
លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu។ TASS
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឱ្យដឹងកាលពីថ្ងៃទី ២២ ខែមីនាថា រុស្ស៊ីបានបង្កើនប្រព័ន្ធយោធាក្បែរជប៉ុន ដោយដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារឆ្នេរ Bastion ទៅកាន់កោះប៉ារ៉ាមូសឺរ (Paramushir) ដែលស្ថិតក្នុងប្រជុំកោះជម្លោះគូរីល (Kuril)ដែលមានកោះខ្លះត្រូវបានជប៉ុនទាមទារថាជារបស់ខ្លួន។
លោក Shoigu បានថ្លែងពីបញ្ហានេះក្នុងវីដេអូដែលចែកផ្សាយឡើងដោយក្រសួងការពារជាតិ និងបានគូសបញ្ជាក់ថា វិធានការនេះគឺជាផ្នែកមួយនៃការពង្រឹងការការពារជាតិរបស់រុស្ស៊ីឱ្យកាន់តែទូលំទូលាយនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក។
លោក Shoigu បាននិយាយយ៉ាងដូច្នេះថា៖ «ដើម្បីទប់ស្កាត់រុស្ស៊ី និងចិន សហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយពង្រឹងទំនាក់ទំនងនយោបាយ និងយោធាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន តាមរយៈការបន្តបង្កើតគ្រោងសន្តិសុខអាមេរិកថ្មីនៅក្នុងតំបន់នេះ»។ លោកថា ប្រព័ន្ធការពារមីស៊ីល Bastion នឹងពង្រឹងសន្តិសុខរបស់រុស្ស៊ី នៅជុំវិញប្រជុំកោះគូរីល ដែលនៅបន្តបន្ទាប់គ្នាលើតំបន់ប៉ាស៊ីហ្វិកភាគខាងជើង។
គួរបញ្ជាក់ថា ការប្រកាសពីការបង្កើនយោធាក្បែរតំបន់មានជម្លោះជាមួយជប៉ុននេះ ធ្វើឡើង១ថ្ងៃបន្ទាប់ពីមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនភីង បានពង្រឹងភាពជាដៃគូ«គ្មានដែនកំណត់» ក្នុងកិច្ចពិភាក្សានៅវិមានក្រឹមឡាំង ដែលរួមបញ្ជូលទាំងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការថាមពល និងយោធាកាន់តែស៊ីជម្រៅ។
ជំហានរបស់រុស្ស៊ីនាពេលនេះ ធ្វើឡើងចំពេលដែលភាពតានតឹងភូមិសាស្រ្តនយោបាយជាមួយលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ក្រោមបរិបទនៃការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានកើនឡើងជាបន្តបន្ទាប់ ខណៈដែលអរិយភាពនៃតំបន់ប៉ាស៊ីហ្វិកខាងជើងក៏កើនឡើងជុំវិញការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។
ជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក បានទាមទារថា កោះចំនួន ៤ ដែលស្ថិតនៅក្នុងប្រជុំកោះគូរីលភាគខាងត្បូង និងត្រូវបានកងកម្លាំងសូវៀតរឹបអូសយកក្នុងសង្រ្គាមលោកលើកទី២ គឺនៅតែជាទឹកដីរបស់ខ្លួន។ យ៉ាងណាមិញ ជប៉ុនមិនទាមទារកោះប៉ារ៉ាមូសឺរ ដែលនៅភាគខាងជើង។
ភាពចម្រូងចម្រាស់គ្នាលើប្រជុំកោះគូរីល បានរារាំងទីក្រុងម៉ូស្គូ និងតូក្យូ ពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាផ្លូវការ ដើម្បីបញ្ចប់អរិភាពនេះ។
សូមបញ្ជាក់ផងដែរថា ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅលើកោះប៉ារ៉ាមូសឺរ គ្រាន់តែជាផ្នែកមួយនៃការបង្កើនផ្នែកយោធានៅតំបន់ចុងបូព៌ាប៉ុណ្ណោះ។ បើតាមលោក Shoigu ដដែល កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅតំបន់ភាគខាងកើត បានទទួលសម្ភារៈយោធាទំនើបៗប្រមាណ ៤០០ មុខក្នុងឆ្នាំមុន រួមទាំងយន្តហោះចម្បាំង SU-57 និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្បាំងផងដែរ។ លោក Shoigu បានបន្តថា៖«សមត្ថភាពយោធាភាគខាងកើតបានកើនឡើងយ៉ាងខ្លាំង»៕