
រូបថតឯកសារនេះថតនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ បង្ហាញអ្នកកាសែតឈ្មោះEvan Gershkovich។ AFP
កាសែត Wall Street Journal (WSJ ) ជាថ្មីម្តងទៀតបានអំពាវនាវឱ្យដោះលែងអ្នកយកព័ត៌មានរបស់ខ្លួនឈ្មោះ Evan Gershkovich ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ីជុំវិញការចោទប្រកាន់ចារកម្ម។
WSJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅលើធ្វីធើរថា៖« The Wall Street Journal ទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវសហសេវិករបស់យើងគឺលោក Evan Gershkovich ជាអ្នកកាសែតល្បីឈ្មោះម្នាក់ដែលត្រូវបានចាប់ខ្លួន ខណៈពេលដែលកំពុងរាយការណ៍នៅក្នុងប្រទេសរុស្ស៊ី»។
សេចក្តីថ្លែងការណ៍នោះ ចាត់ទុកការចាប់ខ្លួនលោក Gershkovich ថាជាការគំរាមកំហែងដ៏សាហាវ ដល់សេរី ភាពសារព័ត៌មាន ដែលគួរតែជំរុញឱ្យមានកំហឹងចំពោះប្រជាជន និងរដ្ឋាភិបាលសេរីទាំងអស់ នៅទូទាំងពិភពលោក។
មុននេះ WSJ បានច្រានចោលរាល់ការចោទប្រកាន់លើអ្នកយកព័ត៌មានរបស់ខ្លួន ហើយទាមទារឱ្យមាន ការដោះលែងគាត់ជាបន្ទាន់។ WSJ ក៏បង្ហាញពីការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់Gershkovich ផងដែរ។
យោងតាមមជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) លោក Evan Gershkovich ធ្វើសកម្មភាពតាមការបញ្ជារបស់ភាគីអាមេរិកបានប្រមូលព័ត៌មានរួមមានការសម្ងាត់រដ្ឋអំពី សកម្មភាពរបស់សហគ្រាសនៅក្នុងបរិវេណឧស្សាហកម្មយោធាឧស្សាហកម្មរបស់រុស្ស៊ី។ អ្នកយកព័ត៌មានរូបនេះ ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងYekaterinburgនៃតំបន់ Urals។
អ្នកស៊ើបអង្កេត FSB បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងពលរដ្ឋអាមេរិកក្រោមមាត្រា ២៧៦ នៃក្រមព្រហ្មទណ្ឌរុស្ស៊ី («ចារកម្ម»)។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អ្នកកាសែតត្រូវបាន «ចាប់បានខ្លួនពេលកំពុងប្រព្រឹត្តបទល្មើស»។ នៅថ្ងៃទី ៣០ ខែមីនាតុលាការសង្កាត់Lefortovo នៃទីក្រុងម៉ូស្គូ បានបញ្ជាឱ្យចាប់ខ្លួន Gersh kovich រហូតដល់ថ្ងៃទី ២៩ ខែឧសភា៕