
លោក Xi Jinping និងលោក Emmanuel Macron ក្នុងជំនួបនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ៥ ខែមេសា។ រូបថត AFP
ប្រធានាធិបតីរបស់ប្រទេសចិនលោក Xi Jinping បានយល់ព្រមក្នុងការជួបពិភាក្សាជាមួយប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky តាមរយៈការហៅតាមទូរសព្ទ។ ការបើកភ្លើងខៀវនេះ បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី ៥ ខែមេសានេះ ដើម្បីពិភាក្សាជុំវិញការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមរវាង រុស្សី និងអ៊ុយក្រែន។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប អ្នកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា វាគឺជារឿងល្អណាស់ នៅពេលដែលឮថាលោក Xi បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការនិយាយជាមួយនឹងលោក Zelensky។
អ្នកស្រីក៏បានបន្ទផងដែរថា៖«លោក Xi បាននិយាយថា ការសន្ទនានឹងកើតឡើងនៅពេលដែលមានលក្ខខណ្ឌនិងពេលវេលាត្រឹមត្រូវ»។
ការស្វែងរកសន្តិភាពពីប្រទេសមហាអំណាចចិនជុំវិញសង្គ្រាមរវាង រុស្សី និងអ៊ុយក្រែន នាពេលនេះក៏ដោយសារតែប្រទេសចិន ត្រូវបានគេដឹងថាមានសក្តានុពលយ៉ាងខ្លាំងក្លា នៅក្នុងការចរចាជាមួយនឹងប្រទេសរុស្សី ដែលជាដៃគូធំបំផុតរបស់ខ្លួន។
ប៉ុន្តែក្រោយពេលកិច្ចប្រជុំត្រូវបានបញ្ចប់នោះ លោក Xi នៅមិនទាន់បានបញ្ចេញមតិទៅលើការសន្ទនាដែលអាចធ្វើទៅបានជាមួយ Zelensky នោះទេ។ ប៉ុន្តែលោកបានត្រៀមខ្លួនជាស្រេចដើម្បីហៅទូរសព្ចទៅលោក Zelensky។
ម្យ៉ាងវិញទៀតនៅក្នុងកិច្ចពិភាក្សានេះ លោក Xi ក៏បានបញ្ជាក់ជាថ្មីទៀតផងដែរថា អាវុធនុយក្លេអ៊ែរមិនគួរប្រើប្រាស់នៅក្នុងជម្លោះនោះទេ បន្ទាប់ពីរុស្ស៊ីបាននិយាយកាលពីសប្តាហ៍មុនថាខ្លួនគ្រោងដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស្ស ដែលមានព្រំដែនខាងលិចជាប់ជាមួយនឹងសម្ព័ន្ធមិត្តណាតូ។
មិនតែប៉ុណ្ណោះប្រសិនបើប្រទេសចិន ផ្តល់អាវុធទៅកាន់រុស្ស៊ី នោះវានឹងធ្វើការប៉ះពាល់យ៉ាងខ្លាំង ដល់សម្ព័ន្ធភាពរវាងប្រទេសចិន និងសហភាពអឺរ៉ុប។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោកម៉ាក្រុង(Macron) ក៏បានលើកឡើងពីទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិផងដែរ។ ក្នុងនោះគណៈប្រតិភូប្រចាំទីផ្សារផ្នែកអាកាសចរណ៍ដ៏ធំលំដាប់ទីពីរនិងរោងចក្រនុយក្លេអ៊ែររបស់បារាំង EDF ដែលបានអមដំណើរទៅជាមួយលោកម៉ាក្រុង ក៏បានធ្វើការចុះហត្ថលេខាព្រមព្រៀងដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនជាមួយទីផ្សារប្រទេសចិនផងដែរ។
សូមបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ លោក Zelensky បានស្នើសុំឱ្យលោក Xi ជួបពិភាក្សាជាមួយលោកម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ។ ម្យ៉ាងវិញទៀត លោក Xi ក៏ត្រូវបានពិភពលោកខាងលិចមើលឃើញថា ជាអ្នកអនុគ្រោះដល់ប្រទេសរុស្ស៊ីបន្ទាប់ពីការឈ្លានពានយ៉ាងឃោរឃៅទៅលើអ៊ុយក្រែនផងដែរ៕