
វាងាយស្រួលក្នុងការបង់ប្រាក់សម្រាប់ហ្គេមដែលគ្មានអាជ្ញាប័ណ្ណនៅក្នុងប្រទេសវៀតណាម។ VNE
ក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម លើកឡើងថា ខ្លួននឹងចាត់វិធានការទប់ស្កាត់ការបង់ប្រាក់សម្រាប់ហ្គេមដែលគ្មានអាជ្ញាប័ណ្ណនៅទូទាំងប្រទេសវៀតណាម។ អាជ្ញាធរផ្សព្វផ្សាយ និងព័ត៌មានអេឡិចត្រូនិកវៀតណាម បាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីសប្ដាមុនថា មានហ្គេមគ្មានការអនុញ្ញាតរាប់រយរាប់ពាន់ រួមទាំងហ្គេមលេងធម្មតា ហ្គេមបៀ និងល្បែងស៊ីសងអនឡាញកំពុងចរាចរនៅវៀតណាម ដែលបង្កអសន្តិសុខ ក៏ដូចជាផលវិបាកធ្ងន់ធ្ងរសម្រាប់សង្គម។
កាសែតវៀតណាមផ្សាយថា ហ្គេមដែលមិនមានអាជ្ញាប័ណ្ណទាំងនោះ ដែលចេញផ្សាយនៅលើ AppStore, Google Play និងវេទិកាហ្គេមអនឡាញ Valse Stream។គេប៉ាន់ប្រមាណថា ហ្គេមទាំងអស់នេះប្រមូលប្រាក់ពីអ្នកលេងប្រចាំឆ្នាំប្រមាណជិត ៥ពាន់ពាន់លានដុង ឬស្មើនឹង២១១,៨៦ លានដុល្លារ។ចំនួននេះស្មើនឹង ៣០% នៃប្រាក់ចំណូលសរុបនៃឧស្សាហកម្មហ្គេមនៅក្នុង ប្រទេសវៀតណាម។
ក្រសួងជំនាញរបស់វៀតណាម កំពុងតម្រូវឱ្យអង្គភាព និងអាជីវកម្មដែលផ្តល់សេវាទូទាត់លើហ្គេមទាំងនោះ មិនត្រូវបង់ប្រាក់សម្រាប់ហ្គេមដែលគ្មានអាជ្ញាប័ណ្ណនោះទេ។
ក្នុងករណីនៃការទូទាត់តាមរយៈ IAP (ការទិញក្នុងកម្មវិធី) ពួកគេគួរតែស្នើសុំឱ្យ Apple និង Google ផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីប្រតិបត្តិការដើម្បីទប់ស្កាត់ការទូទាត់។
ជារៀងរាល់ខែ អាជ្ញាធរផ្សព្វផ្សាយ និងព័ត៌មានអេឡិចត្រូនិកនឹងធ្វើបច្ចុប្បន្នភាពបញ្ជីហ្គេមដែលមានអាជ្ញាប័ណ្ណ និងគ្មានអាជ្ញាប័ណ្ណដែលប្រើប្រាស់អន្តរការីដើម្បីបង់ប្រាក់។ ក្រសួង បាននិយាយដែរថា ខ្លួននឹងតម្រូវឱ្យ Google និង Apple មិនសហការជាមួយអន្តរការីណា ដែលបង់ប្រាក់សម្រាប់ហ្គេមដែលគ្មានការអនុញ្ញាតនោះទេ។
ក្រសួងព័ត៌មាន និងសារគមនាគមន៍វៀតណាម បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនហ្គេមចំនួន ២០០ ប៉ុន្តែចំនួនអាជីវកម្មដែលមានអាជ្ញាប័ណ្ណដែលពិតជាផ្តល់ហ្គេមដល់ទីផ្សារមានតិចជាង ៣០ ប៉ុណ្ណោះ៕