នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូ​មី​អូ គី​ស៊ី​ដា​ ​(Fumio Kishi da)​ កាលពី​ថ្ងៃទី​ ២១ ខែមីនា ឆ្នាំ​ ២០២៣ បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​កៀវ ​(Kyiv)​ ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ​(Volodymyr Zelenskyy) ដែលជា​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ និង​មិនបាន​ប្រកាស​ឱ្យដឹង​ជាមុន​ឡើយ​។ ដំណើរ​ទស្សនកិច្ច​នេះ​ជប៉ុន​ចង់​បញ្ជាក់​ពី​ការគាំទ្រ​យ៉ាង​យកចិត្តទុកដាក់​របស់​ទីក្រុង​តូ​ក្យូ ទៅកាន់​អ៊ុយ​ក្រែ​ន​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​គួរ​កត់សម្គាល់ថា លោក គី​ស៊ី​ដា គឺជា​មេដឹកនាំ​តែ​ម្នាក់​គត់​នៅក្នុង​ចំណោម​ក្រុម​ប្រទេស​អ្នកមាន​ទាំង​ ៧ ឬ​ហៅថា G7​ ដែល​មិនទាន់បាន​ទៅ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​ជាមួយ​រុស្ស៊ី​។​ហើយ​ទស្សនកិច្ច​លើក​នេះ​ត្រូវបាន​គេ​មើលឃើញថា មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ជប៉ុន​ពោលគឺ​ពលរដ្ឋ ជប៉ុន​ភាគច្រើន បាន​គាំទ្រ​ឱ្យ​លោក​ធ្វើ​ទស្សនកិច្ច​ទៅកាន់ អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ខែកុម្ភៈ​ឆ្នាំមុន​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​បាន​ទៅ​ទស្សនា​ទីក្រុង​ប៊ូ​ឆា ​(Bucha)​ ហើយ​ទីក្រុង​នេះដែរ​ត្រូវបាន​លោក​អភិបាលក្រុង​ឱ្យដឹងថា មាន​ជន​ស៊ីវិល​ជាង​ ៤០០​ នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​រុស្ស៊ី​កាលពី​ឆ្នាំមុន​ហើយ​ចាប់តាំងពី​ពេលនោះ​មកវា​បានក្លាយ​ទៅជា​ទីតាំង​សម្រាប់​នឹករឭក​ដល់​អំពើ​ដ៏​ឃោរ​ឃៅ​របស់​រុស្ស៊ី​ក្នុងអំឡុងពេល​សង្គ្រាម​។​លោក គី​ស៊ី​ដា ក៏បាន​ដាក់​កម្រងផ្កា​កាន់ទុក្ខ​នៅ​ខាងក្រៅ​ព្រះវិហារ​មួយ​មុនពេល​ដែល​លោក​បាន​ឈរ​ស្មិងស្មាធិ៍​ដោយ​ភាព​ស្ងៀមស្ងាត់​មួយ​ភ្លែត​និង​បាន ក្រាប​គោរព​ទៅកាន់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទាំងអស់នោះ​។​

​លោក គី​ស៊ី​ដា បាន​មានប្រសាសន៍ថា​៖ «​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​មែនទែន​ដែល​ឃើញ​ជន​ស៊ីវិល​ស្លូតត្រង់​នៅ​ទីក្រុង​ប៊ូ​ឆា​ត្រូវបាន​សម្លាប់​កាលពី ​១ ឆ្នាំមុន​។​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ខឹង​ខ្លាំងណាស់ ចំពោះ​អំពើ​ដ៏​ឃោរឃៅ​ដែល​បាន​កើតឡើង​នៅ​ទីកន្លែង​នេះ​»​។

លោកនាយក​រដ្ឋមន្ត្រី​រូប នេះ​បន្តថា «​តំណាងឱ្យ​ប្រជាជន​ជប៉ុន​ទាំងអស់​ខ្ញុំ​សូម​ចូល រួម​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះ​ទាំងអស់​និង​អ្នករបួស​ផ្សេងទៀត​។​ប្រទេស​ជប៉ុន​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែ​ន​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឱ្យ​អ៊ុយ​ក្រែ​ន​អាច​ទទួលបាន​សន្តិភាព​ឡើងវិញ​»​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​គី​ស៊ី​ដា​ហាក់ដូចជា​រឿង​ដែល​ចៃដន្យ​មួយ​ពោលគឺ​ស្របពេល​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង ទៅកាន់​ប្រទេស​រុស្ស៊ី​។​កាលពី​ថ្ងៃ​អង្គារ ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាស​ឱ្យដឹងថា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ចំនួន​ ២​ របស់ខ្លួន​បាន​ហោះ​នៅលើ​ដែនអាកាស​សមុទ្រ​ជប៉ុន​អស់​រយៈពេល​ជាង ៧ ម៉ោង​។ ទង្វើ​នេះ​ត្រូវបាន​គេ​មើលឃើញថា វា ហាក់បីដូចជា​ការឆ្លើយ​តប​របស់​រុស្ស៊ី​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក គី​ស៊ី​ដា ទៅកាន់​ទីក្រុង​កៀវ ។​

​គួររំឭកថា នៅ​ខែឧសភា ឆ្នាំ​ ២០២៣ ​ខាងមុខនេះ ប្រទេស​ជប៉ុន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល ​G7 នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ​(Hiro shima) ដែលជា​ស្រុកកំណើត​របស់លោក គី​ស៊ី​ដា​។ កន្លងមក​រដ្ឋា​ភិ​បាល​ទីក្រុង​តូ​ក្យូ​តែងតែបាន​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​និង​បាន​ចូលរួម​ជាមួយ​ក្រុម​ប្រទេស G7 ផ្សេងទៀត​ក្នុងការ​បន្ត​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី​បន្ថែម​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក គី​ស៊ី​ដា ត្រូវបាន​រក្សាទុក​ជាកា​រ​សម្ងាត់​រហូតដល់​នាទីចុងក្រោយ​ដែល​លោក​បាន​ទៅដល់​ទីក្រុង​កៀវ​តែម្ដង​ដែល នេះ​គឺ​ដោយសារតែ​ជប៉ុន​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិ​ភាព​របស់​លោកនាយក​រដ្ឋមន្ត្រី​។​

​វា​ជា​រឿង​ដ៏​កម្រ​ណាស់​សម្រាប់​មេដឹកនាំ​ជប៉ុន​ក្នុង​ការធ្វើ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​ណាមួយ​ដោយ​មិនបាន​ប្រកាស​ជា​សា​ធារ​ណៈ​។​

​ទូរទស្សន៍​សាធារណៈ​ NHK របស់​ជប៉ុន​បានបង្ហាញ​វីដេអូ​របស់លោក គី​ស៊ី​ដា​ដែល​កំពុងនិយាយ​ជាមួយ​ក្រុមមន្ត្រី​បន្ទាប់ពី​លោក​បាន​ទៅដល់​ទីក្រុង កៀវ ដោយ​ការ​​ធ្វើដំណើរ​តាម រយៈ​រថភ្លើង​ចេញពី​ទីក្រុង ​Przemysl ព្រំដែន​ប្រទេស​ប៉ូឡូញ​។

លោក ​គី​ស៊ី​ដា បាន​មានប្រសាសន៍ថា​៖ «​កិច្ចប្រជុំ​កំពូល​ G7 គួរតែ​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មុតមាំ​ដើម្បី​រក្សា​សណ្តាប់ ធ្នាប់​អន្តរជាតិ​និង​នីតិរដ្ឋ​ក្នុងការ​ឆ្លើយតប​ទៅនឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​»​។​

​ប្រទេស​ជប៉ុន​ដែល​ជាស​ម្ព័​ន្ធ​មិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក​ក៏មាន​ជម្លោះព្រំដែន​ជាមួយ​ទីក្រុង​ម៉ូស្គូ​ផងដែរ ពោលគឺ​មាន​តាំងពី​សង្គ្រាមលោកលើកទី​ ២ បានបញ្ចប់​មក​ម្ល៉េះ​។​ហើយ​ការ​ឈ្លា​ន​ពាន​របស់​រុស្ស៊ី​ក៏បាន​ធ្វើឱ្យ​ទីក្រុង តូ​ក្យូ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជាពិសេស​ពលរដ្ឋ​ជប៉ុន​បានលើកឡើង​ជា​សំណួរ​ថា តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​ប្រទេស​ជប៉ុន​ប្រសិនបើ​ប្រទេស​ចិន​ឈ្លា​ន​-​ពាន​តៃវ៉ាន់​?

​ដោយមាន​ការលើកទឹកចិត្ត​ពី​សហ​រដ្ឋ​អាមេរិក​កាលពី​ខែធ្នូ ជប៉ុន​បាន​ពង្រីក​វិសាលភាព​យោធា​របស់ខ្លួន​មិន​ធ្លាប់ធ្វើ​ពីមុន​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២ មក​។ ជាក់ស្ដែង ជប៉ុន​បាន​ប្តេជ្ញា​ថា​នឹង​ចំណាយ​ថវិកា​លើ​វិស័យ​ការពារជាតិ​ទ្វេដង គឺ​រហូតដល់​ទៅ ២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ខាងមុខ​។​

​យោងតាម​ក្រសួងការបរទេស​ជប៉ុន​បានឱ្យដឹងថា លោក ​គី​ស៊ី​ដា​ ក៏​នឹង​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ប៉ូឡូញ​មុនពេល​ត្រឡប់​ទៅកាន់​ប្រទេស​ជប៉ុន វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ គួរ​បញ្ជាក់ថា ​មុនពេល​ចេញដំណើរ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​ប៉ូឡូញ​លោក គី​ស៊ី​ដា ក៏បាន​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​និង​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ឥណ្ឌា​លោកនាយក​រដ្ឋមន្ត្រី ណារិន ដ្រាម៉ូ​ឌី ផងដែរ​៕