​រដ្ឋាភិបាល​របស់​ប្រទេស​កាណាដា​កាលពី​ថ្ងៃទី​​ ២៤ ខែ​មេសា ​បាន​និយាយថា ខ្លួន​នឹងដាក់​ចេញ​នូវ​ច្បាប់​អន្តោប្រវេសន៍ ថ្មី​មួយ​ដើម្បី​គាំទ្រ​ជនភៀសខ្លួន​ពី​ប្រទេស​ស៊ូដង់​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​កាណាដា​ ជា​បណ្តោះអាសន្ន ដោយសារ​ស្ថានភាព​នៅក្នុង​ប្រទេស​កាន់​តែ​អាក្រក់​ទៅៗ​។  

​ចាប់តាំងពី​ថ្ងៃទី​ ១៥ ខែមេសា មក​ប្រទេស​ស៊ូដង់ កំពុងស្ថិត នៅក្នុង​សមរភូមិ​ប្រយុទ្ធ​គ្នា​ដ៏​ធំ​មួយ​រវាង​កងកម្លាំង​ប្រដាប់​អាវុធ​របស់ខ្លួន និង​ក្រុម​ទា​ហាន​ប៉ា​រ៉ា Rapid Support Forces ឬ​ហៅ​កាត់​ថា RSF​។​ជា​លទ្ធផល​ការប្រយុទ្ធ​គ្នា​នេះ បាន​បណ្តាលឱ្យ​មនុស្ស​រាប់រយ​នាក់​បាត់បង់​ជីវិត ហេ​ដ្ឋា​រចនា​សម្ព័ន្ធ និង​សេវាកម្ម​ជាច្រើន ត្រូវបាន​បំផ្លាញ និង​បាន​កែប្រែ​តំបន់​លំនៅឋាន​ប្រជាជន ឱ្យទៅជា​តំបន់​សង្គ្រាម​។​

យោងតាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​រដ្ឋាភិបាល​កាណាដា បានឱ្យដឹងថា វិធាន​ការ​ថ្មី​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​បន្ទាប់ពី​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​កាណាដា លោក Sean Fraser ដោយ​អនុញ្ញាតឱ្យ​ជនជាតិ​ស៊ូដង់​ស្នើ​សុំ​ការស្នាក់អាស្រ័យ​ជា​បណ្តោះ​អាសន្ន​ក៏ដូចជា​នឹង​ទទួលបាន​សិទ្ធិ​ក្នុងការ​សិក្សា​ធ្វើការ​ឬ​ទៅលេង​ក្រុមគ្រួសារ​ដោយ​មិនចាំបាច់​បង់ថ្លៃ​សេវា​ធ្វើ​ដំណើរ​។​ 

​ម្យ៉ាងវិញទៀត​សម្រាប់​ជន​ជាតិ​កាណាដា​ដែល​កំពុង​ស្ថិតនៅ​ក្នុងប្រទេស​ស៊ូដង់ ឬ​ចូល សញ្ជាតិ​ជា​ប្រជាជន​ស៊ូដង់​រដ្ឋាភិបាល បាន​លើកឡើងថា ពួកគេ​ទទួលបាន​អាទិភាព​ជាធំ​ដោយ​មិនចាំបាច់​ស្នើសុំ​ដាក់ពាក្យ​ត្រឡប់ទៅផ្ទះ​វិញ​នោះឡើយ​។ មន្ត្រី​នៃ​ប្រទេស​កា​ណា​ដា ក៏បាន​បន្ថែម​ទៀតផង​ដែរ​ថា ខ្លួន​នឹង​លើកលែង​ថ្លៃ​លិខិតឆ្លងដែន និង​ថ្លៃ​ឯកសារ​ធ្វើដំណើរ​អចិ​ន្រៃ្ត​យ៍​សម្រាប់​ពលរដ្ឋ និង​អ្នករស់នៅ​អចិ​ន្រៃ្ត​យ៍​នៃ​ប្រទេស​កាណាដា​ក្នុងប្រទេស​ស៊ូដង់​ដែលមាន​បំណង​ចង់​ចាកចេញ​។​

​សូមបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋអាមេរិក បាន​និយាយថា ក្រុម​ទាហាន ដែល​កំពុង​ធ្វើសង្គ្រាម​នៅក្នុង​ប្រទេស​ស៊ូដង់​មិន​យល់ព្រម​គោរព​តាម​សេចក្តី​ព្រមព្រៀង​ឈប់​បាញ់​រយៈពេល ​៧២​ ម៉ោង​នោះទេ ខណៈពេលដែល​ប្រទេស​លោកខាងលិច​អារ៉ាប់ និង​អាស៊ី កំពុង​នាំគ្នា​សម្រុក​ជម្លៀស​ពលរដ្ឋរ​បស់​ខ្លួន​ចេញពី​ទីនោះ​។​

​ជាមួយគ្នា​នោះដែរ ប្រទេស​កាណាដា​នឹង​ផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​ក្នុងប្រទេស​ស៊ូដង់​ហើយ​សម្រាប់​អ្នកការ​ទូត នឹងត្រូវ​បំពេញការងា​រ​ជាធម្មតា​នៅក្នុង​ទីតាំង​ណាមួយ​ដែលមាន​សុវត្ថិភាព​ខាងក្រៅ​ប្រទេស​៕