ក្រុមប៉ូលិស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា ខ្លួននឹង​បើក​ការស៊ើប​អង្កេត​ឱ្យកាន់តែ​ខ្លាំង​ទៅលើ​ជន​សង្ស័យ​ស្រី្ត​ម្នាក់​ដែលបាន​ពាក់ព័ន្ធ​ក្នុង​ករណី​សម្លាប់​មិត្តភក្តិ និង​អ្នកស្គាល់​គ្នា ចំនួន ១៣ នាក់ ដោយការដាក់​ថ្នាំ​បំពុល​សារធាតុ​ម្យ៉ាង​ហៅ​ថា (cyanide) ចូល​ទៅក្នុង​ចំណី​អាហារ​របស់​ពួកគេ។

យោងតាម​ការស៊ើប​អង្កេត​របស់​ប៉ូលិស​ថៃ​បានឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ Sararat Rangsiwuthaporn ត្រូវជា​ភរិយា​របស់​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់ ហើយហេតុផល​នៅពីក្រោយ​ការសម្លាប់​នេះ​ប៉ូលិស​ជឿ​ថាដោយសារ​នាង​កំពុង​ជួបប្រទះ​បញ្ហា​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ។ នាងក៏​ត្រូវបាន​គេសង្ស័យ​ពីការ​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដាក់​ថ្នាំ​បំពុល​ចំនួន ០៩ នាក់ ដែលបាន​កើត​ឡើង​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​នេះ​ផងដែរ។

អគ្គស្នងការរង​នគរបាល​ជាតិ​លោក Surachate Hakparn បាននិយាយ​ថា ការស្លាប់​ដ៏គួរ​ឱ្យ​សង្ស័យ​ចំនួន ១៣ នាក់ នេះកើត​ឡើង​ចាប់តាំង​ពី​ឆ្នាំ ២០២០ មក​ម្ល៉េះ។ លោកបាន​ប្រាប់​អ្នកយកព័ត៌មាន​នៅទីក្រុង​បាងកក​ថា ៖«នាង​ត្រូវ​បាន​គេ​សង្ស័យ​ពីការជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​នេះ»។

ក្រុមគ្រួសារ​របស់​ជនរង​គ្រោះ​បាន​ដាក់​ការសង្ស័យ​ទៅ​លើ Sarat ក្រោយការ​ស្លាប់​របស់​កូនស្រី​ខ្លួន​នៅក្នុង​ដំណើរ​កម្សាន្ត​ជុំ​មិត្តភក្តិ កាលពី​ដើមខែ​នេះ។ ដោយក្នុង​នោះផង​ដែរ ប៉ូលិស​បានរក​ឃើញ​សារធាតុ​ញៀន​ម្យ៉ាង​ហៅ​ថា (cyanide) នៅក្នុង​ផ្ទះ​របស់​នាង ដែលត្រូវបាន​ប្រើប្រាស់​នៅក្នុង​ភេសជ្ជៈ​របស់​ជនរង​គ្រោះ។ យ៉ាងណាមិញ Sararat បានធ្វើ​ការបដិសេធ​រាល់ការ​ចោទប្រកាន់​ទាំងឡាយ ហើយ​ប៉ូលិស​ថៃ​វិញក៏បាន​បដិសេធ​ដូចគ្នា​ដោយមិនឱ្យ​មានការធានា​ដោះលែងខ្លួន​នាង​ឡើយ។

សូមបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា កាលពី ២ សប្តាហ៍​មុន មាន​ករណី​ដួលស្លាប់​ដោយសារ​ការបំពុល​ពី​សារធាតុ (cyanide) ស្ថិតលើ​ច្រាំង​ទន្លេ Mae Klong ក្នុង​ពិធី​បុណ្យ​ព្រះពុទ្ធសាសនា នៅភាគខាង​លិច​ខេត្ត Ratchaburi ដែល​ជនរងគ្រោះ​ត្រូវជា​មិត្តភក្តិ​របស់​ជន​សង្ស័យ។

ក្រុមប៉ូលិស​ថៃ ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាក់ទង​ទៅ​សមត្ថកិច្ច​ភ្លាមៗ ប្រសិនបើ​គេជួប​ប្រទះករណី​បំពុល ឬដឹងព័ត៌មាន​ណាមួយ​អំពី​ជន​សង្ស័យ៕