ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃទី១ ខែមេសា ថា លោកស្រី គីម យូចុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចោទប្រកាន់អ៊ុយក្រែនថា មានមហិច្ឆតាបំពាក់អាវុធនុយក្លេអ៊ែរ។
ការចោទប្រកាន់នេះ ធ្វើឡើងដោយផ្អែកលើញត្តិតាមអ៊ីនធឺណិតនៅអ៊ុយក្រែន ដែលអំពាវនាវឱ្យប្រទេសមានអាវុធនុយក្លអ៊ែរ ក្រោយលោក វ្ល៉ាឌីមៀរ ពូទីន ដែលជាមេដឹកនាំរុស្ស៊ី ដែលជាប្រទេសឈ្លានពានអ៊ុយក្រែន បានប្រកាសអំពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិកនៅបេឡារុស។
លោកស្រី គីម បានលើកឡើងថា ញត្តិបែបនេះអាចជាផែនការនយោបាយរបស់ការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី។ យ៉ាងណាមិញ លោកស្រីមិនបានបង្ហាញណាមួយឱ្យច្បាស់លាស់លម្អិត ដើម្បីគាំទ្រការអះអាងរបស់ខ្លួននោះទេ។
គួរបញ្ជាក់ថា ញត្តិសាធារណៈនៅអ៊ុយក្រែន ត្រូវបានរៀបចំឡើងដាក់ជូនទៅកាន់គេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យអ៊ុយក្រែនធ្វើជាម្ចាស់ផ្ទះដាក់អាវុធនុយក្លេអ៊ែរ ឬមានអាវុធប្រភេទនេះដោយខ្លួនឯង។
គិតត្រឹមថ្ងៃសៅរ៍ ញត្តិនេះទើបតែទទួលបានហត្ថលេខាត្រឹម ៦១១ ប៉ុណ្ណោះ ខណៈត្រូវមានហត្ថលេខារហូតដល់ ២៥ ០០០ ដើម្បីទទួលបានការឆ្លើយតបពីលោក ហ្សេលេនស្គី។ ជុំវិញបញ្ហានេះ គេមិនទាន់ឃើញមានការបកស្រាយយ៉ាងណានោះទេ ពីមន្រ្តីអ៊ុយក្រែន។
ការរិះគន់របស់កូរ៉េខាងជើញនាពេលនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងស្របពេលដែលប្រទេសឯកោមួយនេះកំពុងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី ដែលជារដ្ឋឯកោមួយទៀត ក្រោយចូលលុកលុយអ៊ុយក្រែន។ គេសង្កេតឃើញថា ប្រទេសទាំង២ តែងតែនិយាយការពារផ្នែកការទូតឱ្យគ្នាទៅវិញទៅមក ជាពិសេសបញ្ហាទាក់ទងនឹងឧបទ្វីបកូរ៉េ ខណៈកន្លងមក មានរបាយការណ៍ថា កូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់សម្រាប់ការប្រយុទ្ធនៅអ៊ុយក្រែន៕