
ជនចំណាកស្រុកពីប្រទេសទុយនេស៊ី ធ្វើដំណើរឆ្លងកាត់មហាសមុទ្រនាពេលកន្លងទៅ។ រូបថត AFP
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា នៅដើមឆ្នាំ ២០២៣ នេះ យ៉ាងហោចណាស់ជនភៀសខ្លួនចេញពីប្រទេសទុយនេស៊ីជាង មានជាង១ម៉ឺននាក់ បានធ្វើដំណើរឆ្លងកាត់មហា
សមុទ្រមួយពោរពេញដោយគ្រោះថ្នាក់តាមរយៈទូកតូច ឆ្លងទៅកាន់ទ្វីបអឺរ៉ុប រួមជាមួយកំណើនការបាត់បង់ជីវិតដោយសារលង់ទឹក។
ការប៉ុនប៉ងឆ្លងសមុទ្រពីឆ្នេរសមុទ្រជុំវិញទីក្រុង Sfax នៃប្រទេសទុយនេស៊ី បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានរលកនៃអំពើហិង្សាប្រកាន់ពូជសាសន៍ដែលបង្កឡើងដោយប្រធានាធិបតីទុយនេស៊ី លោក Kais Saied បានអះអាងថា ការធ្វើចំណាកស្រុកទៅកាន់ទ្វីបអឺរ៉ុប គឺជាផ្នែកមួយនៃមនោគមន៍របស់អន្តរជាតិ ក្នុងបំណងចង់ផ្លាស់ប្តូរចរិតលក្ខណៈប្រជាសាស្ត្ររបស់ទុយនេស៊ី។
វេទិកាសិទ្ធិសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសទុយនេស៊ី បាននិយាយកាលពីសប្តាហ៍មុនថា ឆ្មាំឆ្នេរសមុទ្រទុយនេស៊ីបានរារាំងមនុស្សជាង ១៤០០០ នាក់ដែលធ្វើដំណើរតាមទូកតូចៗក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី Saeid បានធ្វើការដកអំណាចសភាជាបន្តបន្ទាប់ គាបសង្កត់សិទ្ធិសេរីភាពសារព័ត៌មាន និងសង្កត់ធ្ងន់ទៅលើដៃគូប្រជែងខ្លួន។
ក្នុងនោះផងដែរ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមគ្រួសារជាច្រើនត្រូវបានគេបណ្តេញចេញពីផ្ទះ ទទួលរងនូវអំពើហិង្សា បុគ្គលិកបាត់បង់ការងារ ដែលធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើចំណាយថ្លៃអាហារ បាត់បង់ផ្ទះសម្បែង មនុស្សដេកតាមដងផ្លូវ ជាពិសេសក្នុងរដ្ឋធានី Tunis បូករួមទាំងការរស់ក្នុងភាពភ័យខ្លាច។ កាលពីសប្តាហ៍មុន មនុស្សជាង ២៩ ត្រូវបានបាត់បង់ជីវិត ដោយការលិចទូកនៅឆ្នេរសមុទ្រ Sfax ហើយកាលពីថ្ងៃពុធនេះផងដែរ ទីភ្នាក់ងារផ្នែកសុខភាពប្រចាំតំបន់បានប្រាប់សារព័ត៌មាន TAP ថា ចំនួនសាកសពជនចំណាកស្រុកនៅកន្លែងបញ្ចុះសពមានការកើនឡើងលើសកំណត់។
ជនភៀសខ្លួនម្នាក់ដែលកំពុងស្នាក់នៅប្រទេស Ivory Coast លោក Oliver បាននិយាយថា លុយពិតជាពិបាករកណាស់ គាត់បានចំណាយពេលជាង ២ឆ្នាំ ដើម្បីសន្សំប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃឈ្មួញទូកដើម្បីឆ្លងកាត់សមុទ្រ។លោកថា៖«សម្រាប់រដូវរងាថ្លៃចំណាយលើការកាត់មហាសមុទ្រមានតម្លៃធូរថ្លៃ ដែលជាមូលហេតុធ្វើឱ្យអត្រាអ្នកឆ្លងកាត់មានកម្រិតខ្ពស់ជាងរដូវក្តៅ»។
Olivier បានរៀបរាប់ផងដែរថា ឈ្មួញបានទាក់ទងអ្នកមានបំណងឆ្លងកាត់ ឱ្យជិះតាក់ស៊ីទៅចំណុចលាក់បាំងមួយលើឆ្នេរសមុទ្រ បន្ទាប់ពីទៅដល់ទីនោះពួកគេអាចធ្វើដំណើរទៅជាមួយអ្នកនេសាទ ឬអ្នកទិញទូកហើយបង់ប្រាក់បន្ថែមសម្រាប់ការធ្វើដំណើរ។
សូមបញ្ជាក់ផងដែរថា ចំនួនប្រជាជនធ្វើដំណើរចេញពីប្រទេសទុយនេស៊ី បានកើនឡើងកាន់តែច្រើនទៅៗនាប៉ុន្មានឆ្នាំចុងក្រោយនេះ៕