រដ្ឋមន្ត្រីការបរទេសចិនលោក ឈីន ហ្គាំង (Qin Gang) បាននិយាយនៅថ្ងៃសុក្រ ទី២១ មេសានេះថាផ្នែកទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់គឺជាកម្មសិទ្ធិរបស់ចិន ហើយថាវាជារឿងត្រឹមត្រូវ និងសមរម្យសម្រាប់ទីក្រុងប៉េកាំងក្នុងការថែរក្សាអធិបតេយ្យភាពរបស់ខ្លួន។
លោក ឈីន បានលើកឡើងបែបនេះនៅឯវេទិកា “Lanting” ក្នុងទីក្រុងសៀងហៃជាកន្លែងដែលលោកបានជជែកពិភាក្សាអំពីប្រធានបទជាច្រើនមានតាំងពីបញ្ហាបំណុល សេដ្ឋកិច្ចពិភពលោក និងសំណុំរឿងតៃវ៉ាន់។
លោកបាននិយាយថា៖ “ថ្មីៗនេះ មានការលើកឡើងមិនសមហេតុផលដែលចោទប្រកាន់ចិនថាជាអ្នកធ្វើឱ្យស្ថានភាពបច្ចុប្បន្នច្របូកច្របល់ រំខានដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ “ពាក្យសម្តីនេះមិនទំនងទាល់តែសោះ ហើយជាការសន្និដ្ឋានគ្រោះថ្នាក់”។
សម្រាប់លោករដ្ឋមន្ត្រីការបរទេសចិន គឺកងកម្លាំងបំបែកខ្លួនឯករាជ្យរបស់តៃវ៉ាន់ និងប្រទេសមួយចំនួនផ្សេងទៀតទៅវិញនោះទេដែលព្យាយាមបង្អាក់រំខានដល់ស្ថានភាពបច្ចុប្បន្ន។ លោកបានសង្កត់ធ្ងន់ទៀតថាអ្នកដែលលេងភ្លើងក្នុងសំណុំរឿងតៃវ៉ាន់ នៅទីបំផុតទៅនឹងឆេះខ្លួនឯងជាមិនខានឡើយ។
គួរជ្រាបថា កាលពីពេលថ្មីៗនេះ ប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ នៅបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន បានវិលត្រឡប់មកដល់ទីក្រុងតៃប៉ិវិញក្រោយបានចូលរួមក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Los Angeles ជាមួយនឹងប្រធានសភាតំណាងសហរដ្ឋអាមេរិកលោក Kevin McCarthy។
ចិនដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន តែងតែថ្កោលទោសចំពោះរាល់កិច្ចប្រជុំកម្រិតខ្ពស់រវាងមេដឹកនាំនិងមន្ត្រីបរទេសជាមួយនឹងថ្នាក់ដឹកនាំតៃវ៉ាន់៕