
អតីតប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou (កណ្តាល) ថ្លែងទៅកាន់អ្នកកាសែត មុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ AFP
អតីតប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou ធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃចន្ទ២៧ មីនាជាដំណើររបស់អ្នកនយោបាយជាន់ខ្ពស់តៃវ៉ាន់ទៅចិនជាលើកដំបូង ក្នុងរយៈពេលជាង ៧ ទសវត្សរ៍បន្ទាប់ពីម៉ៅសេទុង ដណ្ដើមបានចិនដីគោកពីរដ្ឋាភិបាលគួកមីងតាង របស់សាធារណរដ្ឋចិន (តៃវ៉ាន់)។
ការិយាល័យរបស់លោកម៉ា បាននិយាយថា ការធ្វើដំណើររយៈពេល ១២ ថ្ងៃរបស់លោក Ma នឹងមិនពាក់ព័ន្ធនឹងកិច្ចប្រជុំផ្លូវការណាមួយទេ ដោយការិយាល័យរបស់លោកបានផ្តោតសំខាន់លើការឧទ្ទិសកុសលដល់បុព្វការីជនរបស់លោក និងលើកកម្ពស់ការផ្លាស់ប្តូរយុវជន។
បុរសអាយុ ៧៣ ឆ្នាំ Ma Ying-jeou និយាយប្រាប់អ្នកកាសែតថា ៖«ខ្ញុំសង្ឃឹមថាអាចនឹងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសឆ្លងកាត់ច្រកសមុទ្រ (ទំនាក់ទំនងតៃវ៉ាន់និងចិន) តាមរយៈការប្រាស្រ័យទាក់ទងយ៉ាងក្លៀវក្លារបស់មនុស្សវ័យក្មេងដូច្នេះសន្តិភាពអាចមករកយើងកាន់តែលឿននិងឆាប់» ។
ការចាកចេញរបស់អតីតប្រធានាធិបតី ធ្វើឡើង១ ថ្ងៃបន្ទាប់ពីហុងឌូរ៉ាសបានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដើម្បីគាំទ្រទីក្រុងប៉េកាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់ប្រធានាធិបតី Tsai Ing-wen ដែលកំពុងកាន់អំណាចបានចោទប្រកាន់លោក Ma ពីបទ "គាំទ្រ" គោលនយោបាយទីក្រុងប៉េកាំង។
គណបក្សបាននិយាយថា ៖«យើងគួរតែរួបរួមគ្នាបន្ថែមទៀត ... ប៉ុន្តែវាជាការសោកស្តាយដែលបក្សប្រឆាំង(KMT)ឈរជាមួយកុម្មុយនីស្តចិន ហើយអតីតប្រធានាធិបតី Ma មិនយកចិត្តទុកដាក់ចំពោះការមិនពេញចិត្តជាសាធារណៈក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅពេលនេះ»។
តៃវ៉ាន់ និងចិនបានបែកបាក់គ្នានៅឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមបក្សកុម្មុយនីស្តចិនដឹកនាំដោយម៉ៅសេទុង។
លោក Ma គឺជាមេដឹកនាំជាន់ខ្ពស់នៃបក្ស KMT ជាបក្សប្រឆាំងនៅតៃវ៉ាន់ និងជាអ្នកតស៊ូមតិសម្រាប់ទំនាក់ទំនងដ៏កក់ក្តៅជាមួយប្រទេសចិន។
លោកបានបដិសេធថាខ្លួនមិនបានគាំទ្រទីក្រុងប៉េកាំងនោះទេ។
តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ដោយមាន KMT និង DPP ជាគូប្រជែងដ៏សំខាន់សម្រាប់តំណែង។
កាលពីពេលកាន់តំណែងជាប្រធានាធិបតីក្នុងចន្លោះឆ្នាំ២០០៨ដល់២០១៦ លោក Ma ធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវទំនាក់ទំនងរវាងតៃវ៉ាន់និងចិនដីគោក។លោកធ្លាប់ណាត់ជួបពិភាក្សាក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំចិន លោក Xi Jinping ទៀតផង កាលពីឆ្នាំ២០១៥។
ទីក្រុងប៉េកាំងបានបង្កើនសម្ពាធផ្នែកយោធា សេដ្ឋកិច្ច និងការទូតលើកោះតៃវ៉ាន់បន្ទាប់ពីលោក Ma បានចាញ់ឆ្នោតនិងធ្លាក់តំណែងពីប្រធានាធិបតី។
នៅអាកាសយានដ្ឋានតៃប៉ិកាលពីថ្ងៃចន្ទ បាតុករមួយចំនួនតូច បានតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកម៉ា ដោយនិយាយថាគាត់បាន «ក្បត់តៃវ៉ាន់» ដោយធ្វើដំណើរទៅកាន់ប្រទេសចិន។ពួកគេត្រូវបានប៉ូលិសបណ្ដេញចេញទៅខាងក្រៅអគារព្រលានយន្តហោះ។
ក្រសួងការបរទេសចិនមិនបានផ្តល់ការអត្ថាធិប្បាយទេកាលពីថ្ងៃចន្ទចំពោះដំណើរទស្សនកិច្ចនេះ ដោយអ្នកនាំពាក្យអ្នកស្រីម៉ៅ នីង បាននិយាយថា វាមិនមែនជាបញ្ហាការទូតទេ៕