ទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃចន្ទ ទី ២៤ មេសានេះថា ចិនគោរពឋានៈជារដ្ឋអធិបតេយ្យនៃបណ្តាប្រទេសអតីតសហភាពសូវៀតទាំងអស់។ ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំប្រទេសបារាំងបានបង្កឱ្យមានការផ្ទុះកំហឹងនៅអឺរ៉ុបដោយការចោទជាសំណួរអំពីអធិបតេយ្យភាពរបស់ប្រទេសទាំងនោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង(Mao Ning)បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ប្រទេសចិន គោរពឋានៈជារដ្ឋអធិបតេយ្យរបស់បណ្តាប្រទេសអតីតសូវៀត បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត»។
គួរបញ្ជាក់ជូនថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំងលោក លូហ្សេ (Lu Shaye)កាលពីសប្តាហ៍មុនបានបង្កឱ្យមានការខឹងសម្បានៅទូទាំងអឺរ៉ុបបន្ទាប់ពីលោកបានលើកឡើងថាប្រទេសដែលកកើតក្រោយការដួលរលំនៃសហភាពសូវៀតគ្មានស្ថានភាពសមស្របក្រោមច្បាប់អន្តរជាតិទេពីព្រោះថាមិនមានកិច្ចព្រមព្រៀងអន្តរជាតិណាមួយបញ្ជាក់ពីឋានៈរបស់ពួកគេជាប្រទេសអធិបតេយ្យឡើយ។
លោក ហ្សូសេពបូរែល ប្រមុខការទូតអឺរ៉ុប បាននិយាយថាការលើកឡើងរបស់មន្ត្រីចិននេះជារឿងមិនអាចទទួលយកបានឡើយ។ លោកប្រមុខការទូតអឺរ៉ុប ថែមទាំងបានសរសេរនៅក្នុងសារធ្វីតដែរថា សហភាពអឺរ៉ុបគ្រាន់តែអាចគិតថាការប្រកាសបែបនេះ មិនតំណាងឱ្យគោលនយោបាយផ្លូវការរបស់ប្រទេសចិនឡើយ។
ចំណែកទីក្រុងប៉េកាំងវិញ នៅថ្ងៃចន្ទនេះបានបង្ហាញពីជំហរមិនជាប់ពាក់ព័ន្ធនឹងការកត់សម្គាល់របស់លោកលូ ឡើយ ហើយស្របពេលជាមួយគ្នានេះចិនក៏បានការពារគោលជំហរអព្យាក្រឹតរបស់ខ្លួនទាក់ទងនឹងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនផងដែរ៕