ប៉ូលិស​ហុងកុងបានអនុញ្ញាត​ឱ្យមាន​កា​រហែ​ក្បួន​តវ៉ា​ក្នុង​ទំហំ​តូច​មួយ​ប្រឆាំងនឹង​គម្រោង​សាងសង់​ដី ​​១ ​កន្លែង​ដែល​បានដាក់​ស្នើឡើង និង​គម្រោង​កែច្នៃ​សំរាម ១ ​ទៀត​កាលពី​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ ២០២៣​។ នេះ​គឺជា​បាតុកម្ម​លើកដំបូង​ដែល​ត្រូវបាន​អនុញ្ញាត​ចាប់តាំងពី​ការអនុម័ត​ច្បាប់​ស្ដីពី​សន្តិសុខ​ជាតិ​ត្រូវបាន​ដាក់ឱ្យអនុវត្ត​កាលពី​ឆ្នាំ​ ២០២០​។ យ៉ាងណាក៏ដោយ​បាតុករ​ជាច្រើន​នាក់​ត្រូវបាន​តម្រូវឱ្យ​ពាក់​កាត​​សម្គាល់​លេខ​រៀងៗ​ខ្លួន និង​ត្រូវបាន​រារាំង​មិនឱ្យ​មានការ​ពាក់​របាំង​មុខ ឬ​ម៉ាស់ ខណៈដែល​ក្រុមប៉ូលិស​បាន​ចុះ​ត្រួតពិនិត្យ​ការហែក្បួន​របស់​ពួកគេ​យ៉ាង​ដិតដល់​។​

​អ្នកចូលរួម​បាតុកម្ម​បាន​ស្រែក​អាន​ពាក្យស្លោក​ប្រឆាំងនឹង​គម្រោង​សាងសង់​ដី ១ ​កន្លែង​ខ្លាំងៗ​នៅពេលដែល​ពួកគេ​ដើរ​ដង្ហែ​ក្បួន​ក្រោម​ភ្លៀង​ដោយមាន​កាន់​បដា​ផងដែរ​។ ការតវ៉ា​នេះ បានធ្វើ​ឡើង​នៅ​សង្កាត់​ស៊ុ​ង ខ្វាន់​អូ (Tseung Kwan O)​ ភាគ​ខាងកើត​ដែលជា​ទីកន្លែង​គម្រោង​នេះ​គ្រោង​នឹង​សាងសង់ឡើង​។ អ្នកខ្លះ​បាន​រិះគន់​ការ​រឹតបន្តឹង​លើ​ការតវ៉ា​របស់​ពួកគេ ដូចជា​ការកំណត់​ចំនួន​អ្នកចូលរួម​ត្រឹម​ ១០០ ​នាក់​ជាដើម​។ នេះ​បើ​យោងតាម​សំណេរ​កម្រាស់ ៧ ទំព័រ​របស់​ប៉ូលិស​ផ្ញើ​ទៅកាន់​អ្នករៀបចំ​ការតវ៉ា​។​

​លោក​ជេ​ម​ស៍ អូ​ខេន​ដិ​ន ​(James Ockenden) ​អាយុ​ ៤៩ ​ឆ្នាំ​ដែល​កំពុង​ដើរ​ជាមួយ​កូន ៣​ នាក់​របស់លោក​បាន​និយាយថា​៖ «​យើង​ត្រូវមាន​វប្បធម៌​តវ៉ា​ដែលមាន​ស្មារតី​សេរីនិយម​បន្ថែមទៀត​»​។

លោក​បាន​សម្ដែង​ការខកចិត្ត​ថា «​ប៉ុន្តែ​នេះ​គឺជា​ការរៀបចំ​ទុកជាមុន​ដោយមាន​ការកំណត់​ចំនួន​អ្នកចូលរួម​ជាមុន​ផងដែរ ដូច្នេះ​វា​ជាការ​បំផ្លាញ​វប្បធម៌ និង​បាន​រារាំង​មនុស្ស​មិន​ឱ្យមក​ចូលរួម​»​។​

​ឆ្លើយតប​ទៅនឹង​ការតវ៉ា​នេះ​កា​រិ​យា​ល័យ​អភិវឌ្ឍន៍​ទីក្រុង​បានឱ្យដឹងថា ​«​គម្រោង​នេះ​ត្រូវបាន​អភិ​វ​ឌ្ឍ​ក្នុង​គោលបំណង​គាំទ្រ​ដល់​តម្រូវការ​ប្រចាំថ្ងៃ​របស់​សហគមន៍​»​។ ការិយាល័យ​ដដែល​បាន​បន្ថែមថា​៖ «​ដើម្បី​ជាការ​គោរព​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​យើង​នឹងធ្វើ​ការសិក្សា​ពី​លទ្ធភាព​នៃ​ការកាត់បន្ថយ​ទំហំ​នៃ​ការចាក់ដី​ឡើងវិញ​»​។​

​គួរ​បញ្ជាក់ដែរថា ប៉ូលិសបាន​ផ្តល់ឱ្យ​អ្នករៀបចំ​ការតវ៉ា​នូវ​លិខិតអនុញ្ញាត​មួយ ប៉ុន្តែ​ដោយមាន​លក្ខខណ្ឌ​ថា​ពួកគេ​ត្រូវ​ធានាថា ការតវ៉ា​នឹងមិន​បំពាន​ច្បាប់​ស្ដីពី​សន្តិសុខ​ជាតិ​រួមមាន​ដូចជា​ការ​​បង្ហាញ​ឬ​ការនិយាយ​បំភាន់​ដើម្បី​បំបះបំបោរ សាធារណជន​នោះទេ​។​ប៉ូលិស​ក៏បាន​ព្រមាន​នៅក្នុង​សំបុត្រ​នោះដែរ​ថា​ «​ជនល្មើស​ខ្លះ​ក៏​អាច​បន្លំ​ខ្លួន​លួច​ចូលរួម​ក្នុង​ការតវ៉ា និង​ការ​ដង្ហែ​ក្បួន​ដើម្បី​រំខាន​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ឬ​ការប្រព្រឹត្ត​អំពើហិង្សា​ខុសច្បាប់​ទៀតផង​»​។​

​អ្នករៀបចំ​បាតុកម្ម​បានលើកឡើង​ថា «​មនុស្ស​រហូតដល់ ៥០ ​នាក់​បាន​ចូលរួម​ក្នុងការ​តវ៉ា​ជា​លើកដំបូង​នេះ ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​ហុងកុង បន្ទាប់ពី​ខកខាន​មិនបាន​ធ្វើបាតុកម្ម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​»​។

គួរ​ដឹង​ដែរ​ថា ការស្នើ​សុំ​ធ្វើការ​បាតុកម្ម​តវ៉ា​ផ្សេងទៀត​រួមមាន​ដូចជា​ការដុត​ភ្លើងទៀន​នៅ​ថ្ងៃទី​ ៤ ខែមិថុនា​ ដើម្បី​រំឭក​ដល់​ជនរងគ្រោះ​នៃ​ការបង្ក្រាប​ដោយ​សម្លាប់​រង្គាល​នៅ​ទីលាន​ធៀន​អាន​មិន ​(Tiananmen)​ កាលពី​ឆ្នាំ​ ១៩៨៩​ ត្រូវបាន​បដិសេធ​ពី​សំ​ណាក់​អាជ្ញាធរ ក្រោម​ហេតុផល​ទាក់​ទង​នឹង​ការរក្សា​គម្លាត​សង្គម​។​

​គួររំឭកថា ការ​រឹតបន្តឹង​ពាក់ព័ន្ធ​នឹង​កូ​វីដ​ ១៩ ចុងក្រោយ​របស់​ទី​​ក្រុង​ហុងកុង ត្រូវបាន​លុបចោល​នៅ​ដើម​ឆ្នាំនេះ​បន្ទាប់ពី​ការសម្រេច​ចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការបិទ​បញ្ចប់​គោលនយោបាយ​កូ​វីដ​សូន្យ​របស់ខ្លួន​។ តាំងពី​នោះមក រដ្ឋធម្មនុញ្ញ​គោល​របស់​ហុងកុង​ដែលជា​ច្បាប់​មូលដ្ឋាន​បាន​ធានា​ដល់​សិទ្ធិ​ក្នុងការ​ជួបប្រជុំ​ជា​សាធារណៈ​។​

​ចាប់តាំងពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​ប្រទេស​ចិន និង​ដែល​បានអនុម័ត​កាលពី​ខែមិថុនា ឆ្នាំ ២០២០​ ដើម្បី​ឆ្លើយតប​នឹង​ការធ្វើ​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​បានអូសបន្លាយ​ជាច្រើន​ខែ​ក្នុង​ឆ្នាំ​ ២០១៩ អាជ្ញាធរ​ហុងកុង​បាន​គាបសង្កត់​លើ​សិទ្ធិសេរីភាព និង​បាន​ចាប់ខ្លួន​អ្នកនយោបាយ​រួមទាំង​សកម្ម ជន​បក្សប្រឆាំង​ជាច្រើន​នាក់​ទៀតផង​។​

​ដោយឡែក រដ្ឋាភិបាល​របស់​បណ្ដា​ប្រទេស​លោកខាងលិច​មួយចំនួន​បាន​រិះគន់​ច្បាប់​នេះ​ថា​ជា​ឧបករណ៍ប្រើប្រាស់​ដើម្បី​គាបសង្កត់​ពលរដ្ឋ​ហុងកុង ប៉ុន្តែ​អាជ្ញាធរ​ចិន បាន​ឆ្លើយតប​ថា វា​ជា​យន្ត​ការស្ដារ​ស្ថិរភាព​ដល់​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នេះ​។ អ្នក​តវ៉ា​ម្នាក់​ដែលមាន​នាមត្រកូល​ឈ្មោះថា​ឈៀវ (Chiu)​ អាយុ​ ៥០ ​ឆ្នាំ​បានឱ្យដឹងថា អ្នកស្រី​កោត​សរ​សើរ​ចំពោះ​ការទទួលបាន​ឱកាស​តវ៉ា​បាតុកម្ម​ក្នុង​គ្រា​ដ៏​លំបាក​នេះហើយ​អ្នកស្រី​បាន​មើលឃើញថា ខ្សែ​កាត​ពាក់​សម្គាល់​លេខ​ផ្ទាល់ខ្លួន​នេះ ជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ហ្វូងមនុស្ស​ដ៏​ច្រើន​។​

​យោងតាម​សារព័ត៌មាន Reuters អ្នកស្រី​បាន​ថ្លែងថា «​វា​មិនមែន​មានន័យថា ដាក់​ខ្សែ​កាត​​សម្គាល់​លេខ​លើ​យើងទាំងអស់គ្នា​ជាការ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ​របស់​យើង​នោះទេ​។ ខ្ញុំ​គិតថា វា​អាច​ទទួលយកបាន​»​។

​យ៉ាងណាក៏ដោយ​អ្នក​សង្កេត​ការណ៍​នយោបាយ និង​អ្នកការទូត​លោកខាងលិច​មួយចំនួន​បាននិងកំពុង​តាមដាន​មើលថា ​តើ​អាជ្ញាធរ​នឹង​អនុញ្ញាត​ឱ្យមាន​បា​តុ​កម្ម​ឡើងវិញ​នៅ​ហុងកុង ពោលគឺ​នៅ​ថ្ងៃទី​ ៤ ខែមិថុនា និង​ថ្ងៃទី​ ១ ខែកក្កដា​ ដែល​វា​គឺជា​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​សង្គម​ដែល​អាច​ទាក់ទាញ​មនុស្ស​រាប់ពាន់នាក់​ឱ្យចូល​រួម​។​

​ជាការ​កត់សម្គាល់ កាលពីដើម​ខែ​នេះ សមាគម​កម្មការិនី​ហុងកុង បានរៀបចំ​ការ​ដង្ហែ​ក្បួន​ ដើម្បី​ទាមទារ​សិទ្ធិ​ការងារ និង​សិទ្ធិ​ស្ត្រី​ប៉ុន្តែ​ត្រូវបាន​លុបចោល​វិញ​នៅ​នាទីចុងក្រោយ​ដោយ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​ឡើយ​។

​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​សមាគម​បានលើកឡើង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ប៉ូលិស​បាន​អញ្ជើញ​ពួកគេ​ឱ្យចូល​រួម​កិច្ចប្រជុំ​មួយ​បន្ទាប់ពី​បានផ្តល់​ការអនុញ្ញាតឱ្យ​ធ្វើបាតុកម្ម ហើយ​ថា​សមាគម​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ នៅក្នុង​កិច្ចចរចា​នោះ ប៉ុន្តែ​នៅតែ​មិនអាច​ធ្វើការ​តវ៉ា​ដូចដែល​ខ្លួន​បាន​រំពឹងទុក​ដដែល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ផ្សេងៗ​គ្នា បាន​គូសបញ្ជាក់​ឱ្យដឹងថា​ប៉ូលិស​សន្តិសុខ​ជាតិ បាន​ព្រមាន​សមាជិក​៤​នាក់​របស់ខ្លួន មិនឱ្យ​ចូល​​រួម​ក្នុង​ការហែក្បួន​របស់​ស​មា​គម​នោះទេ​៕