
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើឯកសារស្ដីពីគោលនយោបាយការបរទេសដែលជាយុទ្ធសាស្ត្រថ្មីមួយសំដៅដល់ការកាត់បន្ថយឥទ្ធិពលរបស់លោកខាងលិច និងបញ្ជាក់កាន់តែច្បាស់បន្ថែមទៀតថាប្រទេសចិន និងឥណ្ឌា គឺជាដៃគូរបស់រុស្ស៊ីដ៏សំខាន់សម្រាប់ថ្ងៃអនាគត។
ឯកសារគោលនយោបាយថ្មីនេះបានគូសបញ្ជាក់ពីការប្រេះឆាទំនាក់ទំនងកាន់តែខ្លាំង និងបង្កជាសង្រ្គាមត្រជាក់ម្ដងទៀតរវាងរុស្ស៊ី និងលោកខាងលិច ជុំវិញបញ្ហាការឈ្លានពានរបស់ក្រុងម៉ូស្គូ ទៅលើទឹកដីអ៊ុយក្រែន។ ឯកសារយុទ្ធសាស្ត្រខាងលើក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា «សហព័ន្ធរុស្ស៊ីនឹងផ្តល់អាទិភាពដល់ការលុបបំបាត់ការត្រួតត្រា និងឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងប្រទេសអមិត្តផ្សេងទៀតនៅក្នុងនយោបាយពិភពលោក»។
ពាក្យថា «ប្រទេសអមិត្ត» គឺជាពាក្យដែលរុស្ស៊ីចង់សំដៅទៅលើប្រទេសជាច្រើនដែលស្ថិតនៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ដែលបានថ្កោលទោសប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន និងជាប្រទេសដែលបានអនុម័តដាក់ទណ្ឌកម្មទៅលើខ្លួន។
គួរដឹងដែរថា ឯកសារគោលនយោបាយថ្មីនេះមានកម្រាស់ ៤២ ទំព័រ ហើយត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង។ ក្នុងចំណោមគោលនយោបាយទាំងអស់នោះ ប្រទេសរុស្ស៊ីបានលើកឡើងថា ខ្លួននឹងបង្កើតលក្ខខណ្ឌសម្រាប់រដ្ឋទាំងអស់ នោះគឺការបដិសេធចំពោះអាណានិគមនិយម និងចំពោះប្រទេសណាដែលចង់ពង្រីកអនុត្តរភាព។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក ពូទីន បានប្រកាសដោយលើកឡើងអំពីឯកសារនេះថា «ការធ្វើបច្ចុប្បន្នភាពចំពោះយុទ្ធសាស្ត្ររបស់រុស្ស៊ីក្នុងការប្រាស្រ័យទាក់ទងជាមួយពិភពលោក គឺចាំបាច់ខ្លាំងណាស់ ដោយសារតែបរិបទនយោបាយនៅលើពិភពលោកមានការផ្លាស់ប្ដូរខ្លាំង»។ យុទ្ធសាស្ត្រខាងលើក៏បានឆ្លុះបញ្ចាំងពីជំហរប្រឆាំងលោកខាងលិចកាន់តែខ្លាំងឡើងពីសំណាក់មេដឹកនាំរុស្ស៊ី ខណៈដែលត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម និងជំនួយយោធារបស់លោកខាងលិចទៅកាន់អ៊ុយក្រែន។
គួរកត់សម្គាល់ថា រុស្ស៊ីបានក្លាយជាប្រទេសឯកោកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ ហើយតែងតែបានស្វែងរកការបង្កើតទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក និងអាស៊ី ដូចជាចិន និងឥណ្ឌាដែលជាប្រទេសប្រកាន់ជំហរអព្យាក្រឹតចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
នៅក្នុងយុទ្ធសាស្ត្រថ្មីនេះផងដែរ រុស្ស៊ីបានគូសបញ្ជាក់ពីទំនាក់ទំនងជាមួយចិន និងឥណ្ឌា ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសមហាអំណាចទាំងបី ដែលស្ថិតនៅគ្របដណ្ដប់លើទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ឬហៅម៉្យាងទៀតថា អឺរ៉ាស៊ី។ ជាក់ស្ដែង ថ្មីៗនេះ លោក ពូទីន បានលើកឡើងអំពីទំនាក់ទំនងជាពិសេសជាមួយប្រទេសចិន ក្នុងអំឡុងពេលដែលលោកប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) ទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូកាលពីដើមខែមីនាឆ្នាំ២០២៣។
បន្ថែមលើនេះ ទីក្រុងម៉ូស្គូបានបង្កើនការផ្គត់ផ្គង់ថាមពលរបស់ខ្លួនទៅកាន់ប្រទេសចិន និងឥណ្ឌា បន្ទាប់ពីត្រូវបានកាត់ផ្តាច់ពីទីផ្សារអឺរ៉ុបស្ទើរតែទាំងស្រុង។
យុទ្ធសាស្ត្រខាងលើនេះ ក៏បានគូសបញ្ជាក់ផងដែរថា «ប្រទេសរុស្ស៊ីនឹងការពារតម្លៃនៃសីលធម៌ ប្រពៃណី ហើយប្រឆាំងនឹងអំពើអមនុស្សធម៌ និងអាកប្បកិរិយាមនោគមវិជ្ជាបែបសេរីនិយមផ្សេងទៀត»៕