អតីត​សមាជិក​សភា​ប្រទេស​ឥណ្ឌា​ លោក Atiq Ahmed ​និង​បង​ប្រុស​របស់​លោក​ គឺលោក ​Ahfred Ahmed ត្រូវបាន​ខ្មាន់កាំ​ភ្លើង​បាញ់​សម្លាប់​អំឡុង​ពេល​ប៉ូលិស​កំពុងនាំ​ខ្លួនទៅ​ពិនិត្យ​សុខភាព​មុន​ពេល​ចាប់យក​ទៅ​ឃុំឃាំង​ក្រោម​បទ​ចាប់ជំរិត ​កាល​ពី​ថ្ងៃសៅរ៍​ទី ១៥ ​ខែ​មេសា ឆ្នាំ​ ២០២៣។ 

ខ្សែរ​វីដេ​អូដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ ត្រូវបាន​ចែក​ចាយ​ពេញ​បណ្តាញ​សង្គម​ដោយ​ក្នុងនោះ​ត្រូវ​បាន​គេមើលឃើញថា​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ឈរនៅ​ជិត​ប៉ូលិស​ និង​បាន​បាញ់​ចំ​ក្បាល​របស់​អ្នក​ទោស​ទាំង ​២​ ដែល​បណ្តាលឱ្យ​ពួកគេ​បាត់បង់ជីវិ​តភ្លាមៗ​នៅកន្លែង​កើតហេតុ។​ 

យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បានឱ្យ​​ដឹងថា​ជន​ដៃដល់​មាន​គ្នា​ ៣​ នាក់​និង​បាន​បន្លំខ្លួន​ធ្វើជា​អ្នក​កាសែត​ដើម្បី​ចូល​ទៅទីនោះ។​ស្រប​ពេល​ជា​មួយគ្នានោះដែ​រស​មត្ថ​កិច្ចចាប់​បាន​ជន​សង្ស័យ​ម្នាក់​ភ្លាមៗ​និង​២ នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​។ ​​

ក្រោយ​ការ​ធ្វើឃាត​ទៅលើ​បុរស​ទាំង២​នេះ​រដ្ឋាភិបាល​នៃ​រដ្ឋ​ Uttar Pradesh ​ប្រទេស​ឥណ្ឌា​បាន​ចេញ​សេ​ចក្តី​ប្រកាស​រារាំង​ការ​ប្រមូល​ផ្តុំគ្នាជា​ហ្វូង​ដោយ​លោក​បារម្ភពី​ការ​កើន​ឡើង​នៃ​ចលាចល​និង​អំពើ​ហិង្សា​នៅ​ទូទាំង​រដ្ឋ​ទាំងមូល។ 

ក្នុងនោះ​ផងដែ​រមន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា៖ ​«រដ្ឋាភិបាល​បានដាក់​បញ្ជា​រឹ​តបន្តឹង​បន្ទាប់​ពី​កា​រ​សម្លាប់​លោក ​Atiq Ahmed ​និង​លោក​ Ashraf Ahmed​ ដែលជា​សមាជិក​នៃក្រុម​ម៉ាហ្វី​យ៉ា​ដ៏​ធំ​ដែល​ពាក់ព័ន្ធនឹង​ការ​រំលោភ​ដីធ្លី​និង​ក្នុង​សំណុំរឿង​ឃាតកម្ម»​ ។

លោក​បាន​បន្ថែម​ទៀតថា៖​ «យើង​មិនចង់​ឱ្យ​ទម្រង់​នៃ​ការ​តវ៉ា​ណាមួយ​ក្លាយ​ទៅជា​ភាព​វឹកវរ​ចលាចល​នោះទេ​»។ 

គួរឱ្យ​ដឹងផង​ដែរថា ​កាល​ពី​សប្តាហ៍​មុន​ក្រុម​ប៉ូលិស​បាន​សម្លាប់​កូន​ប្រុស​របស់​លោក ​Atiq Ahmed ក្នុង​ទីក្រុងJhansi ​ជុំវិញ​ករណី​ឃាតកម្ម​និង​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​ឧក្រិដ្ឋកម្ម​ម៉ាហ្វីយ៉ា​ដែល​កំពុង​មាន​ប្រ​តិបត្តិការ​យ៉ាង​ធំ​នៅ​ក្នុង​រដ្ឋ​ Uttar Pradesh​។

 

សូម​រំឭក​ផងដែរ​ថា​កាលពី៦​ឆ្នាំ​មុន​ប៉ូលិស​ឥណ្ឌា​បាន​បាញ់​សម្លាប់ក្រុម​ឧក្រិដ្ឋកម្ម​ជាង​១៨០នាក់​អំឡុង​ពេ​ល​ពេលប៉ះ​ទង្គិច​គ្នា​មួយ។

 

ប្រធាន​គណបក្ស​ប្រឆាំង ​Samajwadi ​លោក ​Akhilesh Yadav ​បាន​រិះគន់​ការ​បាញ់សម្លាប់​អតីត​សមា​ជិក​សភាថា​ជា​ការ​បរាជ័យ​របស់​គណបក្ស​កាន់​អំណាច​Bharatiya Janata ក្នុងការ​នាំ​យក​ច្បាប់​និង​សណ្តាប់​ធ្នាប់​ជូន​ទៅដល់​ប្រជាពល​រដ្ឋ​ក្នុង​រដ្ឋ Uttar Pradesh​៕