
រូបភាពដែលត្រូវបានថតនៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២២ បង្ហាញពីការបាញ់បង្ហោះរ៉ុក្កែត SubOrbital Express 3 ពីមជ្ឈមណ្ឌលអវកាស Esrange នៅតំបន់Jukkasjärvi ភាគខាងជើងប្រទេសស៊ុយអែត។AFP
រ៉ុក្កែតស្រាវជ្រាវរបស់ក្រុមហ៊ុន Sweden Space Corp ឬហៅកាត់ថា SCC ដែលបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Esrange នៃភាគខាងជើងប្រទេសស៊ុយអ៊ែត បានធ្លាក់មកលើផែនដីក្នុងចម្ងាយ ១៥ គីឡូម៉ែត្រពីតំបន់ប្រជុំជនប្រទេសន័រវែស កាលពីថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២៣។
យោងតាមកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានរ៉យទ័ររវាងប្រធានផ្នែកទំនាក់ទំនងនៅ SSC លោក Philip Ohlsson បានឱ្យដឹងថាគ្រាប់រ៉ុក្កែត បានធ្វើការហោះហើររហូតដល់កម្ពស់២៥០គីឡូម៉ែត្រពីដីដើម្បីស្រាវជ្រាវពីទំនាញផែនដីប៉ុន្តែជាចៃដន្យវាបានធ្លាក់ចុះមកផែនដីវិញចំពីលើភ្នំមួយរបស់ប្រទេសន័រវេសក្នុងកម្ពស់ ១ ០០០ ម៉ែត្រនិងចម្ងាយជាង ១០ គីឡូម៉ែត្រពីទីលំនៅរបស់ប្រជាជន។
លោក ក៏បានបន្ថែមទៀតផងដែរថាលោកនឹងផ្តល់ដំណឹងដល់រដ្ឋាភិបាលស៊ុយអ៊ែតនិងន័រវែស និងទទួលខុសត្រូវទៅលើហេតុការណ៍មួយនេះបូករួមជាមួយនឹងការស៊ើបអង្កេត ដើម្បីប្រមូលព័ត៌មានលម្អិត នៅពីក្រោយការបរាជ័យរបស់បច្ចេកទេសផ្លូវហោះហើររបស់ខ្លួន។
សូមបញ្ជាក់ផងដែរថាមកទល់នឹងពេលនេះអាជ្ញាធរអាកាសចរណ៍ស៊ីវិលន័រវែសនៅមិនទាន់បានឆ្លើយតបជុំវិញបញ្ហានេះនៅឡើយទេ។ស្របពេលជាមួយគ្នាផងដែរក្រសួងការបរទេសន័រវែស បាននិយាយថា ខ្លួនក៏នៅមិនទាន់បានដឹងថាតើមានការខូចខាតអ្វីដល់តំបន់នៅជុំវិញនោះផងដែរដោយសារSCCនិយាយថា គ្រាប់រ៉ុក្កែតធ្លាក់នៅឆ្ងាយពីតំបន់ប្រជុំជនរបស់ខ្លួន៕