
សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២៤ មីនា បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសភូមា ដោយកំណត់គោលដៅសំដៅចំពោះបុគ្គល និងអង្គភាពណាដែលជាប់ពាក់ព័ន្ធជាមួយយោធាភូមា។ ទណ្ឌកម្មថ្មីនេះធ្លាក់មកនៅជួនចំពេលដែលទីក្រុង វ៉ាស៊ីនតោន ព្យាយាមបង្កើនសម្ពាធលើរបបយោធាដែលកំពុងកាន់អំណាចនៅភូមា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២១។
ក្រសួងហិរញ្ញវត្ថុអាមេរិកតាមរយៈសេចក្តីថ្លែងការណ៍មួយបាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ២រូប និងអង្គភាព ៦ ដែលជាប់ពាក់ព័ន្ធជាមួយយោធាភូមាតាមរយៈការនាំចូល ការទុកដាក់ និងការចែកចាយប្រេងយន្តហោះទៅឱ្យរបបសឹក។
បើតាមក្រសួងហិរញ្ញវត្ថុអាមេរិកដដែល ពួកយោធាបានបន្តប្រព្រឹត្តអំពើឃោរឃៅ និងអំពើហិង្សាលើប្រជាជនភូមាចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១មក។ បន្ថែមលើនេះ ទីក្រុងវ៉ាស៊ីនតោន បាននិយាយទៀតថា យោធាភូមា កាន់តែបង្កើនការវាយប្រហារតាមអាកាសនៅក្នុងតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅ ដោយបានលើកឡើងពីការវាយប្រហារតាមអាកាសទៅលើភូមិ Let Yet Kone ភាគកណ្តាលប្រទេសភូមារហូតបណ្តាលឱ្យប៉ះពាល់ដល់សាលារៀន។ ចំណែកការវាយប្រហារមួយទៀតនៅភាគខាងជើងនៃរដ្ឋកាឈីនវិញ (Kachin) បានបណ្តាលឱ្យមនុស្សរហូតដល់ ៨០នាក់បាត់បង់ជីវិត។
ស្ថានទូតភូមានៅទីក្រុង វ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការដាក់ទណ្ឌកម្មបន្ថែមរបស់អាមេរិក។
គួរជ្រាបថា ទណ្ឌកម្មបន្ថែមរបស់អាមេរិកលើភូមា បានកំណត់គោលដៅសំដៅលើក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដល់យោធាភូមា ដោយដាក់ទណ្ឌកម្មលើក្រុមហ៊ុន Asia Sun Group, Asia Sun Trading និង ក្រុមហ៊ុន Cargo Link។
ក្រៅពីនេះ ទណ្ឌកម្មថ្មីក៏សំដៅផងដែរលើបុគ្គលនិងអង្គភាពដែលក្រសួងហិរញ្ញវត្ថុអាមេរិកនិយាយថា មានជាប់ពាក់ព័ន្ធជាមួយ ឬបានផ្តល់សម្ភារដល់របបសឹកភូមាដែលក្នុងនោះរួមមានបុគ្គលដែលស្និទ្ធនឹងរបបយោធាម្នាក់ ព្រមទាំងអ្នកដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន Star Sapphire Group of Companies និងក្រុមហ៊ុន Star Sapphire Trading Company Limited៕