
លោកនាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់។ AFP
រដ្ឋមន្ត្រីជាន់ខ្ពស់អង់គ្លេស ១ រូប បានព្យាយាមការពារអតីតសហសេវិកនៅឯគណៈរដ្ឋមន្ត្រី បន្ទាប់ពីពួកគេត្រូវបានរកឃើញថា បានលួចលាក់ចរចាលើតម្លៃប្រាក់ឈ្នួលដ៏ខ្ពស់ ដើម្បីធ្វើការឱ្យក្រុមហ៊ុនក្លែងក្លាយមួយ នៅកូរ៉េខាងត្បូង។
ប្រតិបត្តិការដ៏ក្តៅគគុកដោយក្រុមប្រឆាំងនឹងការចាកចេញពីសហភាពអឺរ៉ុប ឬហៅថា Led By Donkeys ដែលជាក្រុមយុទ្ធនាការនយោបាយមួយត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ២០១៨ និងដែលតែងតែរិះគន់សកម្មភាពផ្សេងៗរបស់រដ្ឋាភិបាលអភិរក្សនិយម។
ក្រុមនយោបាយនេះ បានតាមដានត្រួតពិនិត្យដោយផ្តោតគោលដៅទៅលើអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ក្វាស៊ី ក្វាថឹង (Kwasi Kwarteng) និងអ្នកផ្សេងទៀត។
យ៉ាងណាក៏ដោយ បញ្ហាដែលសមាជិកសភាអភិរក្សនិយមទទួលយកការងារទី២ របស់ខ្លួន ដែលអាចរកកម្រៃបានយ៉ាងច្រើនជាមួយក្រុមហ៊ុននានាបាននឹងកំពុងបង្កឱ្យមានភាពចម្រូងចម្រាសខណៈដែលពលរដ្ឋអង់គ្លេសជាច្រើនកំពុងស៊ូទ្រាំរស់នៅក្នុងវិបត្តិអតិផរណានៃតម្លៃទំនិញចាំបាច់ប្រចាំថ្ងៃអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ការជាប់ពាក់ព័ន្ធរបស់អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសក្នុងការដោះស្រាយកំហឹងរបស់ពលរដ្ឋអង់គ្លេសបានកើតឡើងបន្ទាប់ពីលោកនិងអតីតនាយករដ្ឋមន្ត្រីដែលកាន់តំណែងបានតែមានរយៈពេលខ្លីលោកស្រី លីស្ស ត្រាស្ស(Liz Truss)បានបង្កឱ្យមានការជាប់គាំងទីផ្សារហិរញ្ញវត្ថុ និងដែលជំរុញឱ្យអត្រាការប្រាក់កម្ចីកើនឡើងរាប់លានដុល្លារកាលពីឆ្នាំមុន។
លោកក្វាថឹង និងអតីតរដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ម៉ាត ហានខក(Matt Hancock)ត្រូវគេរកឃើញថាបានចរចាដាច់ដោយឡែកពីគ្នា ដោយទាមទារយកអត្រាប្រាក់ឈ្នួលប្រចាំថ្ងៃរហូតដល់ទៅ ១២០០០ដុល្លារអាមេរិក ទើបពួកគេយល់ព្រមផ្តល់ប្រឹក្សាយោបល់ដល់ក្រុមហ៊ុនប្រឹក្សាយោបល់ក្លែងក្លាយមួយដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល។
សមាជិកគណៈរដ្ឋមន្ត្រី ១ រូបលោក ម៉ាយខេល ហ្គូវ (Michael Gove) បានប្រាប់សារព័ត៌មាន Sky News ឱ្យដឹងថា «ក្នុងឱកាសនេះខ្ញុំគិតថាវាច្បាស់ណាស់ថាអ្វីដែលត្រូវបានផ្តល់ជូននិងត្រូវពិចារណាគឺស្ថិតនៅក្នុងច្បាប់»។ សមាជិកគណៈរដ្ឋមន្ត្រីរូបនេះបន្តថា៖«វាពិតជាមានសារៈសំខាន់ណាស់ដែលយើងអាចដឹងថា អ្នកណាជាអ្នកចំណាយប្រាក់ឱ្យសមាជិកសភាសម្រាប់ការងារទី២ របស់ពួកគេ នោះហើយជាទីកន្លែងដែលផលប្រយោជន៍របស់សមាជិកសភាស្ថិតនៅ»។
លោក ម៉ាយខេល ហ្គូវ បានបញ្ជាក់បន្ថែមថា «នៅទីបំផុតអ្វីដែលសំខាន់នោះ គឺថាតើសមាជិកសភាដែលត្រូវបម្រើការងារជាតំណាងរាស្រ្ដនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីជាប្រយោជន៍ដល់សាធារណៈជាអាទិភាពឬក៏យ៉ាងណា»។
គួរដឹងដែរថាក្រុមយុទ្ធនាការនយោបាយឈ្មោះថា Led By Donkeys ខាងលើបានបង្ហាញឃ្លីបវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលោក ក្វាថឹងបាននិយាយថា លោកនឹងមិនធ្វើអ្វីទាំងអស់ប្រសិនបើទទួលបានប្រាក់ឈ្នួលតិចជាង ១ម៉ឺនដុល្លារក្នុង១ ខែ។ដោយមានការជំរុញពីអ្នកតំណាងរបស់ក្រុមហ៊ុនប្រឹក្សានោះឈ្មោះថា Hanseong Consulting ភ្លាមៗលោកបានលើកឡើងដោយប្តូរពីរូបិយប័ណ្ណទៅជាផោន(Pounds) ដែលមានតម្លៃថ្លៃជាងដុល្លារនិងប្ដូរទៅជាប្រាក់ឈ្នួលប្រចាំថ្ងៃវិញ។
លោក ហានខកបានបង្កឱ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងបន្ថែមទៀត ដោយសារតែលោកបានឈប់សម្រាកពីការងារដោយគ្មានការអនុញ្ញាតក្នុងនាមជាសមាជិកសភា១ រូប និងបានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយហើយបានបរិភោគប្រដាប់ភេទសត្វ ដែលធ្វើឱ្យពលរដ្ឋអង់គ្លេសមិនពេញចិត្តយ៉ាងខ្លាំង។
គួររំឭកថា លោកត្រូវបានគេបង្ខំឱ្យលាលែងពីតំណែងជារដ្ឋលេខាធិការសុខាភិបាលដោយសារលោកបានបំពានវិធានការកូវីដ១៩ និងមានការលាតត្រដាងថាលោកកំពុងមានទំនាក់ទំនងស្នេហាខាងក្រៅជាមួយទីប្រឹក្សាជាន់ខ្ពស់របស់លោក។
អ្នកនាំពាក្យ១ រូបបានលើកឡើងថា៖«លោក ហានខក បានធ្វើសកម្មភាពត្រឹមត្រូវទាំងស្រុងនិងស្របទៅតាមច្បាប់ ពាក់ព័ន្ធនឹងការចរចាការងារជាមួយក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង»។ ដោយឡែក សម្រាប់លោក ក្វាថឹង វិញគេនៅមិនទាន់ទទួលបានការអត្ថាធិប្បាយនៅឡើយទេ។
ព្រឹត្តិការណ៍ទាំងអស់នេះបានធ្វើឱ្យលោកនាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់(Rishi Sunak) អាម៉ាស់មុខយ៉ាងខ្លាំងដោយសារតែលោកធ្លាប់បានប្ដេជ្ញាថានឹងស្តារសុចរិតភាពវិជ្ជាជីវៈនិងគណនេយ្យភាព ឡើងវិញបន្ទាប់ពីបានធ្លាក់ចុះក្នុងអាណត្តិរបស់លោកស្រី លីស្ស ត្រាស្ស និងលោក បូរីស ចនសិន(Boris Johnson)។
សមាជិកជាន់ខ្ពស់មកពីគណបក្សពលកម្មឆ្វេងនិយមដែលជាបក្សប្រឆាំង លោកស្រី លូស៊ី ផូវែល(Lucy Powell)បាននិយាយទៅកាន់ Sky News ថា លោកស្រីរន្ធត់ចិត្តនិងឈឺចាប់ណាស់ចំពោះបញ្ហានេះ ហើយលោកស្រីបានរំឭកឡើងវិញពីការអំពាវនាវរបស់គណបក្សរបស់លោកស្រី ឱ្យមានការហាមឃាត់សមាជិកសភាមិនឱ្យកាន់ការងារទី២បាន៕