ប្រធាន​នាយក​ដ្ឋាន​សន្តិសុខ​តាម​អ៊ីនធឺណិត​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ លោក​ Rob Joyce ​បា​ន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ២៧ មីនា​ថា​ តិកតុក (TikTok) តំណាង​ឱ្យ​បញ្ហា​ជា​យុទ្ធ​សាស្រ្ត​ ជា​ជាង​កា​រ​គំរាម​កំហែង​ជា​​យុទ្ធ​សាស្រ្ត​​ភ្លាម​ៗ​សម្រាប់​សហរដ្ឋ​អាមេរិក​។

ថ្លែង​ក្នុង​សន្និសីទ​គោល​នយោបាយ​​ដែល​រៀប​ចំ​ឡើង​នៅ​​តំបន់​​​កាលីហ្វ័រនី​ញ៉ា​ខាង​ជើង​ លោក​ ​Joyce ​​ បាន​រំឭក​ឡើង​វិញ​ពី​​ការ​អះ​អាង​កាល​ពី​លើក​មុន​របស់​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​​ថា ​កម្មវិធី​បណ្តាញ​សង្គម​ដែល​គ្រប់​គ្រង​ដោយ​ចិន​ គឺ​ស្រដៀង​ទៅ​នឹង​​ «​កាំភ្លើង​​ដាក់​គ្រាប់​» ​ ដែល​រដ្ឋាភិបាល​ចិន​អាច​ប្រើ​ដើម្បី​មាន​ឥទ្ធិពល​លើ​​ព័ត៌មាន​ដែល​ជន​ជាតិ​អាមេរិកាំង​បាន​ឃើញ​។​​

លោក​​Joyce ​បាន​បន្ត​ថា​ ​​ចិន​អាច​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន​លើ​តិកតុក​​ដើម្បី​រឹត​ត្បិ​ត​លើ​ព័ត៌មាន​​ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​​របស់​ខ្លួន​ មើល​ទៅ​អាក្រក់​​ក្នុង​​ភ្នែក​​ជន​ជាតិ​អាមេរិក​។

ការ​លើក​ឡើង​របស់​លោក​ Joyce បាន​បន្ទរ​ពី​លើ​ការ​ព្រមាន​មុន​នោះ​ ដោយ​ប្រធាន​​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) ​លោក​Christopher Wray ​និង​នាយក​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​លោក​Paul Nakasone ​ដែល​បាន​ប្រាប់ទៅ​​សមា ជិក​សភា​អាមេរិក​ថា​ តិ​កតុក​ ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ ដើម្បី​អនុវត្ត​យុទ្ធ​នាការ ​ដើម្បី​​បន្សាយ​​ឥទ្ធិពល​។​

ចំណែក​​ឯ​ប្រធានាធិបតី​អាមេរិក​ លោក​ ចូ បៃដិន​ វិញ​ បាន​​បង្ហាញ​​​ពី​ការ​គាំទ្រ​របស់​​លោក​ចំពោះ​ច្បាប់​ដែល​បង្កើត​ឡើង​ដោយ​​សមាជិក​ព្រឹទ្ធ​សភា​រាប់​សិប​រូប​ ដែល​នឹង​ផ្តល់​ឱ្យ​​លោក​នូវ​អំណាច​ក្នុង​ការ​​ហាម​ឃាត់​​កម្មវិធី​តិ​កតុក​ និង​​បច្ចេកវិទ្យា​បរទេស​ផ្សេង​ទៀត​ ប្រសិន​បើ​វា​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​។

យ៉ាង​ណា​មិញ​ ក៏​គួរ​បញ្ជក់​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​សប្ដាហ៍​មុន​ ​​​សមាជិក​សភា​តំណាង​រាស្រ្ត​អាមេរិក​​ជំរុញ​​ឱ្យ​​​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​តិកតុក​ លោក​​Chew Shou Zi ​បង្ហាញ​អំពី​ការ​អនុវត្ត​ការ​គ្រប់​គ្រង​ទិន្នន័យ​របស់​កម្មវិធី​ ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយ​បារម្ភ​​ដែល​​កំពុង​​កើន​​ឡើង​​ចំពោះ​​អ្នក​​ប្រើ​​ប្រាស់​ ប្រមាណ​ ១៥០ លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​តែ​១​។ ​អំឡុង​ពេល​ផ្តល់​សក្ខីកម្ម​​​ក្នុង​សភា​ពេល​​​នោះ​ លោក​Chew ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា​ តិក តុក​មិន​ចែក​រំលែក​ទិន្នន័យ​ ឬ​មាន​ទំនាក់​ទំនង​ជា​មួយ​បក្ស​​កុម្មុយនី​ស្ត​ចិន​ ដែល​កំពុង​​​ដឹក​នាំ​ប្រទេស​នោះ​ទេ​៕