ប្រធានាធិបតី​រុស្ស៊ី ​លោក ​វ្ល៉ាឌីមៀ ​ពូទីន កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ទទួល​ស្វាគមន៍​​មេដឹក​នាំ​ចិន​ លោក​ ស៊ី​ ជីនភីង​ ដែល​ជា​មិត្ត «​​​ប្ដូរ​ផ្ដាច់» ​យ៉ាង​កក់​ក្តៅ​នៅ​វិមាន​ក្រឹមឡាំង​​នា​ក្រុងម៉ូស្គូ ដែល​ជា​ការ​​ផ្ញើ​សារ​ដ៏មាន​ន័យ​ជ្រា​ល​ជ្រៅ​​ទៅ​កាន់​លោក​ខាង​លិច​ថា​ កិច្ច​ប្រឹង​ប្រែង​​​កាត់​ផ្ដាច់​រុស្ស៊ី​ឱ្យ​នៅ​ឯកោ​នោះ​​មិន​សម្រេច​តាម​បំណង​នោះ​ទេ​។

​ដំណើរ​​ទស្សនកិច្ច​​​របស់​លោក​ ស៊ី​ ដែល​ធ្វើ​ឡើង​​​ជា​លើក​ដំបូង​ក្រោយ​ប្រធានាធិបតី​រូប​នេះ​ឡើង​កាន់​អំ​ណាច​​​អាណត្តិ​ទី​៣​ជា​ផ្លូវ​ការ​នៅ​ដើម​ខែ​នេះ​ ​​​បាន​​បង្ហាញ​​ពី​​ភាព​ស្វាហាប់​​ផ្នែក​​ការ​ទូត​​​ថ្មី​​របស់​​ទីក្រុង​​ប៉េកាំង​ និង​​ផ្តល់​​​ការ​លើក​​កម្ពស់​ផ្នែក​​នយោបាយ​​ដល់​​លោក​ ពូទីន​ ​ត្រឹម​តែ​​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណេះ​ ​ក្រោយ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ (ICC) ​នៅ​ទីក្រុង​ឡាអេ ​​ចេញ​ដីកា​ចាប់​ខ្លួន​​​​មេដឹក​នាំ​រុស្ស៊ី​​​ពី​បទ​​ឧក្រិដ្ឋកម្ម​​​សង្គ្រាម​​​នៅ​អ៊ុយក្រែន​។

​​

​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ អង់តូនី ប្ល៊ីងកែន​ បាន​ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ី​ នា​ពេល​នេះ​បង្ហាញ​ថា​​ ​៖ «​ចិន​គ្មាន​អារម្មណ៍​ថា ​ត្រូវ​ទទួល​ខុស​ត្រូវ​​ ក្នុង​ការជំរុញ​​ឱ្យ​វិមាន​ក្រឹមឡាំង​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃោរ ឃៅ​ដែល​ខ្លួន​​ប្រព្រឹត្ត​នៅ​អ៊ុយក្រែន​»។​

លោក​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​ជំនួស​ឱ្យ​ការ​ថ្កោល​ទោស​​ ចិន​នឹង​ផ្តល់​ការ​ការពារ​ការ​ទូត​សម្រាប់​រុស្ស៊ី ​ដើម្បី​បន្ត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់​ធ្ងរ​​​»​។

ទាំង​ចិន​ និង​រុស្ស៊ី​ បាន​​ហៅ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​របស់​លោក​ ស៊ី​ថា​ ​ជា​ឱកាស​មួយ​ក្នុង​ការ​ព​ង្រឹង​«​មិត្ត​ភាព​គ្មាន​ដែន​កំណត់​» រវាង​មហា​អំណាច​កុម្មុយនី​ស្ត​ទាំង​២។​ ​ចិន​សម្លឹង​មើល​ទៅ​រុស្ស៊ី​ជា​ប្រភព​ផ្គត់​ផ្គង់​ប្រេង​ និង​ឧស្ម័ន​សម្រាប់​សេដ្ឋកិច្ច​​ និង​ជា​ដៃគូ​ក្នុង​ការ​ប្រកាន់​ជំហរ​រួម​មួយ​ ដែល​មើល​ឃើញ​សហ​រដ្ឋ​អាមេរិក​ថា​ជា​​អ្នក​បង្កើត​អរិភាព​​ ធ្វើ​​ការ​ត្រួត​ត្រា​លើ​កិច្ចការ​ពិភព​លោក​ និង​​តែង​តែ​​ផ្តន្ទាទោស​ខ្លួន​យ៉ាង​អយុត្តិធម៌​​​ពេល​និយាយ​អំពី​​កំណត់​ត្រា​សិទ្ធិ​មនុស្ស​​។

​គួរ​គត់​សម្គាល់​ថា​ ចិន​មិន​បាន​ថ្កោល​ទោស​ ឬ​ប្រឆាំង​រុស្ស៊ី​ចំពោះ​ការ​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​ដែល​កំ​ពុង​បន្ត​អូស​បន្លាយ​នោះ​ទេ​ ប៉ុន្តែ​ពេល​នេះ​តាំង​ខ្លួន​ថា​ជា​អ្នក​បង្កើត​សន្តិភាព​ជុំ​វិញ​​ជម្លោះ​នៅ​អ៊ុយក្រែន​។ ចិន​ និង​រុស្ស៊ី​ ថែម​ទាំង​បាន​ពង្រឹង​​វិស័យ​ការពារ​ជាតិ​​ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជា​ដើម​។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ពោល​គឺ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ី​ នា​ពេល​នេះ​ សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា ខ្លួន​មាន​ភស្តុតាង​ដែល​បង្ហាញថា​​​ ចិន​​កំពុង​ពិចារណា​លើ​ការ​ផ្គត់​ផ្គង់​សព្វាវុធ​ដល់​រុស្ស៊ី​ ដើម្បី​យក​ទៅ​ប្រើ​ក្នុង​ការ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន​ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​មិន​បាន​បង្ហាញ​ភ័ស្តុតាងឱ្យ​ច្បាស់​លាស់​នោះ​ទេ​។

ខណៈ​ដែល​ភាព​ល្អក់​កករ​ជាមួយ​លោក​ខាង​លិច​កាន់​តែ​អាក្រក់​ទៅ​ៗ​ ចិន ដែល​​ប្រកាន់​យក​ជំហរ​អព្យាក្រឹត​លើ​ជម្លោះ​នៅ​អ៊ុយក្រែន​ ​បាន​​បន្ត​ភាព​ល្អូក​ល្អឺន​ជាមួយ​រុស្ស៊ី​។ ភាព​ល្អូក​ល្អឺន​ទាំង​នោះ​ ស្ដែង​ចេញ​​​តាម​រយៈ​ផ្នែក​ការ​ទូត​ នយោបាយ​ និង​សេដ្ឋកិច្ច​ផ្សេង​ៗ។ វា​ក៏​ស្ដែង​ចេញ​​​ឱ្យ​ឃើញ​ក្នុង​ជំនួប​​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ផង​ដែរ​។

បើ​តាម​ការសរសេរ​​រៀប​រាប់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP មុន​​អង្គុយ​ចុះ​ពេល​ជំនួប​ចាប់​ផ្ដើម​​ លោក ស៊ី​ និង​លោក​ ពូទីន​ បាន​ញញឹម​ ហើយ​​ចាប់​ដៃ​គ្នា​ ដោយ​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​ «មិត្ត​សម្លាញ់​» និង​ថែម​ទាំង​បាន​ដោះ​ដូរ​ការ​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង​។ ​​លោក ​ពូទីន ​បាន​អបអរ​សាទរ​​​លោក ​ស៊ី ​​ចំពោះ​​ការ​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានា ធិបតី​ឡើង​វិញ​ ហើយ​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​សម្រាប់​ការ​កសាង​ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ​ ជា​មួយ​ប្រទេស​របស់​ខ្លួន​ ដែល​កំពុង​តែ​ឯកោ​​ក្រោម​យន្តការ​របស់​លោក​ខាង​លិច​។

​លោក​ ពូទីន ​បាន​បន្លឺ​ឡើង​ថា​៖ «​​ចិន​បាន​ឈាន​ទៅ​មុខ​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិវឌ្ឍរបស់​ខ្លួន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​»។​ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​ AP ពី​ជំនួប​ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​។ ហើយ​ខណៈ​លោក​ ស៊ី​ មិន​ទាន់​​បាត់​ញញឺម​ផង​ លោក​បន្ថែម​ថា​ ការ​ឈាន​ទៅ​មុខ​របស់​ចិន​ «​បណ្តាល​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ពិត​ប្រាកដ​នៅ​ជុំវិញ​ពិភព​លោក​ ហើយ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ច្រណែន​តិច​ៗ​ដែរ​»។​

​​ក្រៅ​ពី​នេះ​ លោក​ ពូទីន​ ​ក៏​​​បាន​​ស្វាគមន៍​​ចំពោះ​​សំណើ​​របស់​​ចិន​លើ​​​ដំណោះ​ស្រាយ​​នយោបាយ​​​សម្រាប់​ជម្លោះ​ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី​នៅ​​​អ៊ុយក្រែន​​ ហើយ​​បាន​​កត់​សម្គាល់​អ្វី​ដែល​ក្រុងម៉ូ​ស្គូ​ បាន​ទទូច​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ការ​ឃោសនា​របស់​ខ្លួន​ថា​​​ រុស្ស៊ី​​បើក​ចំហ​​សម្រាប់​​ការ​ចរចា​។

​ទាំង​ទីក្រុង​ម៉ូស្គូ​ និង​ទីក្រុង​ប៉េកាំង​ បាន​ចោទ​ប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា ​បាន​ព្យាយាម​កាត់​ផ្ដាច់​​ និង​រារាំង​ការ​អភិវឌ្ឍ ​របស់​ខ្លួន​ ​ក្នុង​ការ​​ប្រកួត​ប្រជែង​ដើម្បី​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​តំបន់ ​និង​ពិភព​លោក​។​ ​ចិន​ និង​អាមេរិក​ មាន​ជម្លោះ​ជាមួយ​គ្នា​រាប់​តាំង​ពី​ភូមិសាស្រ្ត​នយោបាយ​ រហូត​ដល់​សេដ្ឋកិច្ច​ ខណៈ​​អាមេរិក​ ក៏​កំពុង​ដឹក​នាំ​សម្ព័ន្ធ​មិត្ត​ និង​ប្រទេស​ផ្សេង​​ទៀត​ឱ្យ​ប្រឆាំង​នឹង​រុស្ស៊ី​ចំពោះ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។ ​យ៉ាង​ណា​មិញ​ វា​លំបាក​សម្រាប់​អាមេរិក​​ក្នុង​ការ​ទទួល​បាន​ការ​​គាំទ្រ​ទូលំទូលាយ​ ទោះ​បី​ជា​ប្រទេស​ច្រើន​លើស​លប់​​បោះ​ឆ្នោត​ថ្កោល​ទោស​រុស្ស៊ី​នៅ​អង្គការ​សហប្រជាជាតិ​ក៏​ដោយ​។ ប្រទេស​ធំ​ៗ​រួម​ទាំង​​អាហ្វ្រិក​ខាង​ត្បូង​ ​ឥណ្ឌា​ និង​ចិន​ សុទ្ធ​តែ​មិន​ថ្កោល​ទោស​ចិន​ ដោយ​ការ​ប្រកាន់​ជំហរ​អព្យាក្រឹត​ ខណៈ​ពង្រឹង​ទំនាក់​ទំនងភាព​ជា​ដៃ​គូ​រាប់​តាំង​ពី​យោធា​ រហូត​ដល់​សេដ្ឋកិច្ច​​​ជាមួយ​រុស្ស៊ី​។ ​

ក្នុង​ជំនួប​នៅ​ថ្ងៃ​ចន្ទ​ដដែល​ ​ លោក​ Xi ​បាន​លើក​ឡើង​ថា​​៖ «​យើង​សង្ឃឹម​ថា​ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ចិន​ និង​រុស្ស៊ី ​នឹង​លើក​តម្កើង​ភាព​យុត្តិធម៌​ និង​យុត្តិធម៌​អន្តរជាតិ​ ហើយ​ម្យ៉ាង​វិញ​ទៀត​ ជំរុញ​ឱ្យ​មាន​វិបុលភាព​ និង​ការ​អភិវឌ្ឍរួម​នៃ​ប្រទេស​របស់​យើង​»​។

បើ​យោង​តាម​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​ លោក ឌ្មីទ្រី​ ប៉េស្កូវ​ ក្នុង​ជំនួប​​រយៈ​ពេល​ ៤ ម៉ោង​កន្លះ​ ​​លោក​ ពូទីន​ បាន​​ពន្យល់​ទៅ​លោក​ ស៊ី​ ជា​​លម្អិត​​​​អំពី​សកម្មភាព​យោធា​របស់​ទីក្រុង​មូស្គូ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ស្រប​ពេល​ដែល​​កិច្ចពិភាក្សា​ទូលំ​ទូលាយ​លើ​ប្រធាន​បទ​ជាច្រើន​ រំពឹង​ថា​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​។

គួរ​គូស​បញ្ចាក់​ជា​ថ្មី​ថា​ សម្រាប់​លោក​ ពូទីន​ វត្តមាន​របស់​មិត្ត​សម្លាញ់​ ស៊ី គឺ​​​ជា​ការ​ជំរុញ​ផ្នែក​ការ​ទូត​ដ៏​មាន​កិត្យានុ ភាព​ ដើម្បី​បង្ហាញ​ពី​ភាព​ជា​ដៃគូ​ក្នុង​ការ​ប្រឈម​មុខ​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ខាង​លិច​ ដើម្បី​ដាក់​​រុស្ស៊ី​ឱ្យ​នៅ​ឯកោ​។

​​​ក្នុង​អត្ថបទដែល​​ចុះ​ផ្សាយ​ដោយ​កាសែត​រដ្ឋ​ចិន​ People''s Daily ​លោក​ពូទីន​ បាន​ពណ៌នា​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ស៊ី​​ ថា​ជា​«​ព្រឹត្តិការណ៍​សំខាន់​»​ ដែល​«​បញ្ជាក់​ឡើង​វិញ​នូវ​លក្ខណៈ​ពិសេស​នៃ​ភាព​ជា​ដៃគូ​រុស្ស៊ី​-​ចិន​»​ ហើយ​​លោក​បាន​បន្ត​​ថា​ កិច្ច​ប្រជុំ​នេះ​បាន​ផ្តល់​សញ្ញា​ថា​ ប្រទេស​ទាំង​​២​ មិន​ត្រៀម​ខ្លួន​ក្នុង​ការ​ទទួល​យក​ការ​ប៉ុន​ប៉ង​ធ្វើ​ឱ្យ​ខ្លួន​ចុះ​ខ្សោយ​នោះ​ទេ​។

លោក​ ពូទីន​ បាន​កត់សម្គាល់​ថា​៖ «​​​​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រារាំង​រុស្ស៊ី ​និង​ចិន​ក្នុង​ពេល​ដំណាល​គ្នា​ ក៏​ដូច​ជា​​ប្រទេស​​ទាំង​អស់​ដែល​មិន​​​ចុះ​នឹង​​ភាព​ផ្ដាច់​ការ​របស់​​អាមេរិក ​គឺ​កាន់​តែ​កាច​សាហាវ​ និង​កាន់​តែ​កំរោល​ទៅ​ៗ​​»។

ជាមួយ​គ្នា​នេះ​ យ៉ាង​ណា​មិញ​ ​​ចិន​ចាត់​ទុក​​​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ី​ ថា​ជា​ផ្នែកមួយ​​នៃ​ការ​ផ្លាស់​ប្តូរ​ការ​ទូត​ធម្មតា​ ហើយ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​គោល​បំណង​របស់​ខ្លួន​​នោះ​ទេ​ បើ​ទោះ​បី​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក​ Wang Wenbin ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​ចិន​នឹង​រក្សា​គោល​ជំហរ​ និង​យុត្តិធម៌​របស់​ខ្លួន​ចំពោះ​វិបត្តិ​អ៊ុយក្រែន​ ហើយ​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​លើក​កម្ពស់​​ការ​ពិភាក្សា​សន្តិភាព​​​ក៏​​ដោយ​​។

​បើ​តាម​ AP ​លោក​ ស៊ី​មិន​បាន​និយាយ​ដោយ​ផ្ទាល់​អំពី​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ ឬ​ផែនការ​សន្តិភាព​របស់​​លោក​នោះ​ទេ​ ​ពេល​​អង្គុយ​​​ពិភាក្សា​​ជាមួយ​លោក​ពូទីន​។

​​

ថ្មី​ៗ​នេះ​ លោក​ ស៊ី​ បាន​អំពាវ​នាវ​ឱ្យ​ចិន​​ដើរ​តួនាទី​កាន់​តែ​ធំ​ក្នុង​ការ​គ្រប់​គ្រង​កិច្ចការ​ពិភព​លោក​ ក្រោយ​ចិន​សម្រេច​បាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​សម្រប​សម្រួល​កិច្ច​ចរចា​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​​​អ៊ីរ៉ង់​ និង​​អារ៉ាប៊ីសាអ៊ូឌីត​ឡើង​វិញ​។

គួរ​រំឭក​ថា​ ទោះ​បី​ជា​ចិន​ និង​រុស្ស៊ី​ អួត​ក្ដែង​ៗ​ពី​ភាព​ជា​ដៃគូ​ «​គ្មាន​ដែន​កំណត់​» ក៏​ដោយ​ ​ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​នៅ​តែ​អនុវត្ត​គោ​ល​នយោបាយ​ចិន​ជា​ធំ​​។ ចិន​​បាន​​បដិសេធ​​ពី​​ការ​​ផ្គត់​ផ្គង់​​ផ្នែក​យោធា​​ដល់​​រុស្ស៊ី​ ដែល​ជា​​ជំហាន​មួយ​​​អាច​​ធ្វើ​ឱ្យ​​ទំនាក់​ទំនង​​ជា​មួយ​​ក្រុង​​វ៉ាស៊ីនតោន​​កាន់​តែ​​អាក្រក់​​ហើយ​​បង្វែរ​​ដៃគូ​​ពាណិជ្ជកម្ម​​សំខាន់​ៗ​​​នៅ​​អឺរ៉ុប​ឱ្យ​​ប្រឆាំង​នឹង​​ចិន​។​

យ៉ាង​ណា​មិញ​ ចិន​​ក៏​បាន​បដិសេធ​មិន​ថ្កោល​ទោស​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ​ហើយ​ផ្ទុយ​ទៅ​វិញ​ បាន​រិះ​គន់​ការ​ដាក់​ទណ្ឌ កម្ម​របស់​លោក​ខាង​លិច​ប្រឆាំង​នឹង​ទីក្រុងម៉ូស្គូ ​ខណៈ​​ចោទ​ប្រកាន់​ណាតូ​ និង​សហរដ្ឋ​អាមេរិក​ថា ​បាន​បង្ក​រឿង​​ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​លោក​ ពូទីន​ បើក​ការ​ឈ្លាន​ពាន​។ ​

ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ​ ​ក្រុម​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា​ សម្ពាធ​របស់​លោក​ខាង​លិច​បាន​ធ្វើ​ឱ្យ​រុស្ស៊ី​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​លើ​ទីក្រុង​ប៉េកាំង​ ជា​ពិសេស​ការ​គាំទ្រ​ផ្នែក​ការ​ទូត​។

​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ Free University ​ក្នុង​ទីក្រុង​រីហ្គា​ នៃ​ប្រទេស​ឡេតូនី​ លោក​Dmitry Oreshkin​បាន​សង្កេត​ឃើញ​ថា​ ទីក្រុង​ប៉េកាំង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ភាព​តាន​តឹង​រវាង​ទីក្រុង​ម៉ូ​ស្គូ​ និង​លោក​ខាង​លិច​ តាម​រយៈ​ការ​ទទួល​បាន​​ការ​ផ្គត់​ផ្គង់​ថាមពល​ក្នុង​តម្លៃ​​ថោក​ៗ​របស់​រុស្ស៊ី​។​​ លោក​​បា​ន​​បន្ត​​​ថា​​៖​«​​វា​​មាន​​ភាព​​ងាយ​ស្រួល​​សម្រាប់​​ប្រទេស​​ចិន​ ដែល​​មិន​​អាច​​ទទួល​​បាន​​ការ​​បញ្ចុះ​​តម្លៃ​​បែប​​នេះ​​ពី​​មុន​​មក​​​»​​៕