
លោកប្រធានាធិបតី វ់ុលឌីមៀរ ហ្សេលេនស្គី ថ្លែងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី២១ មីនា។ AFP
ប្រធានាធិបតី អ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានថ្លែងកាលពីថ្ងៃយប់ថ្ងៃទី២២ ខែមីនា ថា អ៊ុយក្រែននឹងសងសឹកគ្រប់គ្រាប់ដែលរុស្ស៊ី បាញ់មកលើប្រទេសរបស់ខ្លួន បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយដ្រូន និងមីស៊ីលចុងក្រោយ ដោយសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៩នាក់។
លោក ហ្សេលេនស្គី បានថ្លែងយ៉ាងដូច្នេះថា៖ «យើងពិតជានឹងឆ្លើយតបរាល់ការវាយប្រហាររបស់អ្នកឈ្លានពានលើទីក្រុងរបស់យើង។ រាល់ការវាយប្រហាររបស់រុស្ស៊ី នឹងរងការឆ្លើយតបផ្នែកយោធា នយោបាយ និងផ្លូវច្បាប់»។
ការថ្លែងរបស់លោក ហ្សេលេនស្គី នេះធ្វើឡើងបន្ទាប់រុស្ស៊ីបើកការវាយប្រហារដោយដ្រូននៅព្រឹកព្រលឹមថ្ងៃពុធលើអន្តេវាសិកដ្ឋានចំនួន២ និងមហាវិទ្យាល័យ១ នៅទីក្រុង Rzhyshchiv ដែលស្ថិតនៅចម្ងាយប្រមាណ ៦៤ គីឡូម៉ែត្រពីភាគខាងត្បូងនៃរដ្ឋធានីកៀវ។ ការវាយប្រហារនេះ បណ្ដាលឱ្យមនុស្ស ៨ នាក់ស្លាប់ និង ៧ នាក់ផ្សេងទៀតរងរបួស។
ប៉ុន្មានម៉ោងក្រោយមករុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលនៅទីក្រុងហ្សាប៉ូរីចា ដែលធ្វើឱ្យខូតខាតអគារលំនៅដ្ឋានចំនួន២ ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ខណៈ ៣៣ នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
លោក ហ្សេលេនស្គី បានពណ៌នាការវាយប្រហារលើទីក្រុងហ្សាប៉ូរីចា ថាជាជាទង្វើ «ព្រៃផ្សៃបំផុត»។ លោកបានបន្ថែមថា ការវាយប្រហារកាលពីថ្ងៃពុធ បានបង្ហាញថា ក្រុងម៉ូស្គូ មិនចាប់អារម្មណ៍ចំពោះសន្តិភាពនោះទេ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានផ្សេងៗ បន្ថែមពីលើការវាយប្រហារ ពោលគឺនៅយប់ថ្ងៃពុធ គេឮសំឡេងស៊ីរ៉ែនបានបន្លឺឡើងពេញរដ្ឋធានីកៀវ និងតំបន់ភាគខាងជើងនៃប្រទេសអ៊ុយក្រែន។ យោធាអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូន Shahed ដែលផលិតដោយអ៊ីរ៉ង់ចំនួន ១៦គ្រឿង ក្នុងចំណោម ២១គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះ។
គួរគូសបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ីចុងក្រោយ ធ្វើឡើងទន្ទឹមនឹងពេលដែល «មិត្តសម្លាញ់» របស់លោកប្រធានា ធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គឺមេដឹកនាំចិន លោក ស៊ី ជីនពីង បានបញ្ចប់ទស្សនកិច្ចទៅក្រុងម៉ូស្គូរបស់ខ្លួន ហើយវិញត្រឡប់ទៅក្រុងប៉េកាំងវិញ។ មេដឹកនាំទាំង២នេះ សុទ្ធសឹងតែបង្ហាញពីផែនការសន្តិភាព ខណៈដែលការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងបន្ត។
ទីក្រុងប៉េកាំងកន្លងមក បានស្នើផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ដែលលោកខាងលិចភាគច្រើនច្រានចោលថាជារឿងមិនច្បាស់លាស់បំផុត និងជាផែនការដើម្បីទុកពេលឱ្យលោក ពូទីន ប្រមែប្រមូលកម្លាំងទ័ព។
ជុំវិញបញ្ហានេះ លោក ហ្សេលេនស្គី បានបង្ហោះសារលើបណ្ដាញសង្គមធ្វីតធឺរ ដោយសំដៅជាក់ស្ដែងលើទស្សនកិច្ចទៅរុស្ស៊ីរបស់លោក ស៊ី ថា៖ «រាល់ពេលនរណាម្នាក់ព្យាយាមស្តាប់ពាក្យថា «សន្តិភាព» នៅទីក្រុងម៉ូស្គូ» គឺមានបញ្ជាមួយទៀតដែលចេញពីក្រុងនេះដែរ ដើម្បីវាយប្រហារឧក្រិដ្ឋកម្មលើអ៊ុយក្រែន៕