ក្រុមមិនស្វែងរកប្រាក់ចំណេញរបស់ចក្រភពអង់គ្លេស គឺបណ្តាញ Presidium Network បាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសជនជាតិអង់គ្លេស ៣នាក់ត្រូវបានឃុំខ្លួនដោយក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមនេះ បាននិយាយនៅលើធ្វីធើរថា ខ្លួនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រួសារ២។
ក្រសួងការបរទេសអង់គ្លេស បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖យើងកំពុងធ្វើការយ៉ាងលំបាកក្នុងការធានាទំនាក់ទំនងកុងស៊ុលជាមួយជនជាតិអង់គ្លេសដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយយើងកំពុងជួយគ្រួសារជាច្រើន។
Scott Richards នៃបណ្តាញ Presidium បានប្រាប់ សារព័ត៌មានSky News ថា ៖យើងជឿថា ពួកគេមានសុខភាពល្អ ហើយត្រូវបានគេយកចិត្តទុកដាក់យ៉ាងល្អ។
«យើងគ្មានហេតុផលដើម្បីជឿថា ពួកគេត្រូវបានទទួលរងនូវការប្រព្រឹត្តអវិជ្ជមានដូចជាការធ្វើទារុណកម្ម ហើយយើងត្រូវបានគេប្រាប់ថា ពួកគេល្អដូចអ្វីដែលអាចរំពឹងទុកបានក្នុងកាលៈទេសៈបែបនេះ។
លោកបានបន្ថែមថា៖ «មិនមានទំនាក់ទំនងដ៏មានអត្ថន័យ រវាងអាជ្ញាធរ និងបុរស២ នាក់ដែល Presidium កំពុងជួយនោះ»។
បុរសទាំង២នាក់ ត្រូវបានក្រុមតាលីបង់ចាប់ខ្លួន តាំងពីខែមករា។
គេមិនដឹងថា បុរសទី៣ត្រូវបានគេឃុំខ្លួនរយៈពេលយូរប៉ុនណានោះទេ។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានដាក់ឈ្មោះបុរសនោះថា ជាគ្រូពេទ្យសប្បុរសធម៌ Kevin Cornwell អាយុ ៥៣ ឆ្នាំជាអ្នកគ្រប់គ្រងសណ្ឋាគារសម្រាប់បុគ្គលិកជំនួយ និងជាតារា YouTube Miles Routledge។
នៅលើធ្វីធើរ Presidiumបានជំរុញឱ្យក្រុមតាលីបង់ពិចារណាលើអ្វីដែលយើងជឿថា ជាការយល់ច្រឡំ និងដោះលែងបុរសទាំងនេះ។
កាលពីឆ្នាំមុន ក្រុមតាលីបង់បានដោះលែងអ្នកថតរូបទូរទស្សន៍ជើងចាស់ម្នាក់ និងជនជាតិអង់គ្លេស៤នាក់ផ្សេងទៀត ដែលខ្លួនបានឃុំខ្លួនរយៈពេល ៦ខែ។
Peter Jouvenal គឺជាមនុស្សម្នាក់ក្នុងចំណោមជនជាតិអង់គ្លេស ដែលរដ្ឋាភិបាលនៅទីក្រុងឡុងដ៍ បាននិយាយថា ត្រូវបានចាប់ខ្លួនដោយក្រុមអ៊ិស្លាមនិយមរឹងរូស។
ក្រសួងការបរទេសអង់គ្លេស បាននិយាយថា អ្នកទាំង៥ មិនមានតួនាទីនៅក្នុងការងាររបស់រដ្ឋាភិបាល អង់គ្លេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានធ្វើដំណើរទៅកាន់ ប្រទេសនេះប្រឆាំងនឹងការណែនាំអំពីការធ្វើដំណើររបស់រដ្ឋាភិបាលអង់គ្លេស។
ក្រសួងបានបន្ថែមថា៖«នេះគឺជាកំហុស»។
នៅពេលនោះ អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បានចោទប្រកាន់ជនជាតិអង់គ្លេសថា បានធ្វើសកម្មភាពប្រឆាំងនឹងច្បាប់របស់ប្រទេស និងប្រពៃណីរបស់ប្រជាជនអាហ្វហ្គានីស្ថាន»។
លោកបាននិយាយថា៖«ក្រោយពីកិច្ចជាបន្តបន្ទាប់រវាង IEA (Islamic Emirate of Afghanistan) និងចក្រភពអង់គ្លេស មនុស្សទាំងនោះត្រូវបានដោះលែង... និងបានប្រគល់ទៅប្រទេសកំណើតរបស់ពួកគេ។
លោកបានបន្ថែមថា៖ «ពួកគេបានសន្យាថា នឹងគោរពតាមច្បាប់នៃប្រទេសអាហ្វហ្គានីស្ថាន ប្រពៃណី និងវប្បធម៌របស់ប្រជាជន ហើយមិនបំពានពួកគេទៀតឡើយ»។
ក្រុមតាលីបង់ បានវិលត្រឡប់មកកាន់អំណាចវិញក្នុងខែសីហា ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមក បានបង្កឱ្យមានកំហឹងជាសកលជាមួយនឹងគោលនយោបាយរបស់ខ្លួន ជាពិសេសចំពោះស្ត្រី និងក្មេងស្រី៕