
លោកស្រី ZalihaKustafa រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី។ Telegram
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោកស្រី Zaliha Kustafa កាលពីថ្ងៃពុធបានធ្វើការណែនាំឱ្យប្រជាពលរដ្ឋកំណត់រយៈពេល នៅខាងក្រៅនិងពាក់ម៉ាស់ ដើម្បីការពារពីជំងឺ ខណៈពេលដែលប្រទេសកំពុងជួបប្រទះអាកាសធាតុក្តៅខ្លាំងរួមជាមួយនិងកំណើននៃអ័ព្ទផ្សែងបំពុល។
ថ្លែងនៅក្នុងសេចក្តីរាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី១៩ខែមេសាលោកស្រី Zaliha បាននិយាយថា៖«នៅពេលនេះ ប្រទេសរបស់យើង កំពុងទទួលរងនូវអាកាសធាតុក្តៅ ដែលប៉ះពាល់ដល់គុណភាពខ្យល់ និងសីតុណ្ហភាពព័ទ្ធជុំវិញនៅក្នុងតំបន់មួយចំនួន»។លោកស្រីក៏បានណែនាំសារធារណជនឱ្យបិទទ្វារ និងបិទបង្អួចដើម្បីការពារផ្សែងបំពុលចូលទៅក្នុងផ្ទះព្រមទាំងចៀស វាងការជក់បារីនិងសារធាតុទាំងឡាយណាដែលអាចបង្កឱ្យទៅជាខ្យល់មិនល្អផងដែរ។
មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងផ្ទះនិងពេលបើកបរនិងផឹកទឹកយ៉ាងតិច ៨ កែវក្នុង១ ថ្ងៃដើម្បីរក្សាកម្រិតជាតិទឹកក្នុងខ្លួន។
វេជ្ជបណ្ឌិត Zaliha ក៏បានជំរុញឱ្យសាធារណជនងូតទឹកឱ្យបានញឹកញាប់និងចៀស វាងការស្លៀកពាក់សម្លៀកបំពាក់ក្រាស់តឹងពេកនិងពណ៌ងងឹត។
ដោយគិតត្រឹមម៉ោង៤រសៀលកាលពីថ្ងៃពុធតំបន់ទាំង៦៨នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានរាយការណ៍ថាកម្រិតមធ្យមនៃខ្យល់បំពុលមានចន្លោះពី៥១ទៅ១០០។រីឯតំបន់ទាំង១១ផ្សេងកំពុងស្ថិតនៅក្នុងស្ថានភាពអាសន្ននៃការមកដល់របស់ខ្យល់បំពុល។
សូមជម្រាបថាកាលពីថ្ងៃសៅរ៍សប្តាហ៍មុនរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិបរិស្ថាននិងការប្រែប្រួលអាកាសធាតុលោក Nik Nazmi Nik Ahmad បានធ្វើការបកស្រាយនៅក្នុងសេចក្តីរាយការណ៍មួយថា អ័ព្ទគឺបណ្តាលមកពីភ្លើងឆេះព្រៃនិងការដុតសមាសធាតុចេញពីតំបន់នីមួយៗនៅក្នុងប្រទេស។
ម្យ៉ាងវិញទៀតផ្សែងបំពុលនេះមិនមែនកើតឡើងតែក្នុងប្រទេសម៉ាឡេស៊ីតែប៉ុណ្ណោះទេប៉ុន្តែតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានក៏កំពុងជួបប្រទះបញ្ហាដូចគ្នាដែរ៕