
លោករដ្ឋមន្ត្រីការពារអ៊ីស្រាអែល Yoav Gallant ធ្វើសន្និសីទកាសែតមួយនាពេលកន្លងទៅ។ AFP
បាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី បេនចាមីន នេតានីយ៉ាហ៊ូ ដកតំណែងរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant ដែលជំរុញឱ្យបញ្ឈប់ផែនការផ្លាស់ប្ដូរប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស់របស់រដ្ឋាភិបាល។
បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រោយព័ត៌មានស្ដីពីការដកតំណែង បាតុកររាប់ម៉ឺននាក់ ដែលខ្លះគ្រវីទង់ជាតិអ៊ីស្រាអែល បានដើរតាមផ្លូវទាំងយប់នៅទូទាំងប្រទេស។ ហ្វូងមនុស្សខ្លះ បានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះរបស់លោក នេតានីយ៉ាហ៊ូ នាទីក្រុងហ្ស៊េរុយសាឡិម ហើយថាទាំងសម្រុកលើច្រកសន្តិសុខទៀតផង មុនស្ថានការណ៍ទីនោះ ត្រូវបានគ្រប់គ្រង។
គួរបញ្ជាក់ថា នេះមិនមែនជាបាតុកម្មលើកទី១នោះទេ វាគឺជាផ្នែកមួយនៃបាតុកម្មបន្តបន្ទាប់គ្នា ដែលប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល លើការកែលម្អប្រព័ន្ធតុលាការ។ ជាផែនការដែល ដែលធ្វើឱ្យសម្ព័ន្ធស្ដាំជ្រុលនិយមរបស់លោកណេតាន់យ៉ាហ៊ូបានធ្លាក់ចូលទៅក្នុងវិបត្តិបន្ទាប់ពីឡើងកាន់តំណែង។
លោករដ្ឋមន្រ្តីGallant បានក្លាយជាសមាជិកជាន់ខ្ពស់ដំបូងគេនៃគណបក្សកាន់អំណាចLikud របស់លោក នេតានីយ៉ាហ៊ូ ដែលនិយាយប្រឆាំងនឹងផែនការនេះ ដោយលើកឡើងថា ការបែកបាក់ដ៏ធំកំពុងគំរាមកំហែងសន្ដិសុខរបស់ប្រទេសចុះខ្សោយ។
ក្នុងការប្រកាសពីការបណ្តេញលោកGallant ការិយាល័យរបស់លោក នេតានីយ៉ាហ៊ូ មិនបានដាក់ឈ្មោះអ្នកជំនួស ឬផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ដោយគ្រាន់តែចេញសេចក្ដីថ្លែងការណ៍ថា៖ «នាយករដ្ឋមន្រ្តី ប៊េនចាមីន ណេតាន់យ៉ាហ៊ូបានសម្រេចចិត្តនៅល្ងាច(ថ្ងៃអាទិត្យ)នេះ ដើម្បីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោកYoav Gallant»។
ជុំវិញភាពចលាចលដែលកាន់តែខ្លាំងៗទៅក្រោយការដកតំណែងរបស់លោក Gallant មេដឹកនាំគណបក្សប្រឆាំង លោកYair Lapid និងលោកBenny Gantz បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសទង្វើរបស់លោកណេតាន់យ៉ាហ៊ូ។ សេចក្ដីថ្លែងការណ៍នោះ លើកឡើងថា៖ «សន្តិសុខរដ្ឋមិនអាចជាសន្លឹកបៀរក្នុងល្បែងនយោបាយទេ» ហើយបន្តថា លោកនេតានីយ៉ាហ៊ូ បានធ្វើហួសព្រំដែននៅយប់នេះ ទាំងអំពាវកុំឱ្យបក្ស Likud ធ្វើការ «បំផ្លាញសន្តិសុខជាតិ»។
គួរបញ្ជាក់ថា ផែនការកែប្រែប្រព័ន្ធតុលាការរបស់លោក នេតានីយ៉ាហ៊ូ នឹងផ្តល់សិទ្ធិអំណាចដល់សភា ដើម្បីលុបចោលសេចក្តីសម្រេចរបស់តុលាការកំពូលដែលនឹងស្តារតុល្យភាពរវាងស្ថាប័នតុលាការ និងនីតិប្រតិបត្តិ។ យ៉ាងណាមិញ ក្រុមអ្នករិះគន់លើកឡើងថា កំណែទម្រង់នឹងដកប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពរបស់អ៊ីស្រាអែល ហើយប្រមូលផ្តុំអំណាចនៅក្នុងដៃរបស់ក្រុមដែលកំពុងគ្រប់គ្រងប្រទេស។ ពួកគេក៏និយាយផងដែរថា លោក នេតានីយ៉ាហ៊ូ ដែលកំពុងស្ថិតក្នុងការកាត់ទោសពីបទពុករលួយ ស្នើផែនការនេះឡើងដោយមានទំនាស់ផលប្រយោជន៍៕