តុលាការ​ប្រទេស​ឥណ្ឌា បាន​កាត់ទោស​មេដឹកនាំ​បក្សប្រឆាំង​លោក Rahul Ghandi ឱ្យ​ជាប់​ពន្ធនាគារ រយៈពេល​ ២ ឆ្នាំ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅឃុំ ​ពាក់ព័ន្ធ​បទ​បរិហារ​កេរ្តិ៍ នាយក​រដ្ឋមន្ត្រី​លោក Narendra Modi ថា​ជាឧក្រិដ្ឋជន​ប្រទេស។

ករណីនេះ​ត្រូវគេ​សើរើ​ឡើងវិញ​អំឡុង​ពេល​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៩ នៅពេល​ដែល​សមាជិក​នាំមុខគេ​លោក Ghandi បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ៖​«ចោរ​ទាំងអស់​មាន Modi ជានាម​ត្រកូល​របស់​ពួកគេ។ នារយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​បន្ទាប់ពី​ឡើង​តំណែង​ជានាយក​រដ្ឋមន្តី្រ រដ្ឋបាល​របស់​លោក Modi ទទួល​រងការ​ចោទប្រកាន់​យ៉ាងខ្លាំង​ពីសំណាក់​គណបក្ស​ដទៃ ​ដោយ​ការប្រើប្រាស់​មធ្យោបាយ​បំបិទ​មាត់​អ្នករិះគន់​ជាពិសេស​នៅ​ក្នុង​រដ្ឋ Gujarat ដែលជា​ទី​កំណើត​របស់​លោក Ghandi។

សមាជិក​រដ្ឋាភិបាល​ប្រចាំ​ប្រទេស​លោក Ravi Shakar Prasad បាន​និយាយ​ថា ការអធិប្បាយ​របស់​លោក Ghandi មិនត្រឹមតែ​ជាការ​ប្រមាថ​ទៅដល់​នាយក​រដ្ឋមន្ត្រី​ខ្លួន​ទេ ប៉ុន្តែ​វាជា​ក៏ជាការ​បន្ទាប​បន្ថោក តម្លៃ​ប្រជាជន​ខ្លួន​ដែល​មាន​នាម​ត្រកូល Modi ។

ប៉ុន្តែ​មេធាវី​របស់​លោក Ghandi លោក BM Mangukiya បានលើក​ឡើង​ថា កូនក្តី​របស់ខ្លួន​មិន​មានចេតនា​ប្រមាថ​នរណា​ម្នាក់​នោះទេ។ លោកបាន​ប្រាប់​អ្នក​យកព័ត៌មាន​នៅក្រៅ​តុលាការ​ថា៖« កូន​ក្តី​របស់​លោក Ghandi បានប្រាប់​ចៅ​ក្រម​សួរ​ថា គាត់​កំពុង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅក្នុង​ប្រទេស ហើយ​ការលើក​ឡើង​របស់លោក​មិនមាន​ន័យថា​ជាការ​ប្រមាថ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគមន៍​ណាមួយ​នោះ​ឡើយ»។

គួរបញ្ជាក់​ឱ្យដឹង​ផងដែរ លោក Ghandi អាយុ ៥២ ឆ្នាំ គឺ​ជាកូន​ប្រុស ចៅ​ប្រុស និង​ជាប់​ខ្សែ​រាជវង្ស​របស់​អតីត​នាយករដ្ឋ​មន្ត្រី​ឥណ្ឌា Jawaharlal Nehru។ លោក Ghandi ក៏ត្រូវបាន​គេ​ស្គាល់​ថា​ជាអ្នក​តស៊ូ​ប្រឆាំង​នឹង​ការជ្រើសរើស​បោះឆ្នោត​លោក Modi ហើយ​ក៏ជា​អ្នកផ្សព្វផ្សាយ​ជាតិ​និយម​ចំពោះ​មួយ​ផ្នែក​នៃ​ប្រជាជន​ហិណ្ឌូ​ក្នុង​ប្រទេស​ផងដែរ។

ប្រធាន​គណបក្ស​សមាជ និង​មេធាវី​ប្រចាំ​តុលាការ​កំពូល​ប្រទេស​ឥណ្ឌា លោក Manish Tiwari មាន​ការភ្ញាក់​ផ្អើល​ទៅលើ​ការកាត់ទោស​នេះ ដោយសារ​ប្រទេស​ឥណ្ឌា​បាន​អនុញ្ញាត​ច្បាប់​ទៅ​លើ​ការនិយាយ​ដោយ​សេរី ហើយ​លោកបាន​លើក​ឡើង​ថា៖«ខ្ញុំ​មិនទាន់​បាន​ឃើញ​សាលក្រម​នេះ​ទេ ប៉ុន្តែ​ពីរ​ឆ្នាំ​នេះ​គឺជាទោស​អតិបរមា​ដែល​អាច​ធ្វើ​ទៅ​បាន ហើយខ្ញុំ​ក៏ចង់​ដឹងដែរ​ថា​ហេតុអ្វី​តុលាការ​សម្រេច​បែប​នេះ ដូច្នេះ​ដំណោះ​ស្រាយ​នេះ​ស្ថិតនៅ​លើ​តុលាការ​ជាន់ខ្ពស់​ហើយ»។

ជុំវិញការ​ខិតខំ​ប្រឹងប្រែង​របស់​មេធាវី​ប្រចាំ​ឱ្យ​លោក Ghandi តុលាការ​បាន​អនុញ្ញាត​ឱ្យលោក​នៅ​ក្រៅឃុំ ដើម្បី​ផ្តល់​ពេលវេលា​ឱ្យ​លោក Ghandi ប្តឹង​ឧទ្ធរណ៍។ ដោយតាម​ច្បាប់​ឥណ្ឌា ប្រសិនបើ​សមាជិក​ណាម្នាក់​ប្តឹង​ឧទ្ធរណ៍​ភ្លាមៗ​នោះ ពួកគេ​នឹង​មិន​ជាប់​ពន្ធនាគារ​ឡើយ។

គូប្រជែង​នយោបាយ​លោក Aam Aadmi មកពី​គណបក្ស Ordinary man បាន​បង្ហាញ​ពីការ​មិនយល់ស្រប​របស់​ខ្លួន​ទៅលើ​សាល​ក្រម​នេះ​ក្នុង​បណ្តាញ​សង្គម Twitter ដោយ​លើកឡើង​ថា ការឃុំឃាំង​ត្រូវបាន​ធ្វើ​ឡើង​ដោយសារ​នាយក​រដ្ឋមន្ត្រី​មាន​បំណង​ចង់​លុបបំបាត់​បុគ្គល​ដែល​មិនមែន​ជា​សមាជិក BJP ដោយ​កាត់ទោស​ពួកគេ។

ចំណែក​មេដឹកនាំ​ម្នាក់​ទៀត លោក Pawan Khera ផងដែរ​ក៏បាន​យល់ស្រប​ទៅ​លើ​មតិ​ខាង​លើ​ដែរ ដោយលោក​និយាយ​បន្ថែម​ថា នេះជា​ការប៉ុនប៉ង​ចង់​បំបិទ​មាត់​ លោក Rahul Ghandi។ មិន​តែប៉ុណ្នោះ​ អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​ជឿ​ថា សេចក្តី​សម្រេច​របស់​តុលាការ​មាន​បំណង​ចង់គាំទ្រ BJP និង​បំផុស​បំផុល​ឱ្យ​ពួកគេ​ប្រឆាំង​កាន់តែ​ខ្លាំង​ចំពោះ​លោក Ghandi។

កាលពី​សប្តាហ៍​មុន សមាជិក​សភា BJP បាននិយាយ​ពីការ​ទាមទារ​ឱ្យ Ghandi ធ្វើ​ការ​សុំទោស នៅក្នុងអំឡុង​ការធ្វើ​សុន្ទរកថា​មួយ​នៅ​សាកលវិទ្យា​ល័យ Cambridge ហើយ​នាពេល​ថ្មីៗ​នេះ​ផងដែរ។​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ឥណ្ឌា​ក៏កំពុង​ស្ថិតនៅ​ក្រោម​ការគំរាមកំហែង​ពី​រដ្ឋាភិបាល Modi ផងដែរ។

កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ​នេះ អ្នកនាំពាក្យ​ជាតិ BJP លោក Sambit Patra បាន​ហៅ​លោក Ghadi ថា​ជាជន​ក្បត់​ជាតិ និង​ជាអ្នក​បំភាន់​ប្រវត្តិសាស្រ្ត។ ក្រៅពី​ការចោទ​ប្រកាន់​ពី​បទ​ប្រមាថ លោក Ghandi ក៏ត្រូវបាន​ចោទ​ប្រកាន់​ពី​សំណុំ​រឿង​លុយ​កខ្វក់​ដែលត្រូវ​បាន​អូស​បន្លាយ​រយៈពេល​យូរ​ផងដែ​រ៕​