
កាលពីឆ្នាំមុន ទីក្រុងប៉េកាំង ដែលជារដ្ឋធានីដ៏ធំរបស់ចិន និងជាទីក្រុងដ៏ធំបំផុតមួយនៅលើពិភពលោក បានធ្លាក់ចុះនូវចំនួនប្រជាជនជាលើកដំបូងក្នុងរយៈពេល ១៩ ឆ្នាំមកនេះ ខណៈដែលប្រទេសចិនកំពុងជួបវិបត្តិប្រជាសាស្រ្តជាច្រើនទសវត្សរ៍មកហើយ។
ចំនួនប្រជាជនដែលរស់នៅអចិន្ត្រៃយ៍នៅក្នុងទីក្រុងប៉េកាំង បានធ្លាក់ចុះពី ២១,៨៨ លាននាក់ក្នុងឆ្នាំ ២០២១ មកនៅត្រឹម ២១,៨៤ លាននាក់ក្នុងឆ្នាំ ២០២២ ដែលតួលេខនេះបានបង្ហាញពីការថយចុះសរុបចំនួន ៨៤០០០ នាក់។ លើសពីនេះ ចំនួនពលរដ្ឋចំណាកស្រុកពីជនបទទៅកាន់ទីក្រុងប៉េកាំង ដែលភាគច្រើនគឺដើម្បីស្វែងរកការងារធ្វើ ក៏បានធ្លាក់ចុះផងដែរបើប្រៀបធៀបរវាងឆ្នាំ ២០២១ និងឆ្នាំ ២០២២។
កាលពីឆ្នាំ ២០០៣ ទីក្រុង ប៉េកាំង ធ្លាប់បានជួបប្រទះនឹងបទពិសោធដែលចំនួនមនុស្សស្លាប់ ច្រើនជាងមនុស្សកើត ដែលកាលនោះគឺជាពេលវេលានៃការផ្ទុះឡើងនូវជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ឬហៅថា SARS។ ជំងឺនេះបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលភាគច្រើនកើតមាននៅតំបន់ភាគខាងត្បូងប្រទេសចិន ហើយទីបំផុតបានឆ្លងរហូតដល់ទៅជាង ៨០០០ នាក់នៅជុំវិញពិភពលោក។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ការធ្លាក់ចុះនៃចំនួនប្រជាជនកាលពីឆ្នាំមុន គឺគ្រាន់តែជាចំនួនតូចមួយ ដោយសារតែអត្រាកំណើនធម្មជាតិរបស់ប្រជាជនបានធ្លាក់ចុះដល់ -០,០៥ ក្នុងមួយពាន់នាក់។ ប៉ុន្តែវាគឺជាបញ្ហាធំដែលយើងអាចមើលឃើញបាននៅទូទាំងប្រទេស ហើយចំនួនប្រជាជនចិនដែលបានធ្លាក់ចុះ កាលពីឆ្នាំមុននេះ ក៏ជាលើកដំបូងហើយបើរាប់ចាប់តាំងពីគ្រោះទុរ្ភិក្សដ៏ធំមួយក្នុងឆ្នាំ ១៩៦១។
កត្តារួមផ្សំជាច្រើនបានស្ថិតនៅពីក្រោយការធ្លាក់ចុះចំនួនប្រជាជននេះ។ ទីមួយ គឺជាផលវិបាកបណ្ដាលមកពីគោលនយោបាយកូនតែមួយដែលចិនបានដាក់ចេញឱ្យអនុវត្តក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ប៉ុន្តែគោលនយោបាយនេះក៏ត្រូវបានបោះបង់ចោលវិញ។ កត្តាបន្ថែមមួយទៀតនោះគឺ ការផ្លាស់ប្តូរផ្នត់គំនិតមនុស្សអំពីអាពាហ៍ពិពាហ៍ និងការបង្កើតគ្រួសារសព្វថ្ងៃ។ ម៉្យាងវិញទៀត បញ្ហាប្រឈមដែលពួកគេត្រូវចិញ្ចឹមកូននៅក្នុងទីក្រុងដ៏ថ្លៃរបស់ប្រទេសចិន នោះពិតជាពិបាកខ្លាំង ព្រោះពួកគេត្រូវចំណាយលើសម្ភារ និងពេលវេលាច្រើន។
បញ្ហាទាំងអស់នេះនឹងកាន់តែធ្ងន់ធ្ងរឡើងបន្ថែមទៀត ដោយសារតែតួនាទីរបស់បុរសនិងស្រ្តីត្រូវបានបែងចែក ពោលគឺជារឿយៗ គេតែងដាក់បន្ទុកការងារផ្ទះ និងការថែទាំកុមារភាគច្រើនទៅលើស្ត្រី ដូច្នេះហើយ ស្ត្រីដែលមានការអប់រំខ្ពស់ និងឯករាជ្យផ្នែកហិរញ្ញវត្ថុទៀតនោះ នាងមិនមានឆន្ទៈក្នុងការទទួលបន្ទុកប្រកបដោយការមិនស្មើភាពគ្នាបែបនេះនោះទេ។
លទ្ធផលនៃការធ្លាក់ចុះចំនួនប្រជាជននេះផងដែរ គឺដោយសារតែការធ្លាក់ចុះនៃអត្រាកំណើត ព្រមទាំងការកើនឡើងនៃអត្រាមរណភាព ព្រោះចំនួនមនុស្សចាស់ក្នុងប្រទេសមានការកើនឡើងគួរឱ្យកត់សម្គាល់។ បន្ថែមលើនេះ ការថមថយកម្លាំងពលកម្មក៏បានជំរុញឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលនឹងបង្កជាបញ្ហាដល់ពិភពលោកទាំងមូល ដោយសារតួនាទីសំខាន់របស់ប្រទេសចិន គឺជាមហាសេដ្ឋកិច្ចពិភពលោកទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។
គួរដឹងដែរថា ទីក្រុងប៉េកាំង មិនមែនជាទីក្រុងតែមួយគត់ដែលកំពុងជួបប្រទះនឹងការធ្លាក់ចុះចំនួនប្រជាជននោះទេ។ ជាក់ស្ដែង កាលពីឆ្នាំមុន ខេត្តលាវនីង (Liaoning) ដែលស្ថិតនៅភូមិភាគឦសាន និងជាតំបន់មួយដ៏សំខាន់សម្រាប់ជួយដល់យុទ្ធសាស្ត្រខ្សែក្រវាត់របស់ចិន មានអត្រាមរណភាពច្រើនជាងរហូតដល់ទៅ ២ ដងនៃអត្រាកំណើត ពោលគឺចំនួនប្រជាជនបានធ្លាក់ចុះចំនួន ៣២៤០០០ នាក់ នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរខេត្ត។
រហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់អ្នកបង្កើតគោលនយោបាយនៅតែបរាជ័យក្នុងការធ្វើយ៉ាងណាឱ្យនិន្នាការប្រជាជននេះអាចបញ្ច្រាសទិសដៅទៅបាន។ កាលពីឆ្នាំមុន ក្រុមអាជ្ញាធរបានចាប់ផ្តើមដាក់ចេញនូវផែនការជាច្រើន ដើម្បីពង្រឹងដល់ការឈប់សម្រាករបស់មាតុភាព និងមានផ្ដល់ការកាត់បន្ថយពន្ធ ក៏ដូចជា អត្ថប្រយោជន៍ផ្សេងទៀតទៅដល់បណ្ដាគ្រួសារទាំងអស់។ ទីក្រុងមួយចំនួនទៀតបានផ្តល់ការឈប់សម្រាកដល់មាតុភាពក្នុងរយៈពេលយូរជាងធម្មតា ជំរុញសេវាកម្មថែទាំកុមារឱ្យកាន់តែប្រសើរឡើង ថែមទាំងមានការផ្តល់ជូនជាសាច់ប្រាក់សម្រាប់គ្រួសារណាដែលមានកូនទី ៣ ទៀតផង។
ដោយឡែក សម្រាប់ទីក្រុងវៃហ្វឹង (Weifang) ដែលជាទីក្រុងមួយនៅខេត្តសានដុង (Shandong) បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីមួយកាលពីដើមសប្តាហ៍នេះ ដោយផ្តល់ការអប់រំនៅវិទ្យាល័យសាធារណៈដោយឥតគិតថ្លៃសម្រាប់កូនទី ៣ នៃគ្រួសារទាំងអស់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
កាលពីខែមករា ខេត្តស៊ីឈួន (Sichuan) ភាគនិរតីនៃប្រទេស បានប្រកាសថា ខ្លួននឹងលុបចោលការរឹតបន្តឹងទៅលើអ្នកមានកូនដែលមិនទាន់បានរៀបការ ដោយផ្តល់សិទ្ធិជាឪពុកម្តាយ និងអត្ថប្រយោជន៍ដែលបានបម្រុងទុកពីមុនសម្រាប់គូស្វាមីភរិយាជាច្រើនទៀត។
យ៉ាងណាក៏ដោយ សកម្មជនជាច្រើននាក់ រួមមានស្ត្រី និងអ្នករិះគន់ផ្សេងទៀតបានលើកឡើងថា វាមិនទាន់គ្រប់គ្រាន់នៅឡើយទេក្នុងការដោះស្រាយបញ្ហាដែលចាក់ឫសយ៉ាងជ្រៅមួយនេះ។ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ពលរដ្ឋចិនវ័យក្មេងជាច្រើនបានធុញទ្រាន់នឹងការដាក់សម្ពាធឱ្យមានកូនពីសំណាក់សង្គម និងរដ្ឋាភិបាលផ្ទាល់។
មនុស្សភាគច្រើនបានលើកឡើងថា រដ្ឋាភិបាលបានផ្តល់ឱ្យពួកគេនូវសម្ភារ និងសន្តិសុខផ្លូវចិត្តតិចតួចណាស់ក្នុងការបំពេញតម្រូវការរបស់ពួកគេដើម្បីចិញ្ចឹមកូន៕