
លោកឧត្តមសេនីយ៍ មីង អ៊ុងឡាំង ឈរក្នុងរថយន្តខណៈលោកចូលរួមប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធលើកទី ៧៨។ AFP
មេដឹកនាំកំពូលរបស់ក្រុមយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានអំពាវនាវកាលពីថ្ងៃចន្ទ ទី ២៧ ខែមីនា ឱ្យមានការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន។
ការអំពាវនាវចុងក្រោយនេះ ធ្វើឡើងក្នុងពេលលោក មីន អ៊ុងឡាំង ចូលរួមក្បួនដង្ហែយោធានាថ្ងៃប្រារព្ធទិវាស្ដីពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស នៅទីក្រុងណៃពិដោ ដែលគេឃើញមានពេញទៅដោយការបង្ហាញ រថពាសដែកមីស៊ីល និងកាំភ្លើងធំ ព្រមទាំងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រហោះហើរខ្វែងខ្វាត់ពីលើអាកាស។ ការលើកឡើងរបស់មេយោធាដដែល ធ្វើឡើងស្របពេលដែលយោធាមីយ៉ាន់ម៉ា រងការចោទប្រកាន់ធ្ងន់ធ្ងរពីបទសម្លាប់ជនស៊ីវិលដោយមិនរើសមុខក្នុងសកម្មភាពយោធាដើម្បីបង្ក្រាបការតស៊ូប្រដាប់អាវុធ ដែលប្រឆាំងនឹងការកាន់កាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន។
យ៉ាងណាមិញ លោក មីន អ៊ុងឡាំង បាននិយាយថា អ្នកដែលថ្កោលទោសរដ្ឋាភិបាលយោធារបស់លោក បានបង្ហាញពីភាពព្រងើយកន្តើយចំពោះអំពើហិង្សាដែលប្រព្រឹត្ត ដោយក្រុមប្រឆាំងរដ្ឋាភិបាល។
គួររំឭកថា ក្រុមយោធារបស់លោក មីន អ៊ុងឡាំង បានដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពី ២ ឆ្នាំមុន ដែលជំរុញឱ្យមានការតវ៉ាដោយសន្តិវិធី។ ប៉ុន្តែក្រោយមកការប្រឆាំងតវ៉ានោះ ត្រូវប្រឈមមុខនឹងការបង្ក្រាបដ៏បង្ហូរឈាមពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ខណៈកងកម្លាំងតស៊ូប្រដាប់អាវុធផ្សេងៗក៏ត្រូវបានបង្កើតឡើងផងដែរ។ ការកើនឡើងនៃអំពើហិង្សាតាំងពីពេលនោះមក ត្រូវបានអ្នកជំនាញអង្គការសហប្រជាជាតិ និងអ្នកផ្សេងទៀតកំណត់ថា ជាសង្គ្រាមស៊ីវិល។
បច្ចុប្បន្ន ក្រុមមួយដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុមយោធា គឺរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលជារដ្ឋាភិបាលនិរទេសខ្លួន និងបង្កើតឡើងដោយសមាជិកសភាជាប់ឆ្នោតដែលក្រុមយោធាដកចេញក្រោយរដ្ឋប្រហារ។ កងកម្លាំងការពារប្រជាជន (PDF) ដែលជាចំណុះរបស់ NUG រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធនៃក្រុមសម្ព័ន្ធមិត្តជនជាតិភាគតិចផ្សេងទៀត បានធ្វើការវាយប្រហារជារឿយៗលើជួរកងទ័ព មូលដ្ឋាន និងប៉ុស្តិ៍យោធាមីយ៉ាន់ម៉ា។
ក្រុមទាំងនេះ រងការឆ្លើយតបទៅវិញពីក្រុមយោធារបស់រដ្ឋាភិបាលលោក មីន អ៊ុងឡាំង តាមរយៈការវាយលុកភូមិនានាដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដែលជារឿយៗបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត។ ជម្លោះហិង្សានេះ បានធ្វើឱ្យមានប្រជាជនជាង ១ លាននាក់ភៀសខ្លួន និងបណ្ដាលឱ្យមានវិបត្តិមនុស្សធម៌។
យ៉ាងណាមិញ លោក មីន អ៊ុងឡាំង បានថ្លែងនៅថ្ងៃចន្ទដដែលថា៖ «អំពើភេរវកម្មរបស់ NUG និង PDFs ចាំបាច់ត្រូវតែដោះស្រាយឱ្យបានល្អ។ យោធា និងរដ្ឋាភិបាលក៏ត្រូវចាត់វិធានការប្រឆាំងនឹងក្រុមភេរវករនេះដែលបានព្យាយាមបំផ្លិចបំផ្លាញប្រទេស និងសម្លាប់ ប្រជាជនផងដែរ»។
បន្ថែមពីលើនេះ រដ្ឋាភិបាលរបស់លោក មីន អ៊ុងឡាំង កន្លងមកបានប្រកាសថា អង្គការតស៊ូមតិធំៗជាក្រុមភេរវករ ហើយអ្នកណាក៏ដោយដែលជាប់ពាក់ព័ន្ធនឹងពួកគេ ត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។
ខណៈពេលដែលលោក មីន អ៊ុងឡាំង និយាយថា សកម្មភាពរបស់យោធារបស់លោក គឺចាំបាច់ដើម្បីសម្រេច បានសន្តិភាព រដ្ឋាភិបាលរបស់លោកបានច្រានចោលការចោទប្រកាន់អំពីការរំលោភ សិទ្ធិមនុស្ស ដោយចង្អុលទៅលើអំពើហិង្សាដែលគូប្រជែងរបស់ខ្លួនប្រព្រឹត្តទៅវិញ៕