សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើសំណើកាត់បន្ថយវិធានការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារលើមីកញ្ចប់ដែលនាំចូលពីប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មានវៀតណាមដែលផ្សាយដោយដកស្រង់ប្រភពពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅប្រទេសបែលហ្ស៊ិក។

ការរឹតបន្តឹងលើគុណភាពចំណីអាហាររបស់អ៊ឺរ៉ុបនេះធ្វើឡើង ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២។ ក្នុងនោះផលិតផលមីកញ្ចប់របស់វៀតណាមប្រមាណ២០% ដែលនាំចេញទៅកាន់សហភាពអឺរ៉ុបត្រូវបានត្រួតពិនិត្យកម្រិតអេទីឡែនអុកស៊ីត។

ចំពោះការដឹកជញ្ជូនទាំងអស់អ៊ឺរ៉ុបតម្រូវឱ្យឈ្មួញវៀតណាមភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រសុខភាពដែលចេញដោយភ្នាក់ងារត្រួតពិនិត្យគុណភាពចំណីអាហាររបស់វៀតណាម។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបង្ហាញថា ចាប់តាំងពីឆមាសទី២ឆ្នាំ ២០២២មក សហភាពអឺរ៉ុប បានរកឃើញថាមីកញ្ចប់របស់វៀតណាមមិនមានជាតិអេទីឡែនអុកស៊ីដទៀតទេ ដូច្នេះហើយសហភាពអឺរ៉ុបបានស្នើមិនទាមទារវិញ្ញាបនបត្រសុខភាពសម្រាប់មីកញ្ចប់ដែលនាំចូលពីប្រទេសវៀតណាម។

យោងតាមការិយាល័យបានឱ្យដឹងថា សំណើនេះ ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តដោយរដ្ឋជាសមាជិករបស់ប្លុកនៅក្នុងកិច្ចប្រជុំមួយក្នុងខែមេសាឆ្នាំ២០២៣ខាងមុខ។ គិតត្រឹមចុងខែកុម្ភៈ ក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្មបានចេញវិញ្ញាបនបត្រសុខភាពចំនួន ៣១៧០ ដល់ក្រុមហ៊ុននាំចេញមីកញ្ចប់ទៅកាន់ទីផ្សារសហភាពអឺរ៉ុបតាមរយៈកំពង់ផែចំនួន ២១នៅទូទាំងប្រទេសវៀតណាម។

ប្រទេសអាឡឺម៉ង់ គឺជាប្រទេសនាំចូលមីកញ្ចប់ធំជាងគេពីប្រទេសវៀតណាម ដែលស្មើនឹងជាងពាក់កណ្តាលនៃវិញ្ញា បនបត្រដែលបានចេញ។

នៅខែសីហា ឆ្នាំ២០២១ មីកញ្ចប់វៀតណាមមួយចំនួនដែលបាននាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបត្រូវបានប្រគល់មកវិញ ឬបំផ្លាញចោលដោយសារតែសំណល់អេទីឡែនអុកស៊ីតលើសពីកម្រិតអនុញ្ញាតដែលកំណត់ដោយសហភាពអឺរ៉ុប។

បច្ចុប្បន្ននេះ ប្រទេស និងតំបន់នីមួយៗមានបទប្បញ្ញត្តិខុសៗគ្នាលើអេទីឡែនអុកស៊ីដ។

Ethylene oxide ត្រូវបានគេប្រើជាទូទៅជាថ្នាំសម្លាប់មេរោគ និងភ្នាក់ងារបន្សាបដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងផលិតផលកសិកម្មមួយចំនួន ជាពិសេសគ្រឿងទេស និងឱសថ។

ការទទួលទានផលិតផលដែលមានជាតិ អេទីឡែនអុកស៊ីដ មិនបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរទេ ប៉ុន្តែអាចបណ្តាលឱ្យកើតមហារីក ប្រសិនបើទទួលទានជាប្រចាំក្នុងរយៈពេលយូរ។

នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន 2-chloroethanol ដែលជាសារធាតុរំលាយនៃអេទីឡែនអុកស៊ីដត្រូវបានគេចាត់ទុកថាជាអេទីឡែនអុកស៊ីដនៅពេលដែលពួកគេគណនាបរិមាណអេទីឡែនអុកស៊ីដនៅក្នុងអាហារ៕