
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ថ្លែងសុន្ទរកថាក្នុងអំឡុងការប្រារព្ធខួបលើកទី ១២៦ នៃការបង្កើតកងទ័ពហ្វីលីពីននៅ Fort Bonifacio ក្នុងទីក្រុង Taguig ជាយក្រុងម៉ានីល កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣។ AFP
ប្រធានាធិបតីហ្វ៊ីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជុនៀ (Ferdinand Marcos Jr) នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ បានលើកឡើងថា មូលដ្ឋានយោធាថ្មីចំនួន ៤ កន្លែង ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងការពារជាតិជាមួយសហរដ្ឋអាមេរិក នឹងត្រូវបានសាងសង់ឡើងនៅទីតាំងផ្សេងៗនៃផ្ទៃប្រទេសហ្វ៊ីលីពីន ក្នុងនោះក៏មាននៅក្នុងខេត្តមួយដែលជាប់នឹងសមុទ្រចិនខាងត្បូងផងដែរ។
សូមរំឭកថាកាលពីខែមុន លោក ម៉ាកូស បានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកចូលទៅធ្វើការសិក្សាមើលទីតាំងចំនួន ៤ កន្លែងបន្ថែមពីលើមូលដ្ឋានទ័ពដែលមានស្រាប់សព្វថ្ងៃនេះ ពោលគឺមូលដ្ឋានទ័ពអាមេរិកបច្ចុប្បន្នប្រចាំនៅប្រទេសហ្វី លីពីនមានចំនួន ៥ កន្លែងរួចស្រាប់ហើយ។
មូលដ្ឋានទ័ពទាំង ៥ នោះគឺស្ថិតនៅក្រោមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ ឬហៅកាត់ថា EDCA ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៤។
កិច្ចព្រមព្រៀងបង្កើតមូលដ្ឋានទ័ពអាមេរិកថ្មីនេះ បានប្រព្រឹត្តទៅចំពេលដែលចិនកំពុងបង្កើនឫទ្ធានុភាពខ្លាំងនៅសមុទ្រចិនខាងត្បូង និងនៅជុំវិញកោះតៃវ៉ាន់។
លោក ម៉ាកូស បានប្រាប់អ្នកសារព័ត៌មាននៅឯពិធីរំឭកខួបនៃការបង្កើតកងទ័ពហ្វីលីពីនថា ទីតាំងទាំងអស់មានចំនួន ៤ កន្លែងបន្ថែមទៀត ដែលនឹងបង្កើតឡើងនៅពាសពេញផ្ទៃប្រទេសហ្វីលីពីន។ កន្លែងខ្លះនៅភាគខាងជើង កន្លែងខ្លះនៅក្បែរៗកោះប៉ាឡាវ៉ាន (Palawan) និងខ្លះទៀតនៅភាគខាងត្បូងប្រទេស។
មិនត្រឹមតែប៉ុណ្ណោះ កិច្ចព្រមព្រៀង EDCA បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានទ័ពហ្វីលីពីនផ្សេងៗទៀត ក្នុងគោលបំណងហ្វឹកហ្វឺនរួមគ្នា ការកំណត់ទីតាំងរក្សាទុកសម្ភារបរិក្ខារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាផ្លូវនៅព្រលានយន្តហោះ កន្លែងផ្ទុកប្រេងឥន្ធនៈ និងលំនៅឋាន យោធាជាដើម។
យ៉ាងណាក៏ដោយ វត្តមានរបស់អាមេរិកនៅតាមមូលដ្ឋានទាំងអស់នោះមិនជាអចិន្ត្រៃយ៍នោះទេ។ លោក ម៉ាកូស បានឱ្យដឹងថា ហ្វីលីពីន និងសហរដ្ឋអាមេរិកនឹងធ្វើការប្រកាសពីទីតាំងមូលដ្ឋានទ័ពជាក់លាក់នាពេលឆាប់ៗខាងមុខនេះ។ លោកបានបន្ថែមថា ទីតាំងទាំងអស់នេះនឹងជួយជំរុញសមត្ថភាពរបស់ប្រទេសក្នុងការការពារផ្នែកខាងកើតនៃកោះលូហ្សូន (Luzon) ដែលជាកោះដ៏ធំបំផុតរបស់ហ្វីលីពីន។ កោះលូហ្សូន គឺជាកោះដ៏សំខាន់របស់ហ្វីលីពីនព្រោះវាមានទីតាំងស្ថិតនៅជិតបំផុតជាមួយនឹងកោះតៃវ៉ាន់ដែលជាកោះមានរដ្ឋាភិបាលដឹកនាំដោយខ្លួនឯង និងដែលចិនអះអាងថាជាខេត្តមួយរបស់ខ្លួន។
កាលពីថ្ងៃពុធ ក្រសួងការបរទេសចិនបានក្រើនរំឭកឡើងវិញនូវជំហររបស់ខ្លួនថាភាគីអាមេរិកកំពុងបង្កើនភាពតានតឹងតាមរយៈការពង្រីក និងពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់។ ក្រសួងដដែលបានបន្ថែមថា ប្រទេសនានាគួរតែមានការប្រុងប្រយ័ត្ន និងចៀសវាងការក្លាយទៅជាឧបករណ៍ប្រើប្រាស់របស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វ៉េនប៊ីន (Wang Wenbin) បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ជាទូទៅយើងជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសនានាគួរតែធ្វើឡើងក្នុងន័យអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយមិនគួរមានគោលបំណងផ្សេងទៅលើភាគីទី៣ ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទី៣នោះទេ»។
អតីតមេបញ្ជាការកងទ័ពហ្វីលីពីន ១ រូប បានថ្លែងជាសាធារណៈថា អាមេរិកបានស្នើសុំចូលទៅកាន់មូលដ្ឋានទ័ពហ្វី លីពីនដែលស្ថិតនៅក្នុងខេត្តអ៊ីសាបេឡា (Isabela) ខេត្តហ្សាមបេឡេស (Zambales) និងខេត្តខាហ្កាយ៉ាន (Cagayan) ក៏ដូចជានៅលើកោះលូហ្សូនដែលមានទីតាំងបែរមុខទៅទិសខាងជើងឆ្ពោះទៅកោះតៃវ៉ាន់ និងនៅលើកោះប៉ាឡាវ៉ានដែលស្ថិតនៅភាគនិរតី ក្បែរប្រជុំកោះ Spratly ដែលកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូង។
គួរដឹងដែរថា មេដឹកនាំមួយចំនួនក្នុងជួររដ្ឋាភិបាលរបស់លោក ម៉ាកូស បានសម្ដែងការមិនយល់ស្របជាមួយនឹងការចុះកិច្ចព្រមព្រៀង EDCA ដែលជាការសម្រេចចិត្តរបស់លោក ម៉ាកូស។ ពួកគេមានការព្រួយបារម្ភថា ប្រសិនបើមានជម្លោះពិតមែនរវាងសហរដ្ឋអាមេរិក និងចិនជុំវិញបញ្ហានៅកោះតៃវ៉ាន់ នោះប្រទេសហ្វីលីពីនអាចនឹងត្រូវបានអូសចូលទៅក្នុងជម្លោះនោះផងដែរ។
ប៉ុន្តែលោក ម៉ាកូស បានឱ្យដឹងថា រដ្ឋាភិបាលរបស់លោកបានពិភាក្សាជាមួយមេដឹកនាំទាំងនោះពីសារៈសំខាន់នៃការពង្រីកសិទ្ធិរបស់សហរដ្ឋអាមេរិកក្នុងការចូលទៅក្នុងមូលដ្ឋានទ័ព ហើយប្រធានាធិបតីរូបនេះក៏បានធ្វើការពន្យល់បន្ថែមពីមូលហេតុថាតើហេតុអ្វីបានជាសិទ្ធិចូលមូលដ្ឋានយោធារបស់ហ្វី លីពីនពីសំណាក់អាមេរិកពិតជាមានសារៈសំខាន់សម្រាប់ខេត្តរបស់ពួកគេ។
ដោយឡែក ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃស្មើនឹង ៨០ លានដុល្លារនៅតាមតំបន់មូលដ្ឋានទ័ពដែលមានស្រាប់ចំនួន ៥ កន្លែង។ ក្នុងនោះរួមមាន មូលដ្ឋានទ័ពអាកាសនៅកោះប៉ាឡាវ៉ានមូលដ្ឋានទ័ពអាកាសនៅខេត្តផាំផាងហ្កា(Pampanga)បន្ទាយទាហាននៅខេត្តណូវ៉ាអេជីចា (Nueva Ecija) មូលដ្ឋានទ័ពអាកាសនៅខេត្តហ្សេប៊ូ (Cebu) និងមូលដ្ឋានទ័ពអាកាសនៅឯកោះមីនដាណាវ (Mindanao)។
ថ្លែងនៅចំពោះមុខកងទ័ពហ្វីលីពីន លោក ម៉ាកូស បានប្រាប់ពួកគេឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលការគំរាមកំហែងពីកម្លាំងខាងក្រៅចំពោះសន្តិសុខកាន់តែច្រើន និងស្មុគស្មាញ ហើយមិនអាចទាយទុកជាមុនបាននោះទេ។
លោកបានមានប្រសាសន៍ថា៖ «ត្រូវមានការប្រុងប្រយ័ត្នជាមួយនឹងកត្តាដែលនឹងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពដែលរកបានដោយលំបាករបស់យើង។ យើងក៏ត្រូវបន្តបង្កើតទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងជាមួយសមភាគីបរទេសផងដែរ»។
ដោយមិនបានផ្តល់ព័ត៌មានជាក់លាក់ចំពោះការលើកឡើងរបស់ខ្លួន លោក ម៉ាកូស បានរំលេចថាការគំរាមកំហែងដែលកំពុងកើតមានមកលើទឹកដីប្រទេសហ្វីលីពីន តម្រូវឱ្យមានការកែប្រែយុទ្ធសាស្ត្រមួយចំនួន។ លោកបាននិយាយថា បរិយាកាសសន្តិសុខនៅខាងក្រៅកាន់តែមានភាពស្មុគស្មាញ ហើយវាក៏ជារឿងដែលកាន់តែមិនអាចទាយទុកជាមុនបានឡើយ៕