ប្រភពពី​មន្ត្រី​របស់​រុស្ស៊ី​និយាយថា ​កង​កម្លាំង​រុស្ស៊ី​កំពុងឆ្ពោះ​ទៅមុខ​នៅក្នុង​ទីក្រុង ​Bakhmut ភាគខាង​កើត​អ៊ុយក្រែន ​ទោះបីជា​មាន​ប្រយុទ្ធ​តស៊ូ​រវាងគ្នា​និង​គ្នាយ៉ាង​ខ្លាំងក្លា​ក៏ដោយ​។ រុស្ស៊ីថា ​ទ័ពខ្លួនស្ទើរ​តែគ្រប់​គ្រង​រោង​ចក្រលោហៈ​នៅ​ទីនោះ​បាន​ទាំងស្រុង​ទៀតផង​។

ការ​អះអាង​បែបនេះ​ផ្ទុយគ្នា​នឹង​ការ​ពិពណ៌នា​របស់​អ៊ុយក្រែន​និង​លោក​ខាង​លិច​អំពី​ស្ថានការណ៍​ក្នុង​ទីក្រុង ​Bakhmut​ ដែល​ពួកគេ​បាន​និយាយ​ថា​មាន​ស្ថិរភាព។​ភាគី​អ៊ុយក្រែន ទ័ព​រុស្ស៊ី​បាន​ធ្លាក់​ធ្លាក់ដៃ។​ទីភ្នាក់ងារ​ព័ត៌រ៉យទ័រថា​ មិន​អាចផ្ទៀង​ផ្ទាត់ស្ថាន​ភាព​ពិត​ពី​សមរភូមិ​បានទេ។

សមរភូមិ ​Bakhmut​ ដែលរុស្ស៊ី​ហៅតាម​ឈ្មោះ​សម័យ​សូវៀតថា​ Artyomovsk បើក​បង្ហូរ​ឈាម ​រយៈពេល​ជាច្រើន​ខែ​មកហើយ​ ។​កន្លែង​នេះគឺ​ជា​ចំណុច​ស្នូល​នៃ​សង្គ្រាម​របស់​ទីក្រុង​ម៉ូស្គូ​ទន្ទ្រាន​លើ​អ៊ុយក្រែន​ ។

លោក ​Deni​s Pushilin ​មេដឹកនាំ​តំបន់​ Donetsk ​ដែលជា​កូន​ជឹង​របស់រុស្ស៊ី ​បាន​និយាយថា​ កងកម្លាំង​អ៊ុយក្រែន​ភាគច្រើន​ដកថយ​ពី​រោងចក្រ​លោហៈ ​AZOM ​នៅផ្នែក​ខាង​លិច​នៃទន្លេ​ Bak​hmutka។

លោក ​Pushilin​ បាន​និយាយថា​ ៖«រឿង​សំខាន់​នៅទីនេះ​គឺ​ការ​បោសសម្អាត​តំបន់​ឧស្សាហកម្ម​ក្នុង​ទីក្រុង​បន្ទាប់​ពី​ដណ្ដើមបាន។

ទោះជា​យ៉ាងណា​ភាគី​ទាំង​២ ​និយាយ​ថា​ សត្រូវ​របស់​ខ្លួន​សុទ្ធ​តែ​រងគ្រោះ​យ៉ាង​ដំណំ​ក្នុង​សមរភូមិ​Bakhmut​។

លោក ​Deni​s Pushilin ​មេដឹកនាំ​តំបន់​ Donetsk​ បាន​និយាយថា​ទាហ៊ាន​ស៊ីឈ្នួល​ក្រុម​Wagner​ របស់រុស្ស៊ី ​កំពុងបន្ត​ដឹកនាំ​ការ​វាយលុក​នៅក្នុង​ទីក្រុងនេះ។​

លោក ​Pushilin ​បាន​ប្រាប់ពិធីករ​ទូរទស្សន៍​រដ្ឋរុស្ស៊ីថា​ ៖«កម្លាំង ​(Wagner) ​កំពុងឆ្ពោះ​ទៅមុខ​ ពិតណាស់​ពួកគេ​កំពុងឆ្ពោះ​ទៅមុខ។ ​សម្រាប់​សត្រូវ​(អ៊ុយក្រែន)​ពិតជា​យ៉ាប់​ណាស់ ពីព្រោះ​ផ្លូវទាំង​អស់ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង ​(របស់​រុស្ស៊ី)​»។

បណ្តាញ​ Telegram ​ដែល​ទាក់ទង​ជាមួយ ​Wagner កាល​ពី​ថ្ងៃអ​ង្គារ ២៨​ មីនា បាន​ចេញ​ផ្សាយ​រូបភាព​ដែល​ពួកគេ​បាន​និយាយថា​ត្រូវបាន​គេថត​នៅខាង​ក្នុង​រោងចក្រ​លោហធាតុ។​ ពួកគេ​បាន​និយាយថា ​ទាហាន​ស៊ីឈ្នួល ​Wagne​r កំពុង​បោសសម្អាត​យុទ្ធជន​អ៊ុយក្រែន​ដែល​សេសសល់​ជា​ក្រុមតូចៗ​ រួមទាំង​ម្នាក់​ដែល​ជាប់នៅ​ក្នុង​អគារ​រដ្ឋបាលផង។​

ឧត្តមសេនីយ៍​ Valery Zaluzhniy​ អគ្គ​មេបញ្ជា​ការ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធអ៊ុយ​ក្រែន​បាន​និយាយ​កាល​ពីថ្ងៃសៅរ៍ថា ទីក្រុង​កៀវ​ ​ បាន​គ្រប់គ្រង​ការ​វាយលុក​របស់​រុស្ស៊ី​នៅក្នុង​និង​ជុំវិញ ​Bak​hmut។​គាត់​បាននិយាយថា​ស្ថានភាព​កំពុង​មាន​ស្ថិរភាព​។

ចារកម្ម​យោធា​អង់គ្លេស​បាន​និយាយថា ​ការ​វាយលុក​របស់​រុស្ស៊ី​បាន​ជាប់គាំង​ ហើយ​កងទ័ព​បានស្លាប់​យ៉ាងច្រើន​និង​ខូចខាត​ធ្ងន់ធ្ងរ​៕