ទិន្នន័យ​របស់​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក (CDC)​ បាន​បង្ហាញ​ថា​ កុមារ​ និង​​ក្មេង​​ជំទង់​​នៅ​​​​​អាមេរិក​​បច្ចុប្បន្ន​នេះ​ ​ងាយ​​នឹង​​ស្លាប់​​ដោយ​​សារ​​​​កាំភ្លើង​ជាង​អ្វី​ៗ​ទាំង​អស់​​ ដែល​ជា​មូលហេតុ​នៃ​​ការ​ស្លាប់​។

​ទិន្នន័យ​បង្ហាញ​ថា​ កាំ​ភ្លើង​រួម​ចំណែក​រហូត​ដល់​ ១៩ ភាគរយ​នៃ​ការ​ស្លាប់​របស់​កុមារ​ និង​ក្មេង​ជំទង់​អាយុ​ចន្លោះ​ពី​ ១-១៨ ឆ្នាំ​ ​ក្នុង​ឆ្នាំ​ ២០២១។​ នេះ​បើ​តាម​ការ​ស្រង់​ទិន្ន​ន័យ​របស់​បណ្ដាញ​ព័ត៌មាន​ CNN កាល​ពី​ថ្ងៃ​ពុធ​ ទី​ ២៩ មីនា​។

​កុមារ​ ឬ​ក្មេង​ជំទង់​ជិត​ ៣ ៦០០០ នាក់​ បាន​ស្លាប់​ក្នុង​ហេតុការណ៍​ទាក់​ទង​នឹង​កាំ​ភ្លើង​ក្នុង​ឆ្នាំ ២០២១​ ​ដែល​តួលេខ​នេះ​ ស្មើ​នឹង​កុមារ​​​៥នាក់​ដែល​បាត់​បង់​ក្នុង​ចំណោម​ ១០០ ០០០ នាក់​ នៅ​សហរដ្ឋ​​អាមេរិក​។ បើ​តាម​ការ​វិភាគ​របស់​​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ KFF ដែល​ធ្វើ​ការ​លើ​បញ្ហា​សុខាភិបាល​នៅសហរដ្ឋ​អាមេរិក​ គ្មាន​ប្រទេស​ណា​មួយ​លើ​ពិភព​លោក​ ​ដែល​មាន​បញ្ហា​កាំ​ភ្លើង​ ស្ថិត​នៅ​ក្នុង​ចំណោម​មូលហេតុកំពូល​ៗ​​នៃ​ការ​ស្លាប់​របស់​កុមារ​នោះ​ឡើយ​។

​ទិន្នន័យ​របស់​ CDC បាន​បង្ហាញ​ផង​ដែរ​ថា​ មូល​ហេតុ​នៃ​ការ​ស្លាប់​ដោយ​សារ​កាំ​ភ្លើង​ចំពោះ​កុមារ​ បាន​វ៉ា​ដាច់​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០២០ ខណៈ​មូល​ហេតុ​ចម្បង​នៃ​ការ​ស្លាប់​ផ្សេង​ៗ​ទៀត​រួម​មាន​ ជំងឺ​មហារីក​ ការ​ថប់​ដង្ហើម​ និង​ការ​ពុល​ជា​ដើម​។

គួរ​គូស​បញ្ជាក់​ថា​ ការ​បាញ់​ប្រហារ​ដោយ​កាំ​ភ្លើង​ដ៏​សាហាវ​ចុង​ក្រោយ​​នៅ​សហរដ្ឋ​អាមេរិក​​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា​ ​នៅ​សាលារៀន​​បឋម​សិក្សា​​មួយ​ក្នុង​ទី​ក្រុង​ Nashville ​ដែល​សម្លាប់​​មនុស្ស​យ៉ា​ង​ហោ​ច​ណាស់​ ៦នាក់​ ដោយ​ក្នុង​​នោះ​មាន​កុមារ​ ៣ នាក់​។ ​ វា​គឺ​ជា​​ការ​បាញ់​ប្រហារ​​នៅ​​​ដ៏​ធំ​បំផុត​មួយ​ រាប់​តាំង​ពី​ការ​បាញ់​ប្រហារ​ក្នុង​សាលា​រៀន​នៅ​ក្រុង​ Uvalde នៃ​រដ្ឋ​តិចសាស់​ ដែល​សម្លាប់​សិស្ស​អាយុ​ចន្លោះ​ ៩-១១ ឆ្នាំ​ ចំនួន​ ១៩ នាក់​ និង​គ្រូ​ៗ​២​នាក់​ផ្សេង​ទៀត​។​

បញ្ហា​កាំ​ភ្លើង​ជា​ទូទៅ​ គឺ​ជា​បញ្ហា​​ប្រឈម​ដ៏​ធ្ងន់​ធ្ងរ​បំផុត​មួយ​នៅ​សហរដ្ឋ​អាមេរិក​។ ​គិត​ត្រឹម​ការ​បាញ់​ប្រហារ​​នៅ​ក្រុង​​ Nashville ការ​បាញ់​ប្រហារ​ចំនួន​ ១៣០ ដង​ បាន​កើត​ឡើង​ក្នុង​ឆ្នាំ​ ២០២៣​ នេះ​ដែល​វា​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​កំណត់​ត្រា​របស់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​​​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពីអង្គការ​ប្រមូល​ទិន្នន័យ​ស្ដី​ពី​ហិង្សា​ដោយ​កាំភ្លើង​ Gun Violence Archive៕​