
រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាសលោក Eduardo Enrique Reina (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសចិន Qin Gang បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ AFP
ប្រទេសហុងឌូរ៉ាស និងប្រទេសចិន ប្រកាសទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅថ្ងៃអាទិត្យ ទី ២៦ មីនា ឆ្នាំ ២០២៣ បន្ទាប់ពីប្រទេសអាមេរិកកណ្តាលមួយនេះ បានបញ្ចប់ទំនាក់ទំនងរយៈពេល ៨២ ឆ្នាំរបស់ខ្លួនជាមួយតៃវ៉ាន់។ រដ្ឋមន្ត្រីការបរទេសរបស់តៃវ៉ាន់ បានចោទប្រកាន់ហុងឌូរ៉ាសថា បានទាមទារប្រាក់កម្រៃជំនួយពីតៃវ៉ាន់ច្រើនហួសហេតុ មុនពេលហុងឌូរ៉ាសបញ្ចប់ទំនាក់ទំនងការទូតនេះ។
ការបញ្ចប់ទំនាក់ទំនងជាមួយតៃវ៉ាន់ត្រូវបានរំពឹងទុកជាយូរមកហើយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស បានធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន។ ជាដំណើរទសស្សនកិច្ច ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។
ប្រទេសចិនបាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន Qin Gang និងរដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស Eduardo Enrique Reina បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់ការទូតនៅទីក្រុងប៉េកាំង ដោយហុងដូរ៉ាសបញ្ចប់ទំនាក់ទំនងជាមួយតៃវ៉ាន់ដែលមានតាំងពីទសវត្សរ៍ឆ្នាំ ១៩៤០។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីល្ងាចថ្ងៃសៅរ៍ ក្រសួងការបរទេសហុងឌូរ៉ាស់ បាននិយាយថា ខ្លួនបានទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែ១ គត់ដែលតំណាងឱ្យប្រទេសចិនទាំងអស់ និងថាតៃវ៉ាន់គឺជា "ផ្នែកដែលមិនអាចបំបែកបាននៃទឹកដីចិន ។
ប្រទេសចិនបានអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួនដោយកោះនេះគ្មានសិទ្ធិក្នុងការចងសម្ព័ន្ធភាពរវាងរដ្ឋ និងរដ្ឋនោះទេ ដែលនេះជាជំហរមួយដែលតៃវ៉ាន់ដិសេធយ៉ាងខ្លាំង។ ចិនទាមទារឱ្យប្រទេសដែលខ្លួនមានទំនាក់ទំនងត្រូវទទួលស្គាល់ជំហរចិនតែ១របស់ខ្លួន។
ថ្លែងកាលពីថ្ងៃអាទិត្យនៅទីក្រុងតៃប៉ិ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu បាននិយាយថា ប្រធានាធិបតីហុងឌូរ៉ាសតែងតែត្រូវបានអូសទាញដោយចិនប៉េកាំង។
លោក Wu បាននិយាយថា រដ្ឋាភិបាលហុងឌូរ៉ាសក៏បានស្នើសុំឱ្យតៃវ៉ាន់ផ្ដល់ជំនួយសេដ្ឋកិច្ចដ៏ធំសម្បើមដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ទោះជាយ៉ាងណាទាំងសេចក្តីថ្លែងការណ៍របស់ចិន និងហុងឌូរ៉ាស មិនបាននិយាយអំពីជំនួយទេ។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានបន្ថែមថា កាលពីថ្ងៃទី ១៣ ខែមីនា រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស បានស្នើទៅកាន់តៃវ៉ាន់ដោយទាមទារជំនួយសរុបចំនួន ២,៤៥ ពាន់លានដុល្លារ ដើម្បីឧបត្ថម្ភលើការសាងសង់មន្ទីរពេទ្យ និងទំនប់ទឹក និងលុបបំណុលផង។
លោក Wu បាននិយាយថា៖ «អ្វីដែលពួកគេចង់បានគឺលុយមិនមែនជាមន្ទីរពេទ្យទេ»។
រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស Eduardo Enrique Reina បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា តួលេខ ២,៥ ពាន់លានដុល្លារមិនមែនជាការបរិច្ចាគទេ ប៉ុន្តែជាវាយន្តការផ្តល់ហិរញ្ញប្បទានដែលបានចរចា។
ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen គ្រោងនឹងចេញដំណើរទៅបំពេញទស្សនកិច្ចដ៏រសើបមួយទៅកាន់សហរដ្ឋអាមេរិក ក្វាតេម៉ាឡា និងបេលីហ្ស នៅសប្ដាហ៍ក្រោយនេះ។ លោក ស្រី រំពឹងថា នឹងជួបជាមួយប្រធានសភាអាមេរិក Kevin McCarthy នៅទីក្រុង Los Angeles នៅចុងបញ្ចប់នៃទស្សនកិច្ចនេះ។
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wuបាននិយាយថាលោកមានការសង្ស័យជាខ្លាំង អំពីពេលវេលានៃការសម្រេចចិត្តរបស់ហុងឌូរ៉ាស កៀកនឹងដំណើរចេញទៅទ្វីបអាមរិករបស់ប្រធានាធិបតីតៃវ៉ាន់។
លោកបានមានប្រសាសន៍ថា ៖«ចិនហាក់ដូចជាកំពុងធ្វើការនេះដោយចេតនា»។
អ្នកជំនាញរំពឹងថា សហរដ្ឋអាមេរិក កំពុងឃ្លាំមើលដោយក្តីបារម្ភ នៅពេលដែលប្រទេសចិនពង្រីកការបោះជំហានរបស់ខ្លួនទៅខាងក្រោយផ្ទះកៀកៗជញ្ជាំងអាមរិក។ ដោយប្រទេសក្នុងទ្វីបអាមរិក ដកខ្លួនចេញពីតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។
ក្រសួងការបរទេសអាមេរិកបាននិយាយថា ជាញឹកញាប់ចិនធ្វើបានសន្យាជាថ្នូរនឹងការទទួលស្គាល់ការទូត។ អាមេរិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ដោយមិនគិតពីការសម្រេចចិត្តរបស់ហុងឌូរ៉ាស សហរដ្ឋអាមេរិក នឹងបន្តធ្វើការងារឱ្យស៊ីជម្រៅ និងពង្រីកទំនាក់ទំនងរបស់យើងជាមួយតៃវ៉ាន់»។
ទំនាក់ទំនងការទូតរវាងហុងឌូរ៉ាស និងតៃវ៉ាន់មានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៤១នៅពេលដែលរដ្ឋាភិបាលនៃសាធារណរដ្ឋចិន ជាឈ្មោះផ្លូវការរបស់តៃវ៉ាន់ គ្រប់គ្រងប្រទេសចិនមុនពេលដែលរដ្ឋភិបាលនេះបានភៀសខ្លួនទៅកាន់កោះ តៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលជាមួយបក្សកុម្មុយនីស្តចិនដឹកនាំដោយម៉ៅ សេទុង។
បច្ចុប្បន្ននេះតៃវ៉ាន់មានទំនាក់ទំនងការទូតជាផ្លូវការតែជាមួយប្រទេសចំនួន ១៣ដែលភាគច្រើនជាប្រទេសក្រីក្រនិងប្រទេសកំពុងអភិវឌ្ឍន៍នៅអាមេរិកកណ្តាល ការ៉ាប៊ីន និងប៉ាស៊ីហ្វិក៕