ក្រុម​មន្ត្រី​ឥណ្ឌូនេ​ស៊ី​ បាន​​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​បាន​ជួយ​សង្គ្រោះ​ជន​ជាតិ​ឥណ្ឌូនេស៊ីចំនួន​ ២០ នាក់​ ដែល​ត្រូវ​​​គេ​​ជួញ​ដូរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​​​ដើម្បី​ឱ្យ​ធ្វើ​ការ​ក្នុង​ប្រតិបត្តិការ​​ឆបោក​តាម​អ៊ី​ន​ធឺណិត​​ នៅ​ពេល​ដែល​ករណី​ជួញ​ដូរ​មនុស្ស​នៅ​​តំបន់​អាស៊ី​អាគ្នេយ៍​កើន​ឡើង​។

​ក្រសួង​ការ​បរទេស​ឥណ្ឌូនេ​ស៊ី​​ បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ ស្ថាន​ទូត​ឥណ្ឌូនេ​ស៊ី​ប្រចាំ​ទី​ក្រុង​​យ៉ាំង​ហ្គោន​ ​ក្រោម​ជំនួយ​​នៃ​បណ្តាញ​ក្នុង​ស្រុក​មីយ៉ាន់ម៉ា​ បាន​គ្រប់​គ្រង​ការ​ជួយសង្រ្គោះ​​​ជន​រង​គ្រោះ​ទាំង​អស់​នោះ​​ចេញ​ពី​ក្រុង​​ ​Myawaddy នៃ​រដ្ឋ​ Kayin State ដែល​​នៅ​ជាប់​ព្រំដែន​ថៃ​ ហើយ​នាំ​ពួក​គេ​ទៅ​កាន់​ប្រទេស​​ថៃ​កាល​ពី​ថ្ងៃ​សៅរ៍​។

​​​មន្ត្រី​​ក្រសួង​​ការ​​បរទេស​​ឥណ្ឌូនេស៊ី​​ម្នាក់​គឺ​លោក​ Judha Nugraha បាន​ឱ្យ​ដឹង​ថា​ ​ក្រុម​អ្នក​រើស​កម្មករ​ក្លែង​ក្លាយ ​បាន​សន្យា​​ផ្ដល់​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​​ដល់​​​ជន​ជាតិ​ឥណ្ឌូនេ​ស៊ី​ ប៉ុន្តែ​ជំនួស​មក​វិញ​ ជន​រង​គ្រោះ​ទាំង​នោះ​ ត្រូវ​បាន​គេ​​ដឹក​យក​ទៅ​ធ្វើ​ការ​នៅ​ទីក្រុង​ Myawaddy ដើម្បី​ឱ្យ​​ធ្វើ​ការ​បោក​ប្រាស់​តាមអ៊ីន​ធឺណិត​ ឬ​កម្ម​វិធី​ក្រីបតូ​ ឬ​កម្មវិធី​ទូរស័ព្ទ​ជា​ដើម​។

ការណ៍​នេះ​ បាន​បង្ករ​ជា​កំហឹង​ក្នុង​ប្រទេស​ឥណ្ឌូនេ​ស៊ី​ ​ក្រោយ​​មាន​ការ​ចែក​ចាយ​នូវ​វី​ដេអូ​​មួយកាល​ពី​ខែ​មុន​​ ដែល​បង្ហាញ​ពី​ជនរង​គ្រោះ​​​ឥណ្ឌូណេស៊ី​ម្នាក់​​​​អង្គុយ​ក្នុង​បន្ទប់​​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​​ ​ហើយ​​អង្វរ​សុំ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌូនេ​ស៊ី​​ជួយ​​សង្គ្រោះ​​ខ្លួន​ ដែល​រង​ការ​ធ្វើ​បាបលើ​រូប​រាង​កាយ​​ស្ទើរ​រាល់​ថ្ងៃ​។

​​

ជន​រង​គ្រោះ​នោះ ​និយាយ​ក្នុង​ខ្សែ​វីដេអូ​ថា​៖«​​​សូម​ជួយ​ពួក​យើង​​ត្រឡប់​ទៅ​​ឥណ្ឌូនេ​ស៊ី​វិញ​ផង​ ពី​ព្រោះ​ជី​វិ​ត​របស់​យើង​​នៅ​ទីនេះ​ពិត​ជា​វេទនា​ និង​រង​ការ​គំរាម​កំហែង​ខ្លាំង​ណាស់​​»​​ តាម​រយៈ​ការ​​​ធ្វើ​ទារុណកម្ម​រូប​កា​យ​​ដូច​ជា​ឆក់​ខ្សែ​ភ្លើង​ និង​ទណ្ឌ​កម្ម​លើ​រាយកាយ​ផ្សេង​ៗ​ទៀត​ នៅ​​​ពេល​ធ្វើ​ការ​ងារ​​មិន​​បាន​សម្រេច​​​គោលដៅ​​ជាក់​លាក់​។ ​​ជន​រង​គ្រោះ​បន្ត​ថា​ គ្រប់​គ្នា​ត្រូវ​បាន​គេ​ផ្ទេរ​ពី​ក្រុម​ហ៊ុន​មួយ​ទៅ​ក្រុម​ហ៊ុន​មួយ​ទៀត​ក្នុង​រយៈ​ពេល​ ៨ ខែ​កន្លង​មក​នេះ​ មុន​​គេ​ផ្ទេរ​ទៅ​ក្រុង​ Myawaddy ដែល​​នៅ​ជាប់​ព្រំដែន​ថៃ​។

​អាជ្ញាធរ​ បាន​​អះ​អាង​ថា​ ជន​រង​គ្រោះ​ទំនង​ជា​ត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​​តាម​មធ្យោបាយ​​ខុស​ច្បាប់​ដោយ​សារ​តែ​​គ្មាន​កំណត់​ត្រា​​​ចូល​​មីយ៉ាន់ម៉ា​ណា​មួយ​​ ​មាន​នៅ​ក្នុង​​​​​ប្រព័ន្ធ​អន្តោ​ប្រវេសន៍​របស់​មីយ៉ាន់ម៉ា​​។

​យ៉ាង​ណា​​ក៏​ដោយ​ ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ការ​ដោះ​លែង​​ជន​រង​គ្រោះ​ទាំង​ ២០នាក់​ ត្រូវ​បាន​ធានា​​ដោយ​របៀប​ណា​ ប៉ុន្តែ​​​អ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ លោក​Sandi Nugroho ​បាន​និយាយ​ថា​ ការ​ចរចា​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​ក្រុម​ហ៊ុន​ដែល​ជួល​ជន​រង​គ្រោះ​ទាំង​នោះ​។ ​

​បន្ថែម​ពី​លើ​នេះ​​ កាល​ពី​ថ្ងៃ​សុក្រ​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូនេ​ស៊ី​ លោក​ស្រី ​Retno Marsudi ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ ​រដ្ឋាភិបាល​​កំពុង​ធ្វើ​ការ​​ដើម្បី​​ជួយ​ដល់​ជន​រង​គ្រោះ​ឥណ្ឌូនេស៊ី​ ដែល​ជា​ជន​រង​គ្រោះ​នៃ​ការ​ឆបោក​តាម​អ៊ីនធឺណិត​​នៅ​មីយ៉ាន់ម៉ា​​ កម្ពុជា​ ថៃ​ វៀតណាម​ ឡាវ ​និង​ហ្វីលីពីន​៕ ​