សកម្មជន​ប្រឆាំងនឹង​រដ្ឋាភិបាល​រុស្សីលោក ​Vladimir Kara ​Murza ​កាលពី​ថ្ងៃទី១៧ ​ខែមេសា​ ត្រូវ​បាន​កា​ត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២៥ ឆ្នាំ​ និង​ពិន័យជា​ទឹក​ប្រាក់​ជាង​ ៤ ០០០ ​ដុល្លារ ​ក្រោយ​កា​ររិះគន់​របស់​ខ្លួនទៅ លើ​សង្គ្រាម​លុកលុយ​អ៊ុយក្រែន។​ 

អតីត​អ្នកកាសែត​និង​អ្នក​នយោបាយ​ជនជាតិ​រុស្សី-​អង់គ្លេស​ លោក​ Kara Murza ​អាយុ ​៤១​ ឆ្នាំ​ជា​គូ​ប្រជែ​ង​ជា​មួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ ​ពូទីន​ ត្រូវបាន​ចោទ​ប្រកាន់ពី​បទក្បត់​ជាតិ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពីក​ងទ័ព​រុស្សី​និង​ជាប់ពាក់​ព័ន្ធអង្គការ​បរទេស​ខាងក្រៅ។ ​កាល​ពី​សប្តាហ៍​មុន ​លោក​បាន​បង្ហោះសារ​ជា​សុន្ទរកថា ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយថា ៖ «​ខ្ញុំ​ដឹង​ថា​ថ្ងៃ​ណាមួយ​ភាព​ងងឹត​ដែល​លេប​ត្រ​បាក់​ប្រទេស​របស់​យើង​នឹង​បាន​ធូរស្រាល​។សង្គម​របស់​យើង​នឹង​បើក​ភ្នែក​ឡើងវិញ​ហើយ​ពិចារណា​ទៅលើ​ឧក្រិដ្ឋកម្ម​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត»។​

ការកាត់​ទោស​រយៈពេល ​២៥ ឆ្នាំ ​របស់​លោក Kara​ គឺជា​ទោស​រយៈ​ពេល​វែង​បំផុត​មួយ​ បើប្រៀបធៀប​ទៅនឹ​ង​សកម្មជន​ដទៃទៀត​ ដែល​បាន​ចាប់ខ្លួន​ចាត់តាំង​ពី​សង្គ្រាម​អ៊ុយក្រែន​ បាន​ចាប់ផ្តើម។​ ​

ការកាត់​ទោស​ដ៏តឹង​តែង​នេះ ជា​សញ្ញា​មួយ​ដែល​កំពុង​បង្ហាញពី​សកម្មភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី នា​ពេល​បច្ចុប្បន្ននេះ​ ដែល​អាជ្ញាធរ​មិនត្រឹម​តែ​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​បំបិទមាត់​អ្នក​រិះគន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​ព្យាយាម​លុប​បំបាត់​នូវអ្វីៗ​ទាំងអស់ ​ដែលពួកគេ​ជឿថា ​ផ្តល់ការ​គំរាមកំហែង​ដល់​ប្រព័ន្ធន​យោបាយ​ផងដែរ។​

​ក្នុង​អំឡុង​ពេល​សវនាការ​លើលោក ​Kara មាន​សារព័ត៌មាន​បរទេស​យ៉ាងច្រើន​រួមមាន ​BBC​ ផង​ដែរ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ទេ​ ដោយ​អាជ្ញាធរ​រុស្ស៊ី ​កំណត់​ត្រឹមតែ​អ្នកកាសែត​មួយ​ចំនួន​តូច​របស់រ​​ដ្ឋា​ភិបាល​​រុស្ស៊ី និង​ក្រុម​គ្រួសារ​របស់​ចុងចោទ​ប៉ុណ្ណោះ ​ដែលបាន​អនុញ្ញាត​ឱ្យ​ចូល​សវនាការ។​

ផ្ទុយ​ទៅវិញ​អ្នក​យកព័ត៌មាន ​និង​ឯក​អគ្គ​រដ្ឋទូត​បរទេស​បាន​ប្រមូល​ផ្តុំគ្នានៅ​ក្នុង​បន្ទប់​ដាច់ដោយ​ឡែកមួយ​ដើម្បី​មើល​ដំណើរ​ការ​កាត់ក្តី​តាម​រយៈ​កញ្ចក់​ទូរទស្សន៍។​ 

មេធាវី​របស់​លោក ​Kara​ អ្នកនាង​ Maria Eismon​ បាន​ប្រាប់ទៅដល់​អ្នកសារព័ត៌មាន​ នៅខាង​ក្រៅ​តុលាកា​រ​ថា ​ការ​កាត់ទោស​ទៅលើ​លោក ​Kara ​ពិតជា​គួរឱ្យ​ខ្លាច​ហើយ​បាន​បន្ថែម​ទៀតថា​ លោក​ Kara Murza ​នឹង​ទទួល​ខុសត្រូវទៅ​លើអ្វី​ដែលខ្លួន​បាន​ប្រព្រឹត្ត។​ ​

សូម​រំឭ ក​ផងដែរថា​លោក ​KaraMurza​ ធ្លាប់​បាន​ដើរតួយ៉ាង​សំខាន់​ក្នុងកា​របញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​លោក​ខាងលិច​ឱ្យដាក់​ទណ្ឌកម្ម​មន្ត្រីរុស្ស៊ី​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​និង​អំពើ​ពុក​រលួយ។​​​

សូម​បញ្ជាក់​ថា​ លោក ​Kara-Murza​ ជា​សកម្មជន​ម្នាក់ដែល​មកពី​គ្រួសារ​អ្នក​ប្រឆាំង​សូវៀត​ដ៏​ល្បីល្បាញ​មួយ។ ​គាត់​បាន​ចាប់ផ្តើម​អាជីពជា​អ្នក​សារព័ត៌មាន ​មុនពេល​ក្លាយជា​ទីប្រឹក្សា​របស់លោក​ Boris Nemtsov ដែលជា​មេដឹកនាំ​​បក្សប្រឆាំង ​និងជា​អ្នក​នយោបាយ​ដ៏​លេចធ្លោ​ម្នាក់​ទៀតរ​បស់​រុស្ស៊ី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅទី​ក្រុងម៉ូស្គូ​ ក្នុង​ឆ្នាំ២០១៥​៕