ប្រធានា​ធិបតី​អាមេរិកលោក ចូបៃ ដិន (Joe Biden) កាលពី​ថ្ងៃសុក្រ​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​លើកលែង​ទោស​ដល់​អ្នកកាសែត​ជនជាតិ​អាមេរិក​លោក Even Gershkovich បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​នៅទី​ក្រុង​ម៉ូស្គូ ពី​បទ​ចារកម្ម​ក្នុង​ផល​ប្រយោជន៍​នៃ​ប្រទេស​របស់​ខ្លួន។ ​នេះបើយោងតាម​ការដក​ស្រង់​​សម្តី​ចេញ​ពីភ្នាក់ងារ​ស៊ើបអង្កេត FSB របស់​ទី​ភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS។

ការចាប់ខ្លួន​អ្នកកាសែត​ដែលបម្រើការងារ​នៅ​ស្ថាប័ន The Wall Street Journal នេះ​ផ្ទុះឡើង​ពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមជាមួយ​ការកំណត់​ចំនួន​ព័ត៌មាន​ដែលត្រូវ​ចុះផ្សាយ​ពីសំណាក់​រដ្ឋាភិបាល​រុស្ស៊ី ដែលធ្វើ​ឱ្យ​ករណី​នេះ​ទទួលបាន​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់ក្រុម​សិទ្ធិមនុស្ស ជាពិសេស​មន្ត្រី​រដ្ឋាភិបាល​នៅទី​ក្រុង​វ៉ាស៊ីនតោន ដោយពួកគេ​មើល​ឃើញថា វាគឺជាការ​បញ្ឈប់​សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន​របស់​ប្រទេស​ខ្លួន។

ថ្លែង​តាមការដកស្រង់​របស់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS បានឱ្យដឹង​ថា​លោក Gershkovich បាន​បដិសេធ​រាល់​ការចោទ​ប្រកាន់​ទាំងអស់។

កាលពី​ថ្ងៃសុក្រ​នេះ មេដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លោក Chuck Schumer និង​មេដឹកនាំ​គណបក្សសាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​អាមេរិក​លោក Mitch McConnell បាននិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដ៏កម្រ​មួយ​ថា ៖«យើង​ថ្កោល​ទោសយ៉ាងដាច់​អហង្ការ​ចំពោះ​ការឃុំឃាំង​ដោយ​ខុស​ឆ្គង​លើ​ពលរដ្ឋ​អាមេរិក ជាពិសេស​អ្នករាយការណ៍​ព័ត៌មាន Wall Street Journal លោក Evan Gershkovich ហើយ​ទាមទារ​ឱ្យ​មានការ​ដោះលែង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ដែល​ល្បីល្បាញ​នេះ​ជាបន្ទាន់»។

អ្នក​ទាំងពីរ​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ដែរថា ការចាប់ខ្លួន​អ្នក​សារព័ត៌មាន​រូប​នេះ​ពី​សំណាក់​រដ្ឋា​ភិបាល​រុស្ស៊ី គឺជាការ​គំរាមកំហែង ការគាប​សង្កត់ និង​ដាក់​ទណ្ឌកម្ម​អ្នក​សារព័ត៌មាន​ឯករាជ្យ និង​សំឡេងសង្គម​ស៊ីវិល។

សូម​ជម្រាប​ផងដែរ​ថា ការចាប់​ខ្លួន​លោក Gershkovich បាន​បង្ក​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ចំពេល​សម្ព័ន្ធមិត្ត​រវាង​ប្រទេស​ទាំងពីរ​កំពុង​ស្ថិត​ក្នុង​សភាព​ទន់ខ្សោយ ដោយ​សារ​សង្គ្រាមរវាង​រុស្ស៊ីនិង​អ៊ុយក្រែន៕