ្យមានអំណាចរដ្ឋធម្មនុញ្ញដើម្បីបង្ខំឱ្យមានការកែទម្រង់ប្រាក់សោធននិវត្តន៍តាមរយៈរដ្ឋសភាដោយគ្មានការបោះឆ្នោតកាលពីសប្តាហ៍មុន បានធ្វើឱ្យសម្ព័ន្ធមិត្តនយោបាយមិនសប្បាយចិត្ត និងបង្កឱ្យមានការខឹងសម្បានៅតាមដងផ្លូវ។
ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងប៉ារីស និងទីក្រុងផ្សេងទៀតនៃប្រទេសបារាំងសម្រាប់ការតវ៉ាមួយយប់មួយទៀត លោកម៉ាក្រុង បាននិយាយថា «កុបកម្មមិនឈ្នះតំណាងរបស់ប្រជាជនទេ» ។
ប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកតវ៉ានៅទីក្រុងប៉ារីស និងបានធ្វើការចាប់ខ្លួនមនុស្សបន្ថែមទៀត បន្ទាប់ពីមនុស្សជិត ៣០០ នាក់ ត្រូវបានឃុំខ្លួនរួចហើយកាលពីយប់ថ្ងៃចន្ទ រួមទាំង ២៣៤ នាក់ នៅក្នុងរដ្ឋធានីនេះ។
រដ្ឋាភិបាលកណ្តាលនិយមរបស់លោកម៉ាក្រុងបានរួចផុតពីចលនាមិនទុកចិត្តចំនួន ២ នៅក្នុងសភាកាលពីថ្ងៃចន្ទដោយបានបើកផ្លូវឱ្យមានច្បាប់ ដែលបង្កើនអាយុចូលនិវត្តន៍ពី ៦២ ឆ្នាំ ទៅ ៦៤ ឆ្នាំ។
អ្នកវិទ្យាសាស្ត្រនយោបាយលោក Jerome Jaffre បានប្រាប់វិទ្យុ France Inter កាលពីថ្ងៃអង្គារថា៖ «កំណែទម្រង់ត្រូវបានអនុម័ត ប៉ុន្តែវាមិនត្រូវបានគេមើលឃើញថា ស្របច្បាប់នៅក្នុងក្រសែភ្នែករបស់ប្រជាជនបារាំងនោះទេ»។ «នោះគឺជាប្រភពនៃបញ្ហា ភាពជូរចត់ហើយវា នៅឆ្ងាយពីការដោះស្រាយណាស់»។
បាតុកម្មក៏បានកើតឡើងនៅទីក្រុង Grenoble, Rennes, Lille និង Nantes ជាទី ដែលមានការប៉ះទង្គិចគ្នា បានកើតឡើង។
ការប៉ះទង្គិចស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងទីក្រុងភាគខាងកើតគឺទីក្រុង Dijon និង Strasbourg ជាកន្លែងអ្នកតវ៉ា បានវាយកម្ទេចបង្អួចនៃហាងទំនិញមួយ។
មេដឹកនាំស្តាំនិយមជ្រុលលោកស្រី Marine Le Pen បានព្រមានលោក ម៉ាក្រុង កាលពីថ្ងៃអង្គារថា លោកកំពុងជំរុញប្រទេសនេះឱ្យឈានទៅដល់មាត់ជ្រោះនៃការបែកបាក់សង្គម។
លោកស្រី Le Pen បានប្រាប់សារព័ត៌មាន AFP នៅក្នុងបទសម្ភាសន៍មួយថា៖ «រដ្ឋាភិបាលកំពុងបង្កើតលក្ខខណ្ឌជាច្រើននៃការបែកបាក់សង្គមដូចជាប្រសិនបើពួកគេកំពុងស្វែងរកនោះដោយបន្ថែមថា លោកស្រី នឹងមិនជួយ «ពន្លត់ភ្លើង»នៃកំហឹងសាធារណៈជុំវិញច្បាប់នេះឡើយ។
មេធាវី ចៅក្រម និងអ្នកនយោបាយមួយចំនួនបានចោទប្រកាន់ប៉ូលិស ថាបានធ្វើការចាប់ខ្លួនតាមអំពើចិត្តក្នុងការប៉ុនប៉ងរារាំងការតវ៉ាប្រឆាំងរដ្ឋាភិបាល។
ពួកគេបានលើកឡើងជាភ័ស្តុតាងថា ភាគច្រើនៃអ្នកតវ៉ាដែលត្រូវបានឃុំខ្លួន ត្រូវបានដោះលែងបន្ទាប់ពីប៉ុន្មានម៉ោងដោយគ្មានការចោទប្រកាន់ណាមួយឡើយ។
លោក Raphael Kempf មេធាវីជំនាញខាងសិទ្ធិមនុស្ស និងសេរីភាព បាននិយាយថា៖ «ច្បាប់ព្រហ្មទណ្ឌ កំពុងត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល ដើម្បីរារាំងបាតុករពីការអនុវត្តសិទ្ធិរបស់ពួកគេក្នុងការធ្វើបាតុកម្ម»។
ស្នងការប៉ូលិសក្រុងប៉ារីស លោក Laurent Nunez បានច្រានចោលការចោទប្រកាន់នេះ ដោយប្រាប់ទូរទស្សន៍ BFMTV ថា «មិនមានការចាប់ខ្លួនដោយអយុត្តិធម៌ទេ»៕