
អតីតប្រធានាធិបតីតៃវ៉ាន់លោក ម៉ា យីងជៀវ (Ma Ying-jeou)។ រូបថត AFP
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់អតីតប្រធានាធិបតីតៃវ៉ាន់លោក ម៉ា យីងជៀវ (Ma Ying-jeou) កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកបាននិយាយថា តៃវ៉ាន់ និងចិនត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសសង្គ្រាម ហើយវាជាទំនួលខុសត្រូវរបស់មេដឹកនាំនៃភាគីទាំងពីរក្នុងការធានាឱ្យបាននូវសុខសន្តិភាព។
លោក ម៉ា បានធ្វើដំណើរមកដល់ប្រទេសចិន កាលពីថ្ងៃចន្ទ ហើយនេះគឺជាលើកទីមួយដែលអតីតប្រធានាធិបតីតៃវ៉ាន់ បានមកធ្វើទស្សនកិច្ចនៅប្រទេសចិន គិតចាប់តាំងពីឆ្នាំ១៩៤៩ មក។
ក្នុងដំណើរទស្សនកិច្ចនោះ អតីតប្រធានាធិបតី លោក ម៉ា ក៏បានចូលជួបជាមួយលោក សុង ថាវ (Song Tao) ដែលជាប្រធានការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន នៅទីក្រុងវូហាន (Wuhan) ស្ថិតនៅភាគកណ្តាលប្រទេសចិន។
លោក ម៉ា បានមានប្រសាសន៍ថា «ការរក្សាបាននូវការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថិរភាពនៃទំនាក់ទំនងរវាងគូភាគីទាំងពីរគឺជាផ្នត់គំនិតរបស់សាធារណជននៅក្នុងសង្គមតៃវ៉ាន់»។
លោកបានបន្ថែមថា «វាគឺជាទំនួលខុសត្រូវរបស់មេដឹកនាំប្រទេសទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ក្នុងការខិតខំរិះរកគ្រប់មធ្យោបាយដែលមានអំណោយផលដល់ការលើកកម្ពស់សន្តិភាព» នេះបើយោងតាមការដកស្រង់សេចក្ដីអត្ថាធិប្បាយរបស់លោក ដែលបានផ្តល់ដោយការិយាល័យរបស់លោក ម៉ា នៅទីក្រុងតៃប៉ិ។
ក្នុងនោះផងដែរ លោក ម៉ា ក៏បានរំលេចថា «ភាគីទាំងពីរត្រូវតែរក្សាការផ្លាស់ប្តូររវាងគ្នា សហប្រតិបត្តិការជាមួយគ្នា និងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសសង្គ្រាម និងជម្លោះ»។
ដោយឡែក ទីភ្នាក់ងារព័ត៌មានស៊ីនហួ (Xinhua News Agency) របស់ប្រទេសចិនបានដកស្រង់សម្តីលោក សុង ដែលបាននិយាយទៅកាន់លោក ម៉ា ថា៖ «ប្រជាជននៅក្នុងប្រទេសចិន និងតៃវ៉ាន់គួរតែប្រឆាំងដាច់ខាតចំពោះសកម្មភាពផ្តាច់ខ្លួន ចង់បានឯករាជ្យរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ហើយរួមគ្នាការពារសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់»។
គួរដឹងដែរថា លោក ម៉ា កំពុងតែបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចំពេលដែលភាពតានតឹងកំពុងកើនឡើងកាន់តែខ្លាំងឡើងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ខណៈដែលប្រទេសចិនបង្កើនសម្ពាធផ្នែកយោធា និងការទូត ដើម្បីព្យាយាមបង្ខំឱ្យកោះដែលគ្រប់គ្រងរដ្ឋាភិបាលប្រជាធិបតេយ្យមួយនេះ ទទួលយកអធិបតេយ្យភាពរបស់ចិន។
អតីតប្រធានាធិបតី ម៉ា ដែលបានកាន់តំណែងកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ ក៏ធ្លាប់បានចូលជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង (Xi Jinping) នៅប្រទេសសិង្ហបុរីកាលពីចុងឆ្នាំ២០១៥ ពោលគឺមុនពេលដែលប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្នលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ត្រូវបានជាប់ឆ្នោតក្នុងឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ អតីតប្រធានាធិបតីតៃវ៉ាន់រូបនេះ មិនបានកំណត់ពេលចូលជួបជាមួយលោក ស៊ី ក្នុងដំណើរទស្សនកិច្ចនេះនោះទេ ប៉ុន្តែការិយាល័យរបស់លោក បានបញ្ជាក់ថា លោក ម៉ា នឹងយល់ព្រមចូលរួមដោយបើកចំហចំពោះកិច្ចប្រជុំទាំងឡាយណាដែលចិននឹងរៀបចំឡើង។
ដោយឡែក លោកស្រី សៃ តែងតែបានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិន ដោយអះអាងថា មានតែប្រជាជនដែលរស់នៅលើកោះនេះទេ ទើបអាចសម្រេចលើអនាគតរបស់ពួកគេបាន។ លោកស្រីក៏បានផ្តល់ការបើកឱ្យមានការចរចាជាមួយចិនម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ ដោយសារតែទីក្រុងប៉េកាំង ចាត់ទុកលោកស្រីថាជាជនផ្តាច់ខ្លួននិយម។
បន្ថែមលើនេះ គណបក្សប្រជាធិបតេយ្យរីកចម្រើន (DPP) ដែលកំពុងកាន់អំណាចនៅកោះតៃវ៉ាន់ បានរិះគន់ដំណើរទស្សនកិច្ចរបស់លោក ម៉ា ដោយបានលើកឡើងថា លោកគួរតែចាប់យកឱកាសនេះដើម្បីប្រាប់លោក ស៊ី ឱ្យបញ្ឈប់ការយាយីផ្នែកយោធាស្ទើរតែរាល់ថ្ងៃទៅលើកោះមួយនេះ។ ប៉ុន្តែ គណបក្សប្រឆាំង គួមីនតាង (Kuomintang) ដែលមានលោក ម៉ា ជាសមាជិកជាន់ខ្ពស់មួយរូប បានឆ្លើយតបវិញថា វាជារឿងដ៏សំខាន់ក្នុងការទៅជជែកជាមួយចិន ដើម្បីព្យាយាមកាត់បន្ថយភាពតានតឹង៕